Sunday, June 15, 2025
Homeតារាខ្មែរសុន សន្យា ត្រូវប៉ាន់ចម្រៀងអង់គ្លេស

សុន សន្យា ត្រូវប៉ាន់ចម្រៀងអង់គ្លេស

ភ្នំពេញ ៖ នៅតាមបណ្ដារក្រុមហ៊ុនកម្សាន្ដជាច្រើន ដែលរៀបចំដោយអ្នករកស៊ីផ្នែកសិល្បៈ មានដូចជា លោកអេឡិច ចាន់ត្រា, យ៉ែម សំអូន, អ៊ឹង ជុងហ៊ាង, Sambath Entertainment និងអ្នករៀបចំកម្មវិធីសិល្បៈជា ច្រើនទៀត សម្រាប់កម្មវិធីធំៗ មានទាំងភ្ញៀវជាតិ និងអន្ដរជាតិ គេឃើញតារាចម្រៀងស្រីរូបស្រស់ម្នាក់ តែងតែបង្ហើរសំនៀង ច្រៀងបទជាភាសារអង់គ្លេស សំឡេងពីរោះរណ្ដំ នាំឲ្យទាំងភ្ញៀវជាតិនិងអន្ដរជាតិ ចូលចិត្តស្ដាប់ និងសរសើរមិនដាច់ពីមាត់ នោះគឺអ្នកនាង សុន សន្យា ។

ជាកូនអ្នកក្រុងតាខ្មៅ ខេត្តកណ្ដាល អ្នកនាង សន្យា បានឲ្យដឹងថា នាងចាប់អាជីពចម្រៀង រយៈពេល២០ឆ្នាំមកហើយ ប៉ុន្ដែការងាកមកច្រៀងបទជាភាសាអង់គ្លេស ទើបតែ ១៤ឆ្នាំចុងក្រោយប៉ុណ្ណោះ ខណៈពីមុន នាងធ្លាប់ច្រៀងបទខ្មែរ មរតកដើម និងបទថៃ ជាដើម ។

  អ្នកនាងសុន សន្យា បានប្រាប់ «នគរធំ» តាមទូរស័ព្ទ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថា តាមពិតនាងមិនមែនជាអ្នកចេះភាសាអង់គ្លេស ស្ទាត់ជំនាញនោះទេ គ្រាន់តែអាចនិយាយទាក់ទងគ្នាបាន ប៉ុន្ដែការច្រៀងបទអង់គ្លេស មិនមានផលវិបាកឡើយ សម្រាប់រូបនាងហើយនាងអាចធ្វើទៅបាន ដោយមានការជំរុញពីម្ដាយរបស់នាងតដែលគាត់ជាអតីតសិល្បការិនីម្នាក់ដែរ ។ អ្នកនាងសន្យា ថ្លែងថា «តាមពិតខ្ញុំច្រៀងតាំងពីឆ្នាំ២០០៥ តែពេលនោះមិនមែនច្រៀងបទអង់គ្លេសសុទ្ធ ដូចជាពេលនេះទេ គឺច្រៀងទូទៅ តែសំឡេងខ្ញុំ ច្រៀងបទខ្មែរ ត្រូវឬស៊ីទៅនឹងបទមរតកដើម ដូចជា បទលោកស្រី ហួយ មាស ជាដើម ។ ចាប់ពីឆ្នាំ២០០៩ ខ្ញុំចាប់ផ្ដើមច្រៀងបទ ជាភាសារអង់គ្លេស ដោយមានការជំរុញលើកទឹកចិត្ត និងគាំទ្រ ពីម្ដាយរបស់ខ្ញុំលោកស្រី សំរឹត ថាល្លីន ផ្ទាល់ ជាអតីតតារាចម្រៀងទសវត្សឆ្នាំ១៩៩០ ដែលពីពេលនោះមកដល់បច្ចុប្បន្ន ខ្ញុំច្រៀងបទជាភាសារអង់គ្លេស រហូត បើទោះជាខ្ញុំមិនមែនជាអ្នកចេះអង់គ្លេសស្ទាត់ជំនាញក៏ដោយ តែខ្ញុំអាចច្រៀងនិងនិយាយភាសាអង់គ្លេស ទាក់ ទងគ្នាធម្មតាៗបាន»។

  អ្នកនាងសុន សន្យា ឲ្យដឹងថា ការច្រៀងបទជាភាសារអង់គ្លេស ជាង១០ឆ្នាំមកនេះនាងមានភាពមមាញឹកច្រើន តាមបណ្ដាក្រុមហ៊ុនកម្សាន្ដជាច្រើន ដោយនាងមិនបានជាប់កុងត្រា ឲ្យក្រុមហ៊ុនណាទេ ពោលគឺច្រៀងឲ្យម្ចាស់កម្មវិធីណាក៏បានដែរ។ អ្នកនាងបន្ថែមថា ច្រៀងបទអង់គ្លេស ងាយស្រួលជាងបទភាសាផ្សេង ហើយបទដែលនាងចូលចិត្តច្រៀងជាងគេ គឺបទរបស់តារាចម្រៀងជនជាតិអង់គ្លេស Adele គឺបទ «Someone Like You»។

