Tuesday, June 10, 2025
Homeតារាខ្មែរពេជ្រ សោភា យំថ្ងៃខួបកំណើត៤០ឆ្នាំ

ពេជ្រ សោភា យំថ្ងៃខួបកំណើត៤០ឆ្នាំ

ភ្នំពេញ ៖ ពេជ្រ សោភា ប្រារពខួបកំណើតគម្រប់៤០ឆ្នាំ របស់សោភា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ខណៈលោកឆឹម សក្កដា ដែលម្ដងអះអាងថា ជាគូដណ្ដឹង ម្ដងថាជាពួកម៉ាក របស់សោភា នោះក៏មិនបានយកនំខេក មកឲ្យនាងផ្ទាល់ ដូចរាល់លើកដែរ បានត្រឹមផុសរូបភាពចាស់នៅថ្ងៃខួបសោភា និងហៅនាងថាជា «មិត្តភក្ដិ» ដ៏ល្អម្នាក់ប៉ុណ្ណោះ ។

 លោក ឆឹម សក្កដា ផ្ញើសារទៅសោភា នៅថ្ងៃខួបកំណើត ៤១ឆ្នាំថា «Happy Birthday To My Friend ! 09 .06 .2025 , សូមឲ្យមានតែស្នាមញញឹមគ្រប់ពេល» ។

 នៅថ្ងៃខួបឆ្នាំនេះ ពេជ្រ សោភា បានចេញបទថ្មី «ឈឺច្រើនដងហើយ» ដែលនាងយំហូរទឹកភ្នែកជោកថ្ពាល់តែម្ដង។ អ្នកខ្លះសង្ស័យថា បទចម្រៀងនេះ ត្រូវសាច់រឿងក្រៅឆាករបស់សោភា បានជានាងដាក់អារម្មណ៍បានល្អ ហើយគិតតែពីទួញយំសោកបែបនេះ។ ប៉ុន្ដែខ្លះទៀតថា នៅថ្ងៃខួបកំណើត គួរតែសោភា បញ្ចេញបទបែបសប្បាយៗ ច្រើនជាងបទស្នេហាខូចចិត្ត។

 ពេជ្រ សោភា បានបញ្ចេញសារនៅថ្ងៃខួបកំណើតខ្លួនថា «Happy Birthday To Me»។ នាងក៏និយាយទាក់ ទងបទចម្រៀងចេញចំថ្ងៃខួបកំណើតដែរថា «អូនមិនអាចបន្ដ ទោះចិត្តអូននៅស្រលាញ់ អូនព្រមចាញ់បងហើយ អូនហត់ណាស់» ។

មានការកត់សម្គាល់ថា ទោះជាពេជ្រ សោភា ឈានចូលវ័យ៤០ឆ្នាំ ប៉ុន្ដែគេឃើញសម្រស់នាងនៅតែក្មេងជាងវ័យឆ្ងាយ គឺដូចគ្នាទៅនឹងលោកព្រាប សុវត្ថិ ដែលទើបធ្វើខួបកំណើតគម្រប់៥០ឆ្នាំ តែគេច្រឡំថា លោកនិងកូនៗ ជាបងប្អូនគ្នា ។ បើទោះជាសោភា មានវ័យជ្រេបន្ដិចមែន ប៉ុន្ដែរហូតមកដល់ពេលនេះ គ្មានដំណឹងថា នាងគ្រោងរៀបការជាមួយលោកឆឹម សក្កដា នៅថ្ងៃណាឲ្យប្រាកដទេ ក្រោយពីពួកគេប្រកាសបានភ្ជាប់ពាក្យជាមួយគ្នា តាំងពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ អ្វីដែលចម្លែក ចុងក្រោយនេះ លោកសក្កដា តែងហៅសោភា ថាជាមិត្តភក្ដិ ឬពួកម៉ាក ជាដើម ពោលគឺមិនដែលហៅថា ជាគូដណ្ដឹង ឬអូនសម្លាញ់ ប្រពន្ធសម្លាញ់ ដូចគូស្នេហ៍គេដទៃទៀតឡើយ ។ ចំណែកសោភា បានប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនបានដឹងរឿងរ៉ាវទាំងអស់របស់លោកសក្កដា ពាក់ព័ន្ធការព្រមានធ្វើអត្តឃាត ជាច្រើនលើកច្រើនសារ នាពេលកន្លងមកទៅវិញ ។

ពេជ្រ សោភា ចេញបទថ្មី ស្នេហាខូចចិត្តនេះ ក្រោយតែ ២ថ្ងៃប៉ុណ្ណោះ ដែលអតីតដៃគូរបស់នាង លោកជី-ដេវីត រៀបការជាមួយទេព  បូព្រឹក្ស នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពួកគេចាប់ដៃគ្នា ១០ឆ្នាំ មានកូនមួយ ដោយសារតែមេអណ្ដើក លោក ឆន សុវណ្ណារាជ ប៉ុន្តែនៅថ្ងៃដេវីត ក្លាយជាប្ដីនាងបូព្រឹក្ស ស្របច្បាប់នោះ គេមិនឃើញសោភា ទៅអើតទេ ទោះជាតារារួមអាជីពជាច្រើន ផ្អើលជាន់ជើងគ្នាទៅចូលរួមក៏ដោយ ។

ប្រភពថា សោភា គ្មានផែនការរៀបការប្ដី ជាលើកទី២ នោះទេ ហើយអនាគតស្វាមីនាង ក៏មិនមែនជាលោកឆឹម សក្កដា ដែរ ទោះជាអ្នកទាំងពីរ នៅមិនទាន់ប្រកាសផ្ដាច់ពាក្យពីគ្នាក៍ដោយ ។

គួរបញ្ជាក់ថា ពេជ្រ សោភា បានដើរចេញពីហង្សមាស ជាងកន្លះឆ្នាំហើយ ក្រោយជ្រកកោននៅទ្រនំនេះ បាន២០ឆ្នាំ ។ ក្នុងនាមជាតារាចម្រៀងឯករាជ្យម្នាក់ សោភា នៅតែមានទីផ្សារចម្រៀង តាមរយៈការចេញច្រៀងតាម Concerts ធំៗ ជាបន្ដបន្ទាប់ ហើយនាងងាកមកផលិតបទថ្មីៗដោយខ្លួនឯង រួមទាំងការច្រៀង Cover បទមរតកដើមផងដែរ ។

មហាជនរង់ចាំមើលថា គូស្នេហ៍ថ្មីរបស់សោភា បើមិនមែនជាលោកសក្កដា តើប្រុសលាក់មុខនោះ អាចធ្វើឲ្យនាងសើចច្រើនជាងយំ បានដែរឬទេ ?…៕

RELATED ARTICLES