ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបង និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញ ឧបភោគ បរិភោគ និងទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះ និងតូបលក់ទំនិញក្នុងផ្សារ ចំនួន២លើក ដោយរកឃើញមុខទំនិញដែលខូចគុណភាព និងហួសការកំណត់ប្រើប្រាស់ សរុបជិត១០០គីឡូក្រាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងក្នុងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបង និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញ ឧបភោគ បរិភោគ និងទំនិញវេចខ្ចប់ស្រាប់ តាមផ្ទះ និងតូបលក់ទំនិញក្នុងផ្សារ ចំនួន២លើក។

លើកទី១- នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងផ្សារសំពៅលូន ស្ថិតនៅភូមិត្រពាំងព្រលិត ស្រុកសំពៅលូន ចំនួន៦តូប រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា មីកញ្ចប់ ភេសជ្ជៈកំប៉ុង នំ និងគ្រឿងសម្អាង មួយចំនួន។

លើកទី២-នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅផ្សារហេង ថេង ពេជ្រចិន្តា ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ចំនួន៨តូប ៦ខ្នងផ្ទះ និងម៉ាត ចំនួន២កន្លែង រកមិនឃើញមានទំនិញខូចគុណភាព និងហួសកាលកំណត់ប្រើប្រាស់នោះទេ។

ជាមួយនេះ សមត្ថកិច្ចបានបន្តចុះត្រួតពិនិត្យហាងម៉ាត ចំនួន២កន្លែង និងផ្ទះលក់ទំនិញ ចំនួន២ផ្ទះ ស្ថិតនៅក្នុងស្រុកកំរៀង បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅហាងម៉ាតតេលា មួយកន្លែង ដូចជា ទឹកសេរ៉ូដប ទឹកដោះគោប្រអប់ មី នំកញ្ចប់ចម្រុះ មួយចំនួន។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចជំនាញ បានធ្វើការដកហូតទំនិញខូចគុណភាព និងហួសកាលកំណត់ប្រើ ប្រាស់សរុប ចំនួន ៩៧,៣៦គីឡូក្រាម យកមករក្សាទុកនៅសាខា ក.ប.ប ខេត្តបាត់ដំបង ព្រមទាំងពិន័យអន្តរ ការណ៍តាមច្បាប់។

ទន្ទឹមនឹងនោះមន្ត្រីជំនាញ ក៏បានធ្វើការអប់រំណែនាំ ផ្សព្វផ្សាយ នូវនីតិវិធី ឯកសារគតិយុត្ត ដែលពាក់ព័ន្ធទំនិញ ព្រមទាំងបិទនិងចែកផ្ទាំង POSTER បានចំនួន១២ផ្ទាំង ជូនដល់អាជីវករ លក់ដូរផងដែរ៕