ភ្នំពេញ ៖ ទីតាំងភោជនីយដ្ឋាន និងហាងខារ៉ាអូខេ ១កន្លែង ដែលលួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវ័ញ្ចលីស្ត្រីនិងកុមារ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ឆ្មក់ចុះបង្ក្រាប ឆែកឆេរ និងឃាត់ខ្លួនមនុស្សចំនួន ១២១នាក់ (ស្រី១០៤នាក់)។


ប្រតិបត្តិការបង្ក្រាបទីតាំងភោជនីយដ្ឋាននិងហាងខារ៉ាអូខេ បង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភោជនីយដ្ឋាននិងខារ៉ាអូខេ ដាយមិនស្តារ (សាខាទី៥ ទួលពង្រ) ស្ថិតនៅតាមផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។


តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន សហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស និងតំណាងសង្គមកិច្ច លោកប្រាក់ ចំរើន ប្រធានការិយាល័យ និងមន្ត្រីចំនួន២រូប តំណាងនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ដោយមាន ការសម្របសម្រួលពីលោកសំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែង នៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ ដាយមិនស្តារ (សាខាទី៥ ទួលពង្រ) ដែលលួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវ័ញ្ច លើស្ត្រីនិងកុមារ ស្ថិតនៅក្បាលដី៥៧៦ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ប្រភពដដែល បញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញ បានធ្វើការឆែកឆេរនៅចំពោះមុខតំណាងម្ចាស់ទីតាំង រកឃើញមនុស្សចំនួន១២១នាក់ (ស្រី១០៤នាក់ និងប្រុស១៧នាក់) ក្នុងនោះរកឃើញមានអនីតិជន ១៤នាក់ នាំមកនាយកដ្ឋានជំនាញ ដើម្បីបន្តនីតិវិធី៕




