
ភ្នំពេញ ៖ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ជាប្រធានគណៈកម្មការកិច្ចការព្រំដែននិងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ និងជាសមាជិកក្រុមប្រឹក្សាជាតិតស៊ូ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា ការបញ្ចេញខ្សែអាត់សំឡេងឆ្លងឆ្លើយរវាងសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ គឺជា «ល្បិចក្នុងគ្រោះមានលាភ» របស់សម្ដេចហ៊ុន សែន ដែលប្រើដើម្បីការពារអំណាចត្រកូលថាក់ស៊ីន ។ ជាមួយនេះ លោកអ៊ុំ សំអាន ក៏ដូចជាលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សង្គ្រោះជាតិ) និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជូនពាក្យបណ្តឹង ករណីជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ជាមួយប្រទេសថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឲ្យបានឆាប់បំផុត ។
លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ល្ខោនសម្តែងបានល្អ ធ្វើឲ្យអ្នកតាមដានជក់ចិត្ត! ល្បិចសាមកុក! សំណាងក្នុងគ្រោះឬក្នុងគ្រោះមានលាភ! ការបញ្ចេញខ្សែអាត់សំឡេងឆ្លងឆ្លើយរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន មិនគ្រាន់តែមិនអាចបង្កហានិភ័យដល់តំណែងនាយករដ្ឋមន្ត្រី របស់អ្នកស្រី ផែថងថាន តាមរយៈរដ្ឋប្រហារនោះទេ ផ្ទុយទៅវិញ វាជួយបង្ហាញប្រាប់យោធាថៃ ថាចំណងបងប្អូនធម៌ រវាងលោក ហ៊ុន សែន និងលោក ថាក់ស៊ីន ដើរដល់ផ្លូវបំបែកហើយ។ ហេតុនេះ អ្នកស្រី ផែថងថាន សូមឲ្យយោធាថៃ និងពលរដ្ឋថៃ រួបរួមគ្នាជាធ្លុងមួយជាមួយអ្នកស្រី ដើម្បីការពារទឹកដី និងប្រឆាំងត្រកូលហ៊ុន។ ដូច្នេះការបែកខ្សែអាត់សំឡេងឆ្លងឆ្លើយ គឺជួយលាងអ្នកស្រី ឲ្យជ្រះស្អាតពីមន្ទិលសង្ស័យពាក់ព័ន្ធបងប្អូនធម៌ទៅវិញ។ ការបែកខ្សែអាត់សំឡេងឆ្លងឆ្លើយ ក៏ធ្វើឲ្យពួកយោធា ជឿទុកចិត្តអ្នកស្រី ផែថងថាន ដោយគិតថា ត្រកូលហ៊ុន និងត្រកូលស៊ីណាវ៉ាត់ កំពុងមានអរិភាពនឹងគ្នា ដើម្បីបញ្ចៀសរដ្ឋប្រហារ។ លោក ថាក់ស៊ីន នឹងខលមកអរគុណលោក ហ៊ុន សែន ដែលបានជួយសង្រ្គោះឲ្យកូនស្រីរបស់គាត់រួចផុតពីរដ្ឋប្រហារ និងអាចកាន់អំណាចរហូតដល់ចប់អណត្តិ។ លោក ហ៊ុន សែន ប្រើល្បិចក្នុងគ្រោះមានលាភនេះ ដើម្បីការពារអំណាចត្រកូលថាក់ស៊ីន ព្រោះគាត់យល់ថា បើត្រកូលថាក់ស៊ីន អស់អំណាច នោះអ្នកដឹកនាំថ្មីរបស់ថៃ លែងសហការជាមួយកម្ពុជា ក្នុងការបង្រ្កាបសកម្មជនបក្សប្រឆាំងកម្ពុជា នៅប្រទេសថៃ“ ។
