ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចាស់ តែងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង និងលួចម៉ូតូប្រជាពលរដ្ឋ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ ធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសម្បត្តិ ច័ន្ទណារិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១ ផ្លូវឬស្សីស្រស់ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានទទួលសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ជាច្រើនករណីថា មានជនសង្ស័យបានធ្វើសកម្មភាពកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋ នៅពេលរាត្រី។ បន្ទាប់មក កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងដាក់កម្លាំងល្បាតពួនស្ទាក់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតដែកកែច្នៃ ចុងសំប៉ែត ចំនួន១ និងសោខ្សៀលេខ៨ ចំនួន១ (ឧបរណ៍កាច់សោកម៉ូតូ) រួចបញ្ជូនជនសង្ស័យមកស្នាក់ការប៉ុស្តិ៍ ធ្វើការសាកសួរ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ រៀបចំកសាងសំណុំរឿង បញ្ជូនទៅអធិការខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