ភ្នំពេញ ៖ មេម៉ាយកូនមួយ គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មី តាមរយៈការបង្ហាញមុខបុរសចម្លែកម្នាក់ ដឹកដៃគ្នាចូលរួមមង្គលការនាងទេព បូព្រឹក្ស និងលោកងួន ចាន់ដាវិត ហៅជី-ដេវីត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។ ពេជ្រ សូលីកា និងបុរសនោះ បង្ហាញភាពស្នាលដូចគូស្នេហ៍ ជាលើកដំបូង ព្រោះតាំងពីក្រោយធ្លាក់ខ្លួនមេម៉ាយ ជាង២ឆ្នាំនេះ នាងមិនដែលបង្ហាញមុខគូស្នេហ៍ថ្មី ដោយបើកចំហទេ ហើយសូម្បីតែម្ចាស់យន្ដហោះឯកជន (Private Jet ) ដែលដឹកនាងដើរលេង កាលពីចុងឆ្នាំ២០២៤ នោះក៏នាងលាក់មុខដែរ ប៉ុន្ដែពេលនេះនាងចាប់ផ្ដើមបង្ហាញមុខម្ចាស់ចិត្តថ្មី ដែលនាងហៅថា «ភួយសាច់» នោះហើយ។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៤ ពេជ្រ សូលីកា និយាយថា នាងរងាកាយា ហើយចង់បានភួយសាច់ ដែលក្រោយការប្រកាសបែបនេះមក មានអ្នកចេញមុខចង់ធ្វើជាគូស្នេហ៍របស់នាងកាន់តែច្រើន ។ យ៉ាងណា ភ្លាមៗនោះដែរ ស្រីពេជ្រ ត្រូវបានអ្នកឧកញ៉ាម្នាក់បញ្ចេញរូបភាពស្និទ្ធស្នេហ៍នាងដូចសង្សារ នៅលើបណ្ដាញសង្គម ទើបធ្វើឲ្យប្រុសៗខ្លះបានដកថយទៅវិញ ពោលគឺមានតែម្ចាស់ Private Jet ម្នាក់ប៉ុណ្ណោះ ដែលមិនខ្វល់ពីអ្នកឧកញ៉ាម្នាក់នោះ ។ ប៉ុន្ដែពេលនេះអ្វីៗបានបញ្ជាក់ច្បាស់ហើយថា តាមពិតបុរសដែលស្រីពេជ្រ ទុកចិត្តជាងគេ ហើយហ៊ានបណ្ដើរជាសាធារណៈនោះ គឺមិនមែនជាអ្នកឧកញ៉ាល្បីឈ្មោះម្នាក់នោះឡើយ ។

តាមរយៈការបង្ហាញខ្លួនចុងក្រោយរបស់ពេជ្រ សូលីកា ជាមួយបុរសប្លែកមុខម្នាក់នោះគេឃើញស្រីពេជ្រ មានព្រលឹងជាងមុនផងដែរ ហើយនាងពាក់គ្រឿងអលង្ការពេជ្រ ទាំងឈុតៗតែម្ដង ពោលគឺធ្លាក់ខ្លួនមេម៉ាយជិត ៣ឆ្នាំនេះ មិនមែនជីវភាពនាងដុនដាបទេ ប៉ុន្ដែកាន់តែឡើងកាលីពតែម្ដង ដោយរស់នៅខុនដូប្រណិត និងជិះរថយន្ដថ្លៃៗទៀតផង។

ប្រភពបានឲ្យដឹងថា ស្រីពេជ្រ នៅតែប៉ងចង់រៀបការឲ្យបានសម្រេច ក្រោយបរាជ័យមង្គលការជាមួយលោកគឹម ហាន អាណិកជនខ្មែរ មកពីអូស្រា្ដលី កាលពីឆ្នាំ២០២១ ហេតុនេះហើយ បានជានាងរំភើបជំនួសទេព បូព្រឹក្ស រហូតដល់ស្រក់ទឹកភ្នែក នៅពេលដែលឃើញមិត្តភក្តិ ក្រាបផ្ទឹមជាមួយដេវីត ។

គួរកត់សម្គាល់ថា ពេជ្រ សូលីកា ក្រោយដើរចេញពីហង្សមាស ជាង១ឆ្នាំ អ្នកមេម៉ាយលេងសម្រស់រូបនេះ នៅរក្សាបានទីផ្សារចម្រៀងល្អ ដែលបទដែលនាងច្រៀងទៅ មានការគាំទ្រច្រើនភាគច្រើនត្រូវទៅនឹងសាច់រឿងស្នេហានាងតែម្ដង ។ ប៉ុន្តែនៅឆ្នាំ២០២៥ នេះ គេមិនទាន់ឃើញតារាកូន១ រូបនេះ មានបទល្បីៗថែមទៀតទេ ខណៈដែលសម្រស់នាងក៏ចាប់ផ្ដើមមានការប្រែប្រួលដែរ ហើយប្រសិនបើបណ្ដោយឲ្យឡើងគីឡូថែមទៀត នោះច្បាស់ជាមិនអាចប្រជែងជាមួយតារាវ័យក្មេងៗផ្សេងទៀតបានឡើយ ។

ប្រភពបានឲ្យដឹងថា បុរសថ្មីដែលពេជ្រ សូលីកា ព្រមយកធ្វើប្ដី គឺទាល់តែស្រលាញ់កូននាង ដូចកូនខ្លួនដែរ ទើបអាចទៅរួច ហើយអ្វីដែលរឹតតែសំខាន់នោះ គឺហ៊ានបំពេញក្ដីស្រមៃឲ្យនាង តាមរយៈពិធីអាពាហ៍ពិពាហ៍ ។ ចំណែកអតីតស្វាមីនាង លោកគឹម ហាន កំពុងតែមានក្ដីសុខជាមួយគូស្នេហ៍ថ្មី ហើយអាចរៀបការមុនពេជ្រ សូលីកា ទៀតផង៕