លោកអ៊ុំ សំអាន បានសរសេរបន្ថែមនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា “តាមពិត ហ្វេសប៊ុក លោកហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ថា «លិខិតផ្លូវការ» របស់កម្ពុជា។ មានន័យថា លិខិតផ្លូវការ ឬសេចក្តីជូនដំណឹង គឺមិនមែនជាពាក្យបណ្តឹងទេ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត និងអ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយកន្លងមកថា កម្ពុជា បានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចហើយ។ រីឯក្រសួងការបរទេសកម្ពុជា សរសេរថា កម្ពុជាបានជូនព័ត៌មានទៅតុលាការ ICJ ពីបំណងដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទព្រំដែនលើតំបន់ទាំង៤។ ដូច្នេះ កម្ពុជា មិនទាន់បានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅ ICJ នៅឡើយទេ។ ហេតុនេះហើយ ទើបយើងឆែកមើលតាមអនឡាញ អត់ទាន់ឃើញពាក្យបណ្តឹងរបស់កម្ពុជា នៅ ICJ នោះទេ។ យើងជំរុញឲ្យរដ្ឋាភិបាល ដាក់បញ្ជូនពាក្យបណ្តឹងជាផ្លូវការ និងឯកសារពាក់ព័ន្ធ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ឲ្យបានឆាប់បំផុត។ យើងក៏ស្នើឲ្យរដ្ឋាភិបាល ដាក់បណ្តឹងករណីកោះគុត និងដែនសមុទ្រត្រួតស៊ីគ្នា ទៅជាមួយគ្នាផងដែរ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ថា ការដែលសម្ដេចហ៊ុន សែន លេងល្បិច ដើម្បីជួយត្រកូលថាក់ស៊ីន ដោយសារគាត់យល់ថា មានតែត្រកូលថាក់ស៊ីន ទេ ដែលអាចបង្រ្កាបសកម្មជនបក្សប្រឆាំងរបស់កម្ពុជា នៅថៃ បើក្រៅពីត្រកូលថាក់ស៊ីន លែងមានអ្នកជួយបង្រ្កាបសកម្មជនបក្សប្រឆាំងកម្ពុជា នៅថៃ ហើយ ។ ចំពោះមូលហេតុកម្ពុជា មិនបញ្ជូនពាក្យបណ្ដឹងរឿងជម្លោះប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ឲ្យបានឆាប់បំផុត ព្រោះគណបក្សកាន់អំណាច គ្រាន់តែគំរាមថៃ ឲ្យភ័យប៉ុណ្ណោះ ឯអ្វីដែលស្ទាក់ស្ទើរ បើសម្រុះសម្រួលត្រូវគ្នាវិញ អាចបន្តការចរចាទ្វេភាគី ។ យ៉ាងណា រដ្ឋាភិបាល ត្រូវតែរៀបចំពាក្យបណ្ដឹងឲ្យបានឆាប់បំផុត កុំទុកយូរ បើទុកយូរ ប្រាសាទទាំងបី និងតំបន់មុំបី ប្រាកដជាបាត់ហើយ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “វាជាល្បិចក្នុងគ្រោះមានលាភ របស់លោកហ៊ុន សែន ដែលចង់ការពារត្រកូលថាក់ស៊ីន ។ យើងមើលមួយភ្លែតទៅ ស្មានតែលោកហ៊ុន សែន និងត្រកូលថាក់ស៊ីន ហ្នឹង អត់ត្រូវគ្នា ឈ្លោះគ្នាអ៊ីចឹង តាមពិតគេធ្វើឈ្លោះគ្នា ដើម្បីឲ្យយោធាថៃ ហ្នឹងទុកចិត្តទៅ គណបក្សប្រឆាំងថៃ ទុកចិត្តទៅ ពលរដ្ឋថៃ ទុកចិត្តទៅ អ្នកស្រី ផែថងថាន អាចកាន់អំណាចតទៅទៀតបាន មិនមានរដ្ឋប្រហារនៅថៃ ហើយអាចកាន់តំណែងរហូតដល់ចប់អាណត្តិតែម្ដង ។ អាហ្នឹងជាល្បិចរបស់លោកហ៊ុន សែន ដើម្បីជួយត្រកូលថាក់ស៊ីន ទេ ព្រោះគាត់យល់ថា មានតែត្រកូលថាក់ស៊ីន ទេ ដែលអាចបង្រ្កាបសកម្មជនបក្សប្រឆាំងរបស់កម្ពុជា នៅថៃ ។ បើក្រៅពីត្រកូលថាក់ស៊ីន លែងមានអ្នកជួយបង្រ្កាបសកម្មជនបក្សប្រឆាំងកម្ពុជា នៅថៃ ហើយ ។ អ៊ីចឹងបានជាគាត់លេងល្បិចហ្នឹង ហើយយើងមិនដឹង ស្មានថាគេឈ្លោះគ្នាមែនទែន តាមពិតមិនមែនទេ“ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ ចំពោះមូលហេតុកម្ពុជា មិនបញ្ជូនពាក្យបណ្ដឹង រឿងជម្លោះប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តំបន់មុំបី ហ្នឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ឲ្យបានឆាប់បំផុតហ្នឹង ព្រោះគណបក្សប្រជាជន គ្រាន់តែគំរាមថៃ ប៉ុណ្ណឹងឯង ថាប្ដឹងអ៊ីចឹង ដើម្បីឲ្យថៃ ភ័យ ។ បើសិនជាមើលទៅថៃ សម្រុះសម្រួលត្រូវគ្នាវិញ អត់ប្ដឹងអ៊ីចឹងទៅ ចរចាទ្វេភាគីបន្តទៀតអ៊ីចឹងទៅ ។ អាហ្នឹងដើម្បីឲ្យថៃ ជួយការពារអំណាចរបស់ត្រកូលហ៊ុន បន្តទៀតអ៊ីចឹងទៅ នៅពេលដែលត្រូវគ្នាហ្នឹង ។ អ៊ីចឹងមូលហេតុទាំងអស់ហ្នឹងហើយ ទើបគាត់ហាក់ដូចជាស្ទាក់ស្ទើរក្នុងការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ“ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តទៀតថា “ហើយមួយទៀត បើប្ដឹងអ៊ីចឹងទៅ ខ្លាចយួន ខឹង យួន ថាយី! ទៅប្ដឹងអ៊ីចឹង ថ្ងៃក្រោយប្ដឹងវៀតណាម ដែរហើយ ។ អ៊ីចឹងអាចយួន ខឹង វាបាត់បង់អំណាចរបស់ត្រកូលហ៊ុន អាចយួន ទម្លាក់ត្រកូលហ៊ុន ពីអំណាច ។ អ៊ីចឹងហើយបានជាគាត់រាងស្ទាក់ស្ទើររឿងប្ដឹងថៃ ហ្នឹង ព្រោះយួន គេអត់ចង់ឲ្យប្ដឹងទេ ខ្លាចថ្ងៃក្រោយទៅ កម្ពុជា ប្ដឹងយួនដែរ រឿងទឹកដីហ្នឹង ។ ប៉ុន្តែយើងជំរុញឲ្យរដ្ឋាភិបាលហ្នឹង រៀបចំពាក្យបណ្ដឹងហ្នឹង ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ព្រោះកំពុងមានជម្លោះជាមួយថៃ ត្រូវតែដាក់ពាក្យប្ដឹងភ្លាមៗ កុំទុកយូរ បើទុកយូរហ្នឹង អាចរេរាហ្នឹង ចុងក្រោយអត់ប្ដឹងហ្នឹង ចប់ហើយ ប្រាសាទទាំងបីហ្នឹង ប្រាកដជាបាត់ហើយ តំបន់មុំបីហ្នឹង ប្រាកដជាបាត់ហើយ ។ ដូច្នេះត្រូវប្ដឹងឲ្យឆាប់ទៅ តាមដែលអាចធ្វើទៅបាន ហើយប្ដឹងហ្នឹងបន្ថែមកោះគុត ហើយនិងដែនសមុទ្រត្រួតស៊ីគ្នាហ្នឹង ទៅ ICJ ជាមួយគ្នាផង កុំប្ដឹងតែដែនគោក ត្រូវប្ដឹងដែនទឹក ទៅជាមួយគ្នាផងដែរ»។
ស្របនឹងការលើកឡើងរបស់លោកអ៊ុំ សំអាន សមាជិកក្រុមប្រឹក្សាជាតិតស៊ូ ដែលជំរុញឲ្យកម្ពុជា ដាក់បណ្ដឹងករណីជម្លោះព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ឲ្យបានឆាប់បំផុតនោះ ក្រុមប្រឹក្សាជាតិតស៊ូ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងមានលោកគឹម សុខ ជាអ្នកនាំពាក្យ បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការព្រួយបារម្ភពីជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងបានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្រញាប់ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឲ្យបានឆាប់បំផុតផងដែរ។

សេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាជាតិតស៊ូ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “ក្រុមប្រឹក្សាជាតិតស៊ូ (CNRC) សម្តែងការបារម្ភយ៉ាងខ្លាំង ដោយមើលឃើញអំពីជម្លោះកម្ពុជា-ថៃ កាន់តែឡើងកម្តៅនៃវោហារសាស្ត្រចំអកនិងគំរាមគ្នា របស់ភាគីដឹកនាំកងទ័ពនៃប្រទេសទាំងពីរ ដែលអាចឈានដល់ជម្លោះប្រយុទ្ធប្រដាប់អាវុធ នៅតាមព្រំដែន ។ ដើម្បីបញ្ចៀសស្ថានការណ៍ដ៏ផុយស្រួយនេះ យើងសូមស្នើរដ្ឋាភិបាលភ្នំពេញ ឲ្យចាប់ផ្តើមការងារពីរ ដោយមិនត្រូវបង្អង់យូរឡើយ ៖
ទី១. ភាគីកម្ពុជា គួរតែដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ឲ្យឆាប់បំផុត លើករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី បន្ទាប់ពីគណៈកម្មការរៀបចំឯកសារបណ្ដឹង នៃរដ្ឋាភិបាលភ្នំពេញ ទើបតែបានបញ្ចប់កិច្ចប្រជុំលើកទី១ របស់ខ្លួន កាលពីថ្ងៃទី២៣ ខែមិថុនា ។ ការដាក់បណ្ដឹងឲ្យឆាប់នេះ គឺដើម្បីបញ្ចប់សេចក្តីសង្ឃឹមរបស់កងទ័ពថៃ ដែលព្យាយាមគំរាមកំហែងដោយកម្លាំងយោធា ក្នុងគោលដៅទប់ប្រទេសកម្ពុជា មិនឲ្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ។
ទី២. ភាគីកម្ពុជា គួរតែស្នើដល់ប្រធានអាស៊ាន និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យចូលរួមផ្សះផ្សា ដោះស្រាយជម្លោះកម្ពុជា-ថៃ លើបញ្ហាដែលនៅសេសសល់ពីបណ្ដឹងនៅតុលាការអន្តរជាតិ ដូចជា បញ្ហាប្រឈមដោយកងទ័ព និងករណីទាហានថៃឈ្លានពាន ចូលសម្លាប់យុទ្ធជនខ្មែរ លើទឹកដីកម្ពុជា ជាដើម ។ លើស្មារតីនេះ ភាគីថៃ មិនអាចប្រកែកបានទេ ពីព្រោះប្រទេសកម្ពុជា និងប្រទេសថៃ គឺជាសមាជិកអាស៊ាន ដូចគ្នា និងជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូចគ្នា ។
ក្រុមប្រឹក្សាជាតិតស៊ូ (CNRC) សូមអំពាវនាវឲ្យរដ្ឋាភិបាលភ្នំពេញ ពិចារណាលើមូលដ្ឋានដំណោះស្រាយតាមយន្តការអន្តរជាតិទាំងពីរនេះ ដើម្បីគេចឲ្យផុតពីការប្រយុទ្ធដោយកងទ័ព ដែលបង្កឲ្យមានសោកនាដកម្មសម្លាប់ជីវិតមនុស្សទាំងសងខាង ទាំងទាហាន និងជាពិសេស ប្រជាពលរដ្ឋស្លូតត្រង់ ដ៏គួរឲ្យអាណិត ។ ដំណោះស្រាយនេះ ក៏នឹងបានជាប្រយោជន៍យូរអង្វែង សម្រាប់ប្រជាពលរដ្ឋជាតិសាសន៍ទាំងពីរ និងសេចក្តីថ្លៃថ្នូរកម្ពុជា និងថៃ“ ។
ទោះបីជាយ៉ាងណា ឆ្លើយតបការលើកឡើង និងការស្នើរបស់លោកអ៊ុំ សំអាន និងក្រុមប្រឹក្សាជាតិតស៊ូ របស់លោកសម រង្ស៉ី ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទៅហើយ រួមមានពាក្យបណ្តឹង និងភ្ជាប់ដោយឯកសារពាក់ព័ន្ធមួយចំនួន ជាសំអាង ថ្ងៃខាងមុខ បើតុលាការ ត្រូវការឯកសារបន្ថែមស្អីទៀត កម្ពុជា នឹងរកមកបំពេញបន្ថែមជូនតុលាការ។

លោកសុខ ឥសាន បានបញ្ជាក់តាមរយៈទំព័របណ្ដាញសង្គម “យុវជន៧មករា” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ថា “នៅសម័យសង្គ្រាមនៅស្រុកខ្មែរ មានពួកអន្ធពាលថៃ រកស៊ីលក់ប័ណ្ណខ្មោច ឲ្យខ្មែរដែលត្រូវការ ហើយពួកថៃ និយាយនិងផ្សាយមួលបង្កាច់ថា ខ្មែរ ជាក្រុមជនទុច្ចរិត។ ទោះបីថៃ កោះហៅអគ្គរាជទូតខ្លួន ទៅបាងកក វិញ គឺជារឿងថៃ ទោះថៃ ដាក់កំហុសមកលើកម្ពុជា ក៏ដោយ ការពិត នៅតែជាការពិត ។ ការសន្ទនា ផែថងថាន ជាមួយសម្តេចតេជោ ហ៊ុន សែន គឺជារឿងឯកជន ទោះបីថៃ ចង់ប្រែក្លាយរឿងឯកជន ទៅជារឿងផ្លូវការក៏ដោយ គ្មានបរទេសណាកាន់ជើងថៃ ទេ ។ បើថៃ បិទច្រកព្រំដែនច្រើនកាលណា ថៃ កាន់តែខាតកាលនោះ ទំនិញថៃ យ៉ាងច្រើនជាអនេក។ ឥឡូវច្បាស់ហើយ អង្គការសហប្រជាជាតិ តម្រូវឲ្យថៃ ឆ្លើយពីរឿងមានឧក្រិដ្ឋកម្មឆ្លងដែន និងឆបោកឆ្លងដែន តើជាកម្ពុជា ដូចថៃថាមែនទេ? ជាសត្យានុម័ត បើថៃ បិទជាឯកតោភាគីហើយ ច្រកទ្វារទាំងអស់ នឹងត្រូវបិទជាស្វ័យប្រវត្តិមិនបាច់មានការប្រកាសបិទពីភាគីកម្ពុជា ក៏ដោយ ។ ទោះថៃ វ៉ៃឫកបែបការទូតយ៉ាងណា ក៏គេមើលឃើញថា ថៃ ធ្វើការទូតព្រៃ ។ ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ទៅហើយ រួមមានពាក្យបណ្តឹង និងភ្ជាប់ដោយឯកសារពាក់ព័ន្ធមួយចំនួនជាសំអាង ថ្ងៃខាងមុខ បើតុលាការថា ត្រូវការឯកសារបន្ថែមស្អីទៀត កម្ពុជា នឹងរកមកបំពេញបន្ថែមជូនតុលាការ។ សង្គ្រាមចិត្តសាស្ត្រ AI STIMULATION គ្រាន់តែជាការឃោសនាប៉ុណ្ណោះ មិនអាចក្លាយទៅជាការពិតទេ។ បើថៃ បង្កលក្ខណៈឲ្យក្រុមឧទ្ទាមខ្មែរក្រៅច្បាប់ និងជ្រុលនិយម មិនអាចហុចលទ្ធផលទេ ដោយសារពួកនេះ ជាមាន់សម្ល មិនមែនជាមាន់ជល់ទេ ហើយវាបង្ហាញចរិតប្ញស្យារបស់ថៃ ដែលយកកម្ពុជា ជាសត្រូវរបស់ខ្លួន និងខុសច្បាប់អន្តរជាតិ និងលក្ខន្តិកៈអាស៊ាន ផង“ ៕ កុលបុត្រ