ភ្នំពេញ ៖ ស្រីស្រស់ មាន សូនីតា បានថ្ងូរដូចព្រាប ថារឿងដែលពិបាកជាងគេលើលោកនេះ សម្រាប់ជីវិតរបស់នាង គឺបញ្ហាយកប្ដី។ ក្នុងចំណោមប្រុសជាច្រើន ដែលសូនីតា បានរៀបរាប់នោះ ក៏មានអ្នកសិល្បៈ និងមន្រ្ដីធំផងដែរ។

សូនីតា វាចាថា បើយកប្ដីអ្នកសិល្បៈ គឺពិបាករឿងអត់ចេះរកស៊ី ប៉ុន្ដែបើយកប្ដីមន្រ្ដីធំ នាងថាប្រាកដជានៅក្នុងទ្រុង អត់សូវមានសេរីភាពទេ ។ ក្រោយពីសូនីតា ទម្លាយថា មិនដឹងយកប្ដីបែបណា ក្នុងចំណោមប្រុសខ្ទង់ ១០ប្រភេទ ដែលនាងសុទ្ធតែមិនត្រូវចិត្តនោះ ស្រាប់តែមានអ្នកខ្លះខម្មិនឲ្យយោបល់ស្រីស្អាតរូបនេះ យកប្ដីមេចោប្លន់ និងអ្នកជល់មាន់ ជាដើមទៅវិញ ។

គណនីហ្វេសបុក ឈ្មោះ Jhanny Baker ខម្មិនថា «យកចោរប្លន់ វាចេញប្លន់រហូត អត់ពិបាក ហើយមិនឈ្លោះគ្នាទេ»។ គណនីហ្វេសបុក ឈ្មោះស៊ុមបក្សី ឥន្រ្ទីខ្មៅ ខម្មិនថា «យកអ្នកជល់មាន់ទៅ ស្មោះណាស់ ហើយចេះ Take Care Sweet Romantic»។

ដោយសាតែមានអ្នកឲ្យយោបល់រឿងយកប្ដី ខុសៗគ្នានោះ ធ្វើឲ្យមាន សូនីតា កាន់តែឈឺក្បាល ព្រោះឆ្នាំនេះ នាងមានអាយុ ៣៥ឆ្នាំទៅហើយ និងមិនទាន់សម្រេចចិត្តថា គួរតែយកប្ដីប្រភេទណាមួយឡើយ ព្រោះតែពាក្យ «ខ្លាចតែ» នោះវាអាចធ្វើឲ្យនាងប្រឈមនៅក្រមុំសៅកែ ។ ប៉ុន្ដែក្រោយមក សូនីតា បែរជាថាចង់កុម្មង់ប្ដី AI មួយ ហើយពឹងគេឲ្យជួយណែនាំឲ្យទៀតផង ។

យ៉ាងណា ក្នុងចំណោមប្រុសជាច្រើនឋានៈប់នោះ មាន សូនីតា មិនបាននិយាយដល់យកប្ដីគយ នោះទេ ខណៈដែលតាមព័ត៌មានថា មានមន្រ្ដីគយ វ័យចំណាស់ម្នាក់ បានតាមស្នេហ៍តារាស្រីរូបស្រស់ឆើតឆាយរូបនេះ ជាច្រើនឆ្នាំមកហើយ ។ សូនីតា ថែមទាំងអត់និយាយប៉ះទៅដល់ថា បើយកប្ដីស្រី ខ្លាចតែយ៉ាងណាផងដែរ ព្រោះតាមប្រភពលេចឮកន្លងទៅថា នាងក៏មានស្រីស្រលាញ់ស្រីដូចគ្នា តាមស្នេហ៍ច្រើនជាងប្រុសទៅទៀត ។

មាន សូនីតា រហស្សនាម «រាជិនីក្រមា» ជាតារាមានជីវភាពធូរធារម្នាក់ ព្រោះបើកហាងដល់ទៅ៣ ក្នុងពេលតែមួយ គឺហាងក្រមាខ្មែរ, ហាងកាត់ដេរ, ហាងកាហ្វេ និងរស់នៅផ្ទះវីឡាប្រណិត ព្រមទាំងជិះរថយន្ដថ្លៃៗទៀត ផង។ សូនីតា ក៏មិនសូវសម្រុកការងារសិល្បៈដែរ ដោយក្នុងមួយឆ្នាំ នាងថតតែមួយរឿង ហើយទាល់តែរឿងនោះនាងស្រលាញ់ទៀត ទើបព្រមលេង ។ ប៉ុន្ដែមានតែសូនីតា ម្នាក់ប៉ុណ្ណោះ ដែលមានលទ្ធភាពដើរលេងនៅក្រៅស្រុក ជាបន្ដបន្ទាប់ ដោយជិះយន្ដហោះកៅអី Business Class ទៀតផង។ ប្រភពខ្លះ សង្ស័យថា សូនីតា មានគូស្នេហ៍នៅក្រោយខ្នង ខណៈដែលក្នុងជំនួបជាមួយអ្នកកាសែត កន្លងមក សូនីតា ទទួលស្គាល់ថា នាងមានសង្សារហើយ តែស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នា ពោលគឺមិនទាន់ឈានដល់គម្រោងរៀបការទេ ។ នាងថា ឃើញមិត្តភក្ដិរៀបការប្ដី នាងមានតែត្រេកអរជំនួសគេ បើទោះជាខ្លួនឯងអត់ច្បាស់ថ្ងៃរៀបការក្ដី។

មាន សូនីតា បានចាត់ទុករឿងយកប្ដីនេះ ថាប្រៀបបាន «ចុះទឹកក្រពើ ឡើងលើខ្លា» ដែលមានន័យថា ទោះជាប្រឹងព្យាយាមគេចយ៉ាងណា ក៏មិនអាចរួចផុតពីអន្ទាក់ប្រុសដែលនាងរៀបរាប់ខាងលើដែរ ។ យ៉ាងណា ទស្សនិកជនរង់ចាំមើលថា អនាគតស្វាមីសូនីតា ជាប្រុសបែបណា បើនាងគិតតែពីខ្លាចយកប្ដីទៅ មិនបានស្រួលដូចចិត្តបែបនេះ?…៕
