Saturday, June 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដឹកសង្សារបង្ហោះម៉ូតូឌឺឪ ប៉ូលិសចាប់ចូលប៉ុស្តិ៍ ៣នាក់

ដឹកសង្សារបង្ហោះម៉ូតូឌឺឪ ប៉ូលិសចាប់ចូលប៉ុស្តិ៍ ៣នាក់

ខេត្តកណ្តាល ៖ យុវជនម្នាក់ ខឹងឪពុកជេរស្តី ក៏បែកគំនិតទៅផឹកស្រាស្រវឹង រួចបបួលសង្សារបង្ហោះម៉ូតូតាមផ្លូវ ដោយឱ្យមិត្តភក្តិម្នាក់ ចាំតាមថតវីដេអូ ទុកបង្ហោះក្នុងបណ្តាញសង្គម ដើម្បីឌឺឪពុករបស់ខ្លួន ស្រាប់តែក្រោយមក ត្រូវបានសមត្ថកិច្ចប្រទះឃើញ ស្រាវជ្រាវឃាត់ខ្លួនបានទាំង៣នាក់។

ករណីបង្ហោះម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។ រហូតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងទាំង៣នាក់បាន។

ក្មេងទំនើងបង្ហោះម៉ូតូ ទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះលី ម៉ុងឡេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ (អ្នកជិះម៉ូតូបង្ហោះ)។ ទី២-ឈ្មោះហ៊ាន សៀងហៀង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ (អ្នកថតវីដេអូ) និងទី៣-ឈ្មោះវណ្ណៈ ភារ៉ា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ​ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក (អ្នកជិះពីក្រោយ)។

 ចំពោះវត្ថុតាងចាប់យក រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាក លេខ ភ្នំពេញ 1AG-8603។

តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ជនសង្ស័យទាំង៣នាក់ខាងលើ បាននាំគ្នាបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ លុះមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលបានឆែកឃើញមានគណនីឈ្មោះ Piay you បង្ហោះរូបភាពដែលមានជនសង្ស័យកំពុងបង្ហោះម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ១ និងនៅក្នងបរិវេណក្នុងវត្តគគីរធំ ភ្លាមនោះកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍គគីរធំ បានចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ ៣នាក់ខាងលើ រួមនិងវត្ថុតាង​ យកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះលី ម៉េងឡុង ភេទប្រុស និងឈ្មោះវណ្ណៈ ភារ៉ា ភេទស្រី បានឆ្លើយ សារភាពថា ពួកខ្លួនពិតជាបានបង្ហោះម៉ូតូ ហើយថតបង្ហោះចូលក្នុងគណនីហ្វេសប៊ុក របស់ខ្លួនឯង ដែលមាន គណនីឈ្មោះ Piay you មែន មូលហេតុខឹងឪពុកជេរស្តី និងស្រវឹងស្រា។

ចំណែកឈ្មោះហ៊ាន សៀងហៀង ភេទប្រុស បានសារភាពថា ខ្លួនបានថតរូបភាពបង្ហោះម៉ូតូមែន និងបានបាញ់ទៅឱ្យឈ្មោះលី ម៉េងឡុង ភេទប្រុស ដើម្បីបង្ហោះក្នុងហ្វេសប៊ុក។

ក្រុមក្មេងទំនើងទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES