Saturday, June 21, 2025
Homeតារាខ្មែរឈិត សុវណ្ណបញ្ញា ច្រៀងឲ្យហង្សមាស លើកទី១  ក្រោយដើរចេញ៨ឆ្នាំ

ឈិត សុវណ្ណបញ្ញា ច្រៀងឲ្យហង្សមាស លើកទី១  ក្រោយដើរចេញ៨ឆ្នាំ

ភ្នំពេញ ៖ ឈិត សុវណ្ណបញ្ញា កាន់ក្បាលមីក្រូឡើងច្រៀងតន្រ្ដី Bacchus Fantasy Concerts របស់ហង្សមាស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ពោលគឺជាលើកដំបូងបំផុតក្រោយនាងដើរចេញពីហង្សមាស ៨ឆ្នាំ ។ សុវណ្ណបញ្ញា បានច្រៀងបទល្បីៗរបស់ខ្លួនឡើងវិញ មានដូចជាបទ «ស្រក់ឈាមលើសៀវភៅស្នេហ៍», «Hurt» និងបទ «Mouse Love Rice» ជាដើម ខណៈដែលតារាកិត្តិសផ្សេងទៀតដែលឡើងក្នុងកម្មវិធីនោះ ក៏តម្រូវឲ្យច្រៀងបទរបស់សុវណ្ណា ដែរមានដូចជា កញ្ញាប៉ាច គីមមួយ ច្រៀងបទ «ចំណែកលើស», កញ្ញាយ៉ាង ចាន់រតនា ច្រៀងបទ «នៅក្រោយខ្នងបង», កញ្ញាឈីន រតនៈ ច្រៀងបទ «បាត់បង់ស្នេហា គ្មានអ្វីអស្ចារ្យទេ» និងកញ្ញាសោម មុនីនាថ ច្រៀងបទ «មិនយំមុខបង»។

  ឈិត សុវណ្ណបញ្ញា បានប្រាប់ថា មូលហេតុដែលនាងផ្អាកឡើងឆាកតន្រ្ដី ជិត១០ឆ្នាំមកនេះដោយសាតែនាងមានអារម្មណ៍ថាក្មេងៗច្រៀងពីរោះៗ ហើយមកច្រើន បែរជានាងមានអារម្មណ៍ថា អត់ជឿជាក់លើខ្លួនឯងទៅវិញ គឺដូចខុស Version ។ នាងថាមានអ្នករៀបចំកម្មវិធីហៅនាងច្រៀងដែរតែនាងមិនទទួល ប៉ុន្ដែមួយរយៈចុងក្រោយនេះ នាងបង្ហោះអី ក៏ Fan តាមខម្មិន តាមសួរ ពួកគេចង់ឃើញនាងត្រឡប់មកឆាកតន្ត្រី ។ បញ្ញា បន្ថែមថា ថ្មីៗនេះ នាងមើលបណ្ដាញសង្គម ឃើញអ្នកសិល្បៈ ទាំងចាស់ទាំងក្មេង មានសកម្មភាពសិល្បៈច្រើន អ៊ីចឹងមានមានអារម្មណ៍ថា នឹករលឹក រហូតដល់ឡើងឆាក នៅពេលនេះតែម្ដង។

  ទាក់ទងការវិលរកឆាកតន្រ្ដីហង្សមាស ជាថ្មី របស់ឈិត សុវណ្ណបញ្ញា នេះធ្វើឲ្យមានការសង្ស័យថា តារារូបស្រស់នេះអាចនឹងចវិលចូលហង្សមាស ជាលើកទី២ បន្ទាប់ពីនាងបានដើរចេញពីផលិតកម្មនេះ កាលពីឆ្នាំ២០១៧  ។ ប៉ុន្ដែប្រភពពីអ្នកដឹកនាំកម្មវិធី Concerts របស់ហង្សមាស ម្នាក់ ប្រាប់ថា សុវណ្ណបញ្ញា ឡើងច្រៀង ជាតារាកិត្តិយសម្នាក់ប៉ុណ្ណោះ ពោលគឺគ្មានគម្រោងចូលហង្សមាស ម្ដងទៀតទេ ។ ចំពោះមូលហេតុ បុគ្គលិកហង្សមាស បង្ហើបថាព្រោះតែហង្សមាស គ្មានគោលការណ៍ហៅតារាចាស់ៗមកវិញទេ ដោយសាតែចង់បើកឱកាសឲ្យតារាថ្មីៗរបស់ខ្លួន ដែលជ្រើសរើសបានពីការប្រលងចម្រៀង មានបទច្រៀង។

  គួររំលឹកថា ឈិត សុវណ្ណបញ្ញា  ជ្រកនៅហង្សមាស ១១ឆ្នាំ (២០០៦-២០១៧) ដែលមានបទចម្រៀងដល់ទៅ ១៦១បទ ។ ក្រោយចេញពីហង្សមាស ទាំងចម្រូងចម្រាស ព្រោះតែបញ្ញា មិនសប្បាយចិត្តថៅកែផលិតកម្ម សន្យាចេញ Solo Album ឲ្យតែច្រៀង ជាង១០ឆ្នាំ នៅតែអត់ឃើញ ទើបនាងបាយបាយ ។ បញ្ញា បានទៅជ្រកនៅថោន ៥ឆ្នាំ ហើយចាប់ពីឆ្នាំ២០២២ នាងក៏ដកខ្លួនពីអាជីពចម្រៀង ទាំងស្រុងតែម្ដង ។ ការវិលវិញរបស់សុវណ្ណបញ្ញា នាពេលនេះគ្រាន់តែឆ្លើយតបទៅ Fan ដែលចង់ឲ្យនាងកុំបោះបង់អាជីពចាស់ តែបញ្ញា មិនបានសន្យាថានាងនឹងវិលមកប្រឡូកអាជីពចម្រៀងពេញទំហឹងដូចមុនទេ ។

  សូមបញ្ជាក់ថា មុនឈិត សុវណ្ណបញ្ញា ឡើងឆាកវិញនេះ កាលពីទី២៧ ខែឧសភា ឆ្នាំ២០២៥ នាងបានហោះទៅមើលការច្រៀងសម្ដែងផ្ទាល់ ព្រឹត្តិការណ៍ប្រគំតន្រ្ដីរបស់តារាចម្រៀង Lady Gaga នៅប្រទេសសិង្ហបុរី (សាំងហ្គាពួរ) ហើយថែមទាំងបានជួបអ្នកនាងហ្សូអ៊ីថេ ដែលប្រជាជនកម្ពុជា ស្គាល់ច្បាស់ជាតួអង្គ បូបូ ទៀតផង ដែលធ្វើឲ្យបញ្ញា កាន់តែអាល័យអាជីពចាស់របស់ខ្លួន ព្រោះតាំងពីបោះបង់អាជីពចម្រៀង រយៈពេល៨ឆ្នាំមក នាងចាប់យកវិថីជីវិតព្រះធម៌ តាមមាគាព្រះពុទ្ធសាសនា ស្លៀកស ញាំអាហារបួស ធ្វើសមាធិឲ្យស្ងប់ចិត្ត។

  ពិធីករលោករ៉ាស៊ី ថ្លែងថាលោកបានដឹងថាបញ្ញា ជាតារាចូលចិត្តធ្វើបុណ្យ ធ្វើសមាធិ ទៅវត្ត វិបស្សណា អីចឹងហើយបានជាសម្រស់នៅស្អាត  ជ្រះថ្លា…៕

RELATED ARTICLES