
ភ្នំពេញ ៖ បណ្ឌិតសេង សារី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវសង្គម ដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានលើកឡើងថា ថៃ បានទាញលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ចូលទៅក្នុងជម្លោះព្រំដែនជាមួយកម្ពុជា ក្នុងចេតនាបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា ។ យ៉ាងណា លោកសង្ឃឹមថា អ្នកនយោបាយជាន់ខ្ពស់ទាំងពីរបក្ស (បក្សកាន់អំណាច និងអតីតបក្សប្រឆាំង) រក្សាសត្រូវរួម ទុកការប្រកួតប្រជែងនយោបាយផ្ទៃក្នុង មួយអន្លើសិន ក្នុងដំណាក់កាលនេះ។
លោកបណ្ឌិត សេង សារី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ពួកថៃ ចាប់ផ្តើមប្តូរយុទ្ធសាស្រ្ត ដោយទាញលោក សម រង្ស៊ី បញ្ចូលក្នុងជម្លោះព្រំដែន ក្នុងចេតនាដើម្បីបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា ព្រោះខ្លួនចាញ់ប្រៀបកម្ពុជា និងកំពុងបែកបាក់ផ្ទៃក្នុងខ្លួនឯង ខណ:កម្ពុជា រក្សាជំហរប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ សង្ឃឹមថា អ្នកនយោបាយជាន់ខ្ពស់ទាំងពីរបក្ស រក្សាសត្រូវរួម ទុកការប្រកួតប្រជែងនយោបាយផ្ទៃក្នុង មួយអន្លើសិន ក្នុងដំណាក់កាលនេះ“ ។
បន្ថែមលើសំណេរខាងលើនេះ លោកបណ្ឌិត សេង សារី បានថ្លែងបកស្រាយបន្ថែមថា ពេលនេះ ជាពេលវេលាមួយដ៏ល្អបំផុត សម្រាប់លោកសម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកម្ពុជា ដែលជាប្រទេសកំណើតវិញ ប៉ុន្តែមិនត្រូវទៅតាមប្រទេសថៃ នោះទេ ព្រោះចុះទៅដល់ប្រទេសថៃ ភ្លាម លោកសម រង្ស៊ី នឹងក្លាយជាឧបករណ៍បម្រើនយោបាយ ព្រោះថៃ ឥឡូវនេះកំពុងតែមានភាពទាល់ច្រក ហើយចាញ់ប្រៀបកម្ពុជា ។ អ្វីដែលសំខាន់ ដំណាក់កាលនេះ ទាំងរដ្ឋាភិបាល ទាំងមេដឹកនាំបក្សប្រឆាំង ដែលមានឥទ្ធិពលនោះ បានរួមដៃគ្នា ដើម្បីទប់ស្កាត់នូវការឈ្លានពាន ដើម្បីការការពារបូរណទឹកដីរបស់កម្ពុជា ។
