ភ្នំពេញ ៖ អតីតម្ចាស់ពាន The Voice Kids Cambodia ឆ្នាំ២០១៧ តារចម្រៀងក្មេងតូច «ពេជ្រ ថៃ» បានប្រកាសដូរឈ្មោះមកជា «ពេជ្រ ខ្មែរ» តាមសំណូមពរអ្នកគាំទ្រ បន្ទាប់ពីមានមានការពហិការទំនិញថៃ និងបញ្ឈប់ការចាក់ផ្សាយភាពយន្តថៃ តាមកញ្ចក់ទូរទស្សន៍ និងតាមរោងភាពយន្ត នៅក្នុងប្រទេសកម្ពុជា។

តារាចម្រៀងក្មេងតូច ពេជ្រ ថៃ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ថា «ដោយមានសំណូមពរយ៉ាងទទូចពីឪៗ និងម៉ែៗ ព្រមទាំងពុកម៉ែបងប្អូន នៅក្នុង Social media ឲ្យខ្ញុំប្ដូរឈ្មោះថា ពេជ្រ ខ្មែរ ឥឡូវខ្ញុំបានជូនតាមសំណូមពរ។ ដូច្នេះចាប់ពីថ្ងៃនេះទៅ សូមហៅខ្ញុំថា ពេជ្រ ខ្មែរ ជាឈ្មោះថ្មី នៅក្នុងបណ្ដាញសង្គម។ សង្ឃឹមថា ឈ្មោះខ្ញុំ នឹងនាំហេងហេង ជ័យជ័យ»។

គួរបញ្ជាក់ថា ការប្រកាសដូរឈ្មោះ របស់តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ មកជា «ពេជ្រ ខ្មែរ» នេះ បានធ្វើឡើងបន្ទាប់ពីប្រជាជនខ្មែរ បានប្រកាសឈប់ទិញទំនិញថៃ ឈប់ប្រើផលិតផលថៃ ឈប់មើលភាពយន្តថៃ ដោយ សារតែជនជាតិថៃជ្រុលនិយមមួយចំនួន បានរើសអើង ប្រមាថមើលងាយជនជាតិខ្មែរ ក្រោយមានវិវាទរឿងព្រំ ដែន តំបន់មុំបី និងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

ជាមួយគ្នានេះ មានអ្នកគាំទ្រមួយចំនួន បានស្នើឲ្យតារាចម្រៀងក្មេងតូច «ពេជ្រ ថៃ» ដូរឈ្មោះមកជា «ពេជ្រ ខ្មែរ» ដោយពួកគេបានសរសេរស្នើទៅតារាចម្រៀង ពេជ្រ ថៃ តាមបណ្តាញបង្គម ហ្វេសប៊ុក និងទិកតុក ដែលមានខ្លឹមសារស្រដៀងៗគ្នា ដូចជាថា «ក្នុងនាមខ្ញុំជា អ្នកគាំទ្រ (Fan) ម្នាក់ ស្នើសុំ Idol ពេជ្រ ថៃ ប្តូរឈ្មោះមក ពេជ្រ ខ្មែរ វិញមក», «ពេជ្រ ថៃ អើយ ! កុំឲ្យគេពហិការទាន់ ប្រញាប់ដូរឈ្មោះ ថៃ ដាក់ឈ្មោះខ្មែរ វិញទៅ!»…។

បន្ទាប់ពី ពេជ្រ ថៃ បានប្រកាសដូរឈ្មោះ មកជា «ពេជ្រ ខ្មែរ» មក មានអ្នកគាំទ្រជាច្រើនបានសាទរ ប៉ុន្តែឆ្លើយតបគណនីហ្វេសប៊ុកមួយ ឈ្មោះ «សេរី វុឌ្ឍិ» ដែលបានខម្មិនថា «ធ្លាប់ឮពាក្យខ្មែរមួយ លើកឡើងថា ស្លាប់មិនដូរឈ្មោះ រស់មិនដូរត្រកូល ដែរទេ?» តារាចម្រៀងក្មេងតូច ពេជ្រ ថៃ ដែលដូរឈ្មោះមក «ពេជ្រ ខ្មែរ» បានឆ្លើយតបថា «សេរី វុឌ្ឍិ ប្អូនគ្រាន់តែដូរនៅក្នុង social media បង»។

គួររំលឹកថា ពេជ្រ ថៃ បានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀងកុមារ The Voice Kids Cambodia របស់ទូរទស្សន៍ហង្សមាស ឆ្នាំ២០១៧ ទទួលបានប្រាក់រង្វាន់ ១០០លានរៀល និងការឧបត្ថម្ភជាច្រើនផ្សេងទៀត បន្ទាប់ពីទទួលបានសំឡេងបោះឆ្នោតគាំទ្រច្រើនជាងបេក្ខជន៥នាក់ទៀត នាការប្រកួតផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៧៕

