ភ្នំពេញ ៖ សារ៉ាយ សក្ខណា បាននាំស្វាមី និងកូនទាំង៣នាក់ (ស្រី១ ប្រុស២) ចេញទៅអាមេរិក វិញហើយ កាលពីរាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីបានមកលេងស្រុកខ្មែរជើងនេះ ដល់ទៅជាង២ឆ្នាំ និងសម្រាលកូនប្រុសទី៣ នៅកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ការទៅអាមេរិក លើកនេះ របស់សក្ខណា អាចយូរខែ ទើបនាងវិមកស្រុកកំណើតជាថ្មី ព្រោះមកលើកចុងក្រោយនេះ សក្ខណា នៅបានយូរជាងរាល់ដង រហូតទទួលបានការងារសិល្បៈជាបន្ដបន្ទាប់ទៀតផង បើទោះជានាងមានកូន ៣នាក់ តែសម្រស់និងទេពកោសល្យសិល្បៈ នៅតែល្អ ហេតុនេះផលិតករ មិនអាចមើលរំលងបានឡើយ ។

អ្នកស្រី សម្ផស្ស ម្ដាយសក្ខណា បានប្រាប់ «នគរធំ» ពីអាមេរិក តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ថា គាត់កំពុងនៅអាមេរិក ហើយរង់ចាំកូនស្រី កូនប្រសា និងចៅៗ ដែលកំពុងហោះពីកម្ពុជា មកអាមេរិក។ អ្នកស្រីសម្ផស្ស បានឲ្យដឹងថា សក្ខណា ទៅអាមេរិក លើកនេះ អាចខ្ទង់ ៣ខែ ទើបវិលទៅស្រុកខ្មែរវិញ ព្រោះកូនស្រីនិងស្វាមី រួមទាំងចៅៗអ្នកស្រី បានទៅនៅស្រុក ចុងក្រោយនេះ ដល់ទៅជិត៣ឆ្នាំ ទើបត្រូវទៅអាមេរិក វិញនាពេលនេះ។ អ្នកស្រីសម្ផស្ស បន្ថែមថា មូលហេតុដែលសក្ខណា ត្រូវមកអាមេរិក វិញនៅ ពេលនេះ គឺដោយសាតែចាំបាច់យកកូនប្រុសទី៣ អាយុជិត៧ខែនោះ មកជួបឪពុកម្ដាយក្មេកនាងនៅទីនោះ ទាន់ពួកគាត់នៅមានសុខភាពល្អ ព្រោះតាំងពីសម្រាលមក នាងមិនទាន់បានយកចៅទី៣ នេះមកជួបពួកគាត់ទេ ។

បើតាមការអះអាងរបស់ម្ដាយសារ៉ាយ សក្ខណា ថាអំឡុងពេលដែលសក្ខណា នៅក្នុងស្រុក ជិត៣ឆ្នាំនេះ នាងមានការងារសិល្បៈច្រើន ធ្វើជាបន្ដបន្ទាប់ ហើយបើគ្មានការប្រែប្រួលទេ នោះនាងនឹងវិលត្រឡប់មកស្រុកខ្មែរ ជាថ្មី នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

តាមប្រភពបានឲ្យដឹងថា មូលហេតុដែលសក្ខណា ចង់មកនៅស្រុកខ្មែរ ច្រើនជាងអាមេរិក ព្រោះតែនាងត្រូវមើលការគ្រប់គ្រងហាងរក្សារសម្រស់របស់នាងមួយ នៅទួលគោក និងភោជនីយដ្ឋានមួយ នៅម្ដុំភ្នំប្រសិទ្ធិ ខេត្តកណ្ដាល ជាប្រចាំ ហេតុនេះមិនអាចទៅនៅអាមេរិកយូរឆ្នាំដូចមុនបានឡើយ ។

សូមបញ្ជាក់ថា សារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរ នៅអាមេរិកលោកមេធាវី កែវ ប៊ុនមេត្រី កាលពីឆ្នាំ២០១៣ ហើយទៅរស់នៅអាមេរិក ជាង១០ឆ្នាំ ដែលចំណងស្នេហាជាង ១២ឆ្នាំនេះ ពួកគេទទួលបានកូន ៣នាក់ គឺកូនស្រីទី១ ឈ្មោះ Mataysia អាយុជាង៩ឆ្នាំ, កូនប្រុសទី២ ឈ្មោះព្រីនស្ទីន អាយុជាង៤ ឆ្នាំ និងកូនប្រុសទី៣ ឈ្មោះកែវ សុវណ្ណណាបុត្រ ហៅ Chandrik អាយុជាង៧ខែ ។ សក្ខណា ធ្លាប់ប្រាប់អ្នកយកព័ត មានយើងថា នាងគ្មានគម្រោងយកកូនទី៤ នោះទេ ព្រោះបាន៣នាក់នេះ គ្រប់គ្រាន់ហើយ ខណៈដែលអំឡុង ពពោះកូនទី៣ ចិត្តនាងចង់បានកូនភ្លោះ ដើម្បីកុំឲ្យពិបាកបង្កើតច្រើនដង ប៉ុន្ដែមិនបានដូចចិត្ត ។

គួរកត់សម្គាល់ថា ទោះបីជាសារ៉ាយ សក្ខណា មានកូន ៣នាក់ ប៉ុន្ដែនាងនៅមានទីផ្សារសិល្បៈល្អ ដោយកាលពីចុងឆ្នាំ២០២៤ នាងបានភ្លក្សរសជាតិលើកទី១ ក្នុងការសម្ដែងជាតួអង្គធ្មប់ ក្នុងរឿង «ទាយាទធ្មប់» និងថតសិ ល្បៈ រួមទាំងស្ពតជាបន្ដបន្ទាប់ ខណៈដែលស្វាមីនាងអត់ចេះប្រចណ្ឌហួងហែងនាងក្នុងការលេងស្និទ្ធស្នាលជាមួយតួប្រុសៗឡើយ ។ សក្ខណា គឺជាតារាដែលមានស្វាមីជាអាណិកជនខ្មែរនៅអាមេរិក ហើយត្រូវប្ដីឲ្យបន្ដ អាជីពចាស់ ដូចគ្នាទៅនិងអ្នកនាងអម្ពរ ទេវី និងសុគន្ធ និសា ជាដើម ខណៈដែលអ្នកនាងគឹម លក្ខិណា និងវ៉េត រតនា ស្វាមីមិនអនុញ្ញាតឲ្យលេងសិល្បៈទៀតឡើយ ។

តាមប្រភពបានឲ្យដឹងថា ការពន្យារពេលទៅអាមេរិក លើកនេះ ក៏ដោយសាតែសក្ខណា រង់ចាំឲ្យកូនប្រុសទី៣ ធំបន្ដិច ងាយស្រួលធ្វើដំណើរតាមយន្ដហោះ ព្រោះបើនៅតូចពេក ពិបាកជិះយន្ដហោះ បើទោះជាឪពុកម្ដាយក្មេកនាង អន្ទះសាចង់ឃើញចៅទី៣ និងឲ្យនាងបីទៅជួបពួកគាត់ តាំងពីកើតភ្លាមៗក្ដី ។ គេជឿថា សក្ខណា នឹងទទួលបានការស្រលាញ់ពីស្វាមី និងឪពុកម្ដាយក្មេង ទ្វេដងជាមិនខាន នៅពេលដែលនាងបានបង្កើតកូននិងចៅ ឲ្យពួកគាត់ បានដូចបំណង៕