លោកបណ្ឌិត សេង សារី បានមានប្រសាសន៍ថា “សម្រាប់ខ្ញុំ ជាអ្នកតាមដានកិច្ចការងារសង្គម និងនយោបាយ ខ្ញុំគិតថា ជាពេលវេលាមួយដ៏ល្អបំផុត សម្រាប់លោកសម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ ត្រលប់ទៅប្រទេសកម្ពុជា ដែលជាប្រទេសកំណើតវិញ មានន័យស្មើនឹងលោកសម រង្ស៊ី ត្រលប់ទៅសមរភូមិនយោបាយពិតប្រាកដ ។ ក៏ប៉ុន្តែអ្វីដែលត្រូវប្រុងប្រយ័ត្នក្នុងកាលៈទេសៈនេះ គឺលោកសម រង្ស៊ី ត្រលប់ទៅកម្ពុជា ខ្ញុំមិនដឹងថា តើនឹងមានយន្តការទំនាក់ទំនងចរចាអីយ៉ាងម៉េចនៅក្នុងការអាចត្រលប់ទៅកម្ពុជា វិញយ៉ាងណាទេ ប៉ុន្តែរឿងមួយដែលលោកសម រង្ស៊ី ត្រូវប្រយ័ត្នបំផុត គឺការត្រលប់ទៅកម្ពុជា វិញ តាមរយៈប្រទេសថៃ ។ សម្រាប់ខ្ញុំ ជាពេលវេលាដែលល្អបំផុតសម្រាប់លោកសម រង្ស៊ី គួរត្រលប់ទៅកម្ពុជា ប៉ុន្តែមិនត្រូវទៅតាមប្រទេសថៃ ទេ ទៅតាមមធ្យោបាយណាក៏បានដែរ ទៅតាមម៉ាឡេស៊ី ទៅតាមសាំងហ្គាពួរ ឬក៏ម៉ៅយន្តហោះ ទៅចុះនៅភ្នំពេញ អី អាហ្នឹងក៏បានដែរ ប៉ុន្តែកុំទៅតាមថៃ ។ ទោះបីទៅតាមប្រទេសថៃ ធ្វើឲ្យចំណេញនយោបាយលោកសម រង្ស៊ី ដោយសារតែមានពលករភាគច្រើន នៅគាំទ្រលោកសម រង្ស៊ី ប៉ុន្តែខណៈដែលលោកសម រង្ស៊ី ចុះទៅដល់ប្រទេសថៃភ្លាម លោកសម រង្ស៊ី នឹងក្លាយជាឧបករណ៍បម្រើនយោបាយ ព្រោះថៃ ឥឡូវនេះកំពុងតែមានភាពទាល់ច្រក ហើយចាញ់ប្រៀបកម្ពុជា ។ អ៊ីចឹងហើយខ្ញុំថា បើសិនជាលោកសម រង្ស៊ី ទៅតាមប្រទេសថៃ ទៅស្អែកហ្នឹង គឺថៃ បើកច្រកឲ្យចូលភ្លាម អាហ្នឹងគឺមួយរយភាគរយ ព្រោះយោធាថៃ ក៏ដូចជាខាងប្រទេសថៃ ហ្នឹង កំពុងតែរកមធ្យោបាយនៅក្នុងការបំបែកបំបាក់ប្រទេសកម្ពុជា ដែរ ។ ដូច្នេះជាពេលវេលាដែលលោកសម រង្ស៊ី ត្រូវទៅ ប៉ុន្តែមិនត្រូវទៅតាមប្រទេសថៃ ។ បើមិនដូច្នោះទេ លោកសម រង្ស៊ី អាចត្រូវបានប្រឈមជាមួយនឹងការរីកឡើងនៃជាតិនិយមរបស់ពលរដ្ឋទូទៅ ហើយនឹងឈានទៅដល់ពលរដ្ឋសម្លឹងឃើញថា ជាអ្នកដែលចូលដៃជាមួយនឹងសត្រូវ ដូច្នេះជារឿងមួយដែលគួរតែប្រយ័ត្នប្រយែង“ ។

លោកបណ្ឌិត សេង សារី បានមានប្រសាសន៍បន្តថា “ហើយចំណុចមួយទៀត ដែលខ្ញុំមើលឃើញនោះ វាគឺជាដំណាក់កាលមួយដែលកម្ពុជា គួរតែបង្ហាញទៅពលករ ពីគ្រប់និន្នាការនយោបាយថា ជាអ្នកនយោបាយដែលចាស់ទុំ ជាអ្នកនយោបាយជាន់ខ្ពស់ នៅពេលដែលយើងមានសត្រូវរួម យើងគួរតែបញ្ឈប់ជម្លោះ ការប្រកួតប្រជែងនយោបាយផ្ទៃក្នុង មួយរយៈ ហើយយើងធ្វើការសហការបង្កើតសាមគ្គីភាពជាធ្លុងមួយ ដែលបង្ហាញឲ្យភាគីថៃ ថាដំណាក់កាលនេះ ទាំងរដ្ឋាភិបាល ទាំងមេដឹកនាំបក្សប្រឆាំង ដែលមានឥទ្ធិពលនោះ បានរួមដៃគ្នាដើម្បីទប់ស្កាត់នូវការឈ្លានពាន ទប់ស្កាត់ដើម្បីការការពារបូរណទឹកដីរបស់កម្ពុជា ដូចអ្វីដែលថៃ កំពុងតែកើតឡើងដែរ យើងឃើញថា តាមពិតគណបក្សភឿថៃ ជាមួយនឹងគណបក្សប្រជាជនថៃ ដែលដឹកនាំដោយយុវជនជំនាន់ថ្មីនេះ យើងឃើញថា នៅពេលដែលមានជម្លោះនៅក្នុងសភាក្ដី នៅក្នុងការប្រកួតប្រជែងអំឡុងការបោះឆ្នោតក្ដី គឺហាក់ដូចជាស្រួចស្រាល់ណាស់ រិះគន់គ្នាមិនសំចៃមាត់ទេ ក៏ប៉ុន្តែនៅពេលដែលថៃ មានជម្លោះជាមួយនឹងកម្ពុជា យើងឃើញថា គណបក្សប្រឆាំងថៃ ដ៏ធំ ដែលមានឥទ្ធិពលនោះ គណបក្សប្រជាជនថៃ នោះ បែរជាផ្ដល់ប្រឹក្សា លើកទឹកចិត្តរដ្ឋាភិបាល ជួយផ្ដល់យោបល់ដើម្បីធ្វើម៉េចទប់ទល់ជាមួយកម្ពុជា ដែលគេគិតថាជាសត្រូវរួមដូចគ្នា ។ អ៊ីចឹងហើយ សម្រាប់ខ្ញុំៗថា ជាពេលវេលាមួយដ៏សមស្របណាស់ ដែលទាំងលោកសម រង្ស៊ី ទាំងមេដឹកនាំគណបក្សប្រឆាំងផ្សេងៗទៀត មកពីគណបក្សតូចៗផ្សេងៗទៀត បង្ហាញនូវជំហរសាមគ្គីគ្នា អំឡុងពេលដែលយើងកំពុងតែមានសត្រូវរួម ខណៈដែលសង្រ្គាមមួយនេះចប់ បន្ទាប់មក ចាំយើងប្រកួតគ្នា…»។
លោកបណ្ឌិត សេង សារី បន្តទៀតថា «បើសិនជារឿងនេះវាកើតឡើងមែន នៃការព្រួតដៃគ្នា សហការគ្នា សាមគ្គីគ្នានៅក្នុងការបង្ហាញសាច់ដុំទៅថៃ ក្បែរហ្នឹង សាមគ្គីគ្នានៅពេលដែលខ្មែរ មានសត្រូវរួម ខ្មែរសាមគ្គីគ្នា ខ្មែរព្រួតដៃគ្នានៅក្នុងការការពារបូរណភាពទឹកដី អានេះហៅថាជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះពិតប្រាកដ គឺឈ្នះជាតិខ្មែរទាំងស្រុង ទី១ គឺធ្វើឲ្យអន្តរជាតិមើលឃើញថា កម្ពុជា ចាប់ផ្ដើមចេះដោះស្រាយបញ្ហានយោបាយផ្ទៃក្នុងដោយយន្តការប្រជាធិបតេយ្យ ។ ទី២ បង្ហាញទៅអន្តរជាតិ បង្ហាញទៅថៃ ថាទោះបីជាខ្មែរឈ្លោះគ្នានៅក្នុងនយោបាយផ្ទៃក្នុងប៉ុនណា ប៉ុន្តែនៅពេលដែលខ្មែរ មានសត្រូវរួម គឺខ្មែរ ព្រួតដៃគ្នានៅក្នុងការការពារបូរណភាពទឹកដី ។ ចំណុចនេះ ខ្ញុំចង់បើកវង់ក្រចកថា ជាការពិចារណាទេ អ្នកខ្លះ គេប្រើប្រាស់យុទ្ធសាស្រ្តសាមកុក ថា គេថាជាសត្រូវរបស់សត្រូវ គឺជាមិត្ត ប៉ុន្តែអាយុទ្ធសាស្រ្តសត្រូវ គឺជាមិត្តហ្នឹង ប្រើនៅក្នុងកាលៈទេសៈនេះ អត់បានទេ…” ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិត សេង សារី ខាងលើនេះ បានធ្វើឡើងក្រោយពីសារព័ត៌មានថៃ អនឡាញមួយចំនួន បានចុះផ្សាយរឿងលោកសម រង្ស៊ី វាយប្រហារមកលើមេដឹកនាំកម្ពុជា (សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា) ។ ជាក់ស្តែង សារព័ត៌មានថៃ ឈ្មោះ «MGR Infographics» នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានចុះផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា “សម រង្ស៊ី បន្តតិះដៀលឪពុកនិងកូន ត្រកូលហ៊ុន ថាទន់ខ្សោយ និងពុករលួយ ធ្វើឲ្យប្រទេសជិតខាង មិនឲ្យតម្លៃកម្ពុជា” ។
សារព័ត៌មានថៃ ខាងលើនេះ បានសរសេរថា “អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី មានប្រសាសន៍ថា អ្នកជិតខាង មិនឲ្យតម្លៃកម្ពុជា ព្រោះពួកគេដឹងថា កម្ពុជា មានមេដឹកនាំខ្សោយ និងពុករលួយ ហើយពួកគេដឹងពីចំណុចខ្សោយរបស់ត្រកូលហ៊ុន និងខ្លាចបាត់បង់អំណាច ដោយខ្លាចថា អគ្គិសនី និងអ៊ីនធឺរណិត នឹងត្រូវកាត់ផ្តាច់ ហើយចំណូលពីឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិត នឹងត្រូវបាត់បង់ ពួកគេមិនហ៊ានប្រឈមមុខនឹងប្រទេសថៃ ខណៈទាហានគ្មានអាហារបរិភោគ និងគ្មានអាវុធទំនើបៗប្រើ ដូចអង្គរក្សរបស់លោកហ៊ុន សែន“ ។

សារព័ត៌មានថៃ ដដែល បានសរសេរបន្តថា កាលពីថ្ងៃទី១១ ខែមិថុនា នៅលើទំព័រហ្វេសប៊ុក “សម រង្ស៊ី” របស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងកម្ពុជា បច្ចុប្បន្នកំពុងនិរទេសខ្លួននៅបរទេស បានបង្ហោះសារថា «ប្រទេសជិតខាង មិនឲ្យតម្លៃកម្ពុជា ទេ ព្រោះគេដឹងថាយើងមានមេដឹកនាំខ្សោយ និងពុករលួយ» ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ខាងលើ បានសរសេរបន្តថា «លោក សម រង្ស៊ី ក៏បានបង្ហោះសារបន្ថែម ក្នុង Comment ក្រោមការបង្ហោះថា ៖ គាត់សម្លុតខ្ញុំ គាត់គំរាមខ្ញុំ គាត់មិនឲ្យតម្លៃកម្ពុជា គាត់មិនគោរពអធិបតេយ្យរបស់ប្រទេសយើង ព្រោះគេដឹងថា កម្ពុជា មានមេដឹកនាំទន់ខ្សោយ មេដឹកនាំពុករលួយ ដែលមិនដែលគិតពិតប្រាកដក្នុងការការពារបូរណភាពទឹកដីយើង។ គេដឹងពីចំណុចខ្សោយរបស់ហ៊ុន សែន និងហ៊ុន ម៉ាណែត ដែលខ្លាចបាត់បង់អំណាច បាននិយាយថា គ្រាន់តែឃាតកម្មលើលិម គឹមយ៉ា អាចត្រូវថៃ ប្រើដើម្បីគំរាមគ្រួសារហ៊ុន ប្រសិនបើថៃ កាត់ផ្តាច់ភ្លើង និងអ៊ីនធឺរណិតនៅប៉ោយប៉ែត និងតំបន់ល្បែងស៊ីសងផ្សេងទៀត គ្រួសារហ៊ុន នឹងបាត់បង់ប្រាក់ចំណូលពីឧក្រិដ្ឋកម្មតាមអ៊ីនធឺរណិត ហើយនេះជាមូលហេតុដែលគ្រួសារហ៊ុន ខ្លាចប្រឈមមុខជាមួយប្រទេសថៃ ក្នុងជម្លោះព្រំដែន ហើយបើយើងនិយាយពីសព្វាវុធ កងទ័ពជាតិកម្ពុជា មិនមានអាវុធទំនើបដូចអង្គរក្សលោក ហ៊ុន សែន ទេ ។ កងទ័ពជាតិកម្ពុជា មិនមានសូម្បីតែអាហារហូបចុក ហើយឧបករណ៍សុវត្ថិភាពក៏មិនគ្រប់គ្រាន់។ ជីវិតរបស់លោកសួន រ៉ោន និងជីវិតរបស់ទាហានដែលបានពលី ដើម្បីការពារព្រំដែន ត្រូវបានប្រើប្រាស់ជាល្បែងនយោបាយ ដើម្បីការពារអំណាចរបស់គ្រួសារហ៊ុន ហើយការពារអំណាចរបស់គ្រួសារថាក់ស៊ីន ដែលជាបងប្អូនធម៌ ពីការផ្តួលរំលំដោយយោធាថៃ (អ្នកជួយខ្ញុំ ខ្ញុំជួយអ្នក)» ។
ជុំវិញការចុះផ្សាយរបស់សារព័ត៌មានថៃ ខាងលើនេះ ក៏ដូចជាការលើកឡើងរបស់លោកបណ្ឌិត សេង សារី ចង់ឲ្យមានការចរចា ផ្សះផ្សា បង្រួបបង្រួមជាតិ រវាងអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដើម្បីបើកផ្លូវឲ្យលោកសម រង្ស៊ី បានវិលចូលស្រុកវិញ និងអាចមានឱកាសបានចូលរួមទប់ស្កាត់សត្រូវរួម ដែលឈ្លានពានទឹកដីខ្មែរ ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ថា ទណ្ឌិតសម រង្ស៊ី ជាសំរាមនយោបាយ ដែលគ្មាននរណារាប់អានទេ ថៃ ប្រមូលយកសំរាមទៅដាក់ក្នុងប្រទេសខ្លួន វាកាន់តែធ្វើឲ្យនយោបាយថៃ ធ្ងន់ធ្ងរថែមទៀតហើយ ។ ចំណែកការចូលស្រុក របស់មេខ្លោងជ្រុលនិយមនេះ ដាច់ខាតអត់មានទេ ពីព្រោះវាកើតចេញពីផលវិបាកនៃនយោបាយ ដែលបានចាត់ទុកមេដឹកនាំកម្ពុជា ថាជាខ្មាំងសត្រូវរបស់ខ្លួន ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ខ្ញុំយល់ថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ហើយនិងបក្ខពួកហ្នឹង គឺថាជាសំរាមនយោបាយ ដែលគ្មាននរណារាប់អានទេ ទោះបីរាល់ថ្ងៃនេះនៅស្រុកបារាំង ក៏ដោយ សួរថាបារាំង មានរាប់អាន មានដែលនឹកឈ្មោះបុគ្គលនេះទេ? អត់ទេ ។ អ៊ីចឹងបើសិនណាជាថៃ ប្រមូលយកសំរាម ទៅដាក់ក្នុងប្រទេសខ្លួន អាហ្នឹងវាកាន់តែធ្វើឲ្យនយោបាយថៃ ហ្នឹងកាន់តែធ្ងន់ធ្ងរថែមទៀតហើយ ។ អ៊ីចឹងខ្ញុំយល់ថា វាអត់មានប្រយោជន៍អីក្នុងការដែលឱបក្រសោបសំរាមដែលកម្ពុជា បោះចោលហើយនោះទេ ។ ចំពោះរឿងចូលស្រុក សម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះ គឺថាវាអាប់ក្រឡាហើយ បើនិយាយពីលេងអុក គេហៅអាប់ក្រឡា ។ ដូច្នេះអត់មានលទ្ធភាពទេ ហើយទន្ទឹមនឹងទណ្ឌិតរូបនេះអាយុ៧៦ឆ្នាំហើយ វាចូលដល់អាយុអស្ដង្គតហើយ ដូច្នេះមិនមានប្រយោជន៍អី ឬមួយក៏មិនមានឥទ្ធិពលអីក្នុងការចូលស្រុកទេ ហើយបើចូលស្រុក គឺខ្នោះរង់ចាំនៅទ្វារកប៉ាល់ហោះហ្នឹងតែម្ដង“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “រឿងព្រំដែនជាមួយថៃ នេះ យើងដោះស្រាយតាមឯកសារបន្សល់ទុកដោយអាណានិគមបារាំង ជាមួយនឹងសៀម ដែលបានចុះហត្ថលេខាជាមួយគ្នា តាំងពីឆ្នាំ១៩០៤-១៩០៧ ហើយគួបផ្សំនឹងឧបសម្ព័ន្ធដែលមានផែនទីខ្នាត ១/២០០ ០០០ ដែលផលិតដោយបារាំង នៅឆ្នាំ១៩០៨ ។ អ៊ីចឹងទេ វាអត់មានបញ្ហាអីពិបាកក្នុងការទៅតុលាការយុត្តិធម៌អន្តរជាតិ ។ ឥឡូវរាជរដ្ឋាភិបាល បានសម្រេចចិត្តក្នុងការដាក់ពាក្យបណ្ដឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ រួចហើយ អ៊ីចឹងរង់ចាំតែពេលណាដែលតុលាការលោកពិនិត្យសំណុំឯកសារហ្នឹង ហើយនិងកោះហៅតែប៉ុណ្ណោះទេ ។ ដូច្នេះការចូលស្រុក រឿងមេខ្លោងជ្រុលនិយមនេះ ដាច់ខាតគឺអត់មានទេ ពីព្រោះវាកើតចេញពីផលវិបាកនៃនយោបាយ ចាត់ទុកមេដឹកនាំកម្ពុជា ថាជាខ្មាំងសត្រូវរបស់ខ្លួន ។ អ៊ីចឹងទេ ការដែលខ្លួនចង់ចូលមកប្រទេសកម្ពុជា វាអត់មានលទ្ធភាពទាល់តែសោះ ។ ប៉ុន្តែបញ្ហានេះ គឺសម្ដេចប្រមុខគណបក្សប្រជាជនកម្ពុជា និងប្រមុខរាជរដ្ឋាភិបាល តាំងពីនីតិកាលមុន គឺលោកបានជម្រាបជូនហើយ សមាជិក សមាជិកាក្រុមឧទ្ទាមក្រុមជ្រុលនិយម គឺថាបើចង់ចូលស្រុក អាហ្នឹងគឺកម្ពុជា នឹងស្វាគមន៍ ក៏ប៉ុន្តែលើមូលដ្ឋាននៃការផ្ដាច់ខ្លួនឲ្យជ្រះស្រឡះជាមួយនឹងទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ជ្រុលនិយម សម រង្ស៊ី ដែលកំពុងនៅប្រទេសបារាំង ហ្នឹងឯង“ ៕ កុលបុត្រ