Friday, June 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា រងឥទ្ធិពលព្យុះទី១ រហូតដល់ថ្ងៃ១៣មិថុនា

កម្ពុជា រងឥទ្ធិពលព្យុះទី១ រហូតដល់ថ្ងៃ១៣មិថុនា

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ថា  ព្រះរាជា ណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ដែលជាព្យុះដំបូងគេនៅក្នុងឆ្នាំ២០២៥ នេះ ចាប់ពីថ្ងៃទី១១ រហូត ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ព្យុះទី១ ដែលនឹងជះឥទ្ធិពលដល់ព្រះរាជាណាចក្រកម្ពុជា បានកើតឡើងដោយសារការវិវឌ្ឍពីខ្យល់មូសុងនិរតី ជាមួយសម្ពាធទាប ដែលគ្របដណ្តប់លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពល មកលើព្រះរាជាណាចក្រកម្ពុជា និងសម្ពាធទាប ដែលកំពុងស្ថិតនៅសមុទ្រចិនខាងត្បូង នៅក្នុងសប្តាហ៍នេះ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ ក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀម រាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣៥ភាគរយ។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ៦ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមាន ជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣៥ភាគរយ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីនិងបស្ចិម មានល្បឿនមធ្យម ៣ម៉ែត្រ ក្នុងមួយវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០ភាគ រយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕

RELATED ARTICLES