  ឆ្លើយតបសំណួរថា តើអ្នកនាង សន្យា មើលឃើញថា តារាខ្មែរ នាពេលបច្ចុប្បន្ន ច្រៀងបទភាសាអង់គ្លេស បានល្អយ៉ាងណា បើប្រៀងធៀបទៅនិងតារាប្រទេសជិតខាង? អ្នកនាងសន្យា ថាមានភាពល្អប្រសើរច្រើនជាងមុនឆ្ងាយ។ អ្នកនាងសន្យា រំលឹកថា កាលនាងចាប់ផ្ដើមច្រៀងបទជាភាសាអង់គ្លេស លើកដំបូង មានតារាខ្មែរយើងតែមួយៗទេ ដែលច្រៀងបទភាសាបរទេស ប៉ុន្ដែពេលនេះ តាមបណ្ដាកម្មវិធីផ្សេងៗ មានអ្នកចេះច្រៀងបទបរទេសច្រើន។អ្នកនាងថា ជាទូទៅ នាងច្រៀងបទជាភាសាអង់គ្លេស នេះ ច្រៀងទោល ឬចាប់ដៃគូ គឺអាស្រ័យទៅលើម្ចាស់កម្មវិធី ឬអ្នករៀបចំកម្មវិធីតម្រូវ ហើយនាងធ្វើការពីម៉ោង៦ ទៅដល់១០យប់ អ៊ីចឹងបទចម្រៀងមួយកម្មវិធី មានប៉ុន្មានបទ គឺនៅលើអ្នករៀបចំ គេរៀបចំឲ្យ។

  ក្នុងវ័យ ៣៦ឆ្នាំ អ្នកនាងសុន សន្យា បានបង្ហើបឲ្យដឹងថា នាងបានរៀបការស្វាមី ជាអាណិកជនខ្មែរនៅអូស្រា្ដលី តាំងពី១៥ឆ្នាំមុន (២០១០ )ហើយបច្ចុប្បន្ន នាងមានកូន ៣នាក់(ប្រុស២ ស្រី១)។ អ្នកនាងថា ជាទម្លាប់ ស្វាមីនាង តែងចុះមកខ្មែរ ខ្ទង់៥ដង ក្នុងមួយឆ្នាំ ខណៈនាងទៅអូស្រ្ដាលី ជួបប្ដី តែម្ដងប៉ុណ្ណោះ ព្រោះជាប់រវល់ការងារក្នុងស្រុកច្រើន ។ អ្នកនាងបានឲ្យដឹងដែរថា នឹងបន្ដធ្វើការងារសិល្បៈ នៅស្រុកខ្មែរ ជាច្រើនឆ្នាំទៀត ព្រោះជាអាជីពដែលនាងស្រលាញ់ ប៉ុន្ដែនៅថ្ងៃអនាគត នាងអាចនឹងទៅរស់នៅប្រទេសអូស្រា្ដលី ជាមួយស្វាមី ដើម្បីឲ្យកូនៗនាងបានបន្ដការសិក្សានៅទីនោះផងដែរ ។

  សូមបញ្ជាក់ថា អ្នកនាងសុន សន្យា មិនបានទទួលការបង្វឹកពីគ្រូជំនាញបង្ហាត់ច្រៀងបទជាភាសាអង់គ្លេស តាំងពីតូចៗ ដូចតារាមួយចំនួនទៀតទេ ប៉ុន្ដែនាងថា ការច្រៀងបទអង់គ្លេស នាពេលបច្ចុប្បន្ន ក្លាយទៅជាទម្លាប់របស់នាងទៅហើយ ពោលគឺគ្មានឧបសគ្គឡើយ។ តែសព្វថ្ងៃ កូនប្រុសស្រីទាំង៣នាក់ របស់នាង គ្មានអ្នកណាម្នាក់ ចាប់អាជីពចម្រៀងដូចនាងឡើយ ។

  ក្រៅពីអ្នកនាងសុន សន្យា តារាបច្ចុប្បន្នដែលច្រៀងបទជាភាសារអង់គ្លេស មានដូចជា លោកសាន ផានិត,សុវត្ថិ មុនីនាគ, នភាល័យ, នួន សុធារ័ក្ស, កញ្ញាសុខ សីឡាលីន, វី ឌីណែត, រ៉េត ស៊ូហ្សាណា និងអេដា ជាដើម ៕

RELATED ARTICLES