ភ្នំពេញ ៖ លោកគ្រី ថៃ ពៅ ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈ នៅលើហ្វេសបុក របស់ខ្លួន ដែលជាសញ្ញាបញ្ជាក់ថា លោកច្បាស់លាស់នឹងសង្សារហើយ អាចនឹងចូលរោងការឆាប់ៗជាមិនខាន ។


លោកគ្រី ថៃពៅ និងគូស្នេហ៍
ប្រភពបានឲ្យដឹងថា សង្សាររបស់លោកថៃពៅ ជាអ្នកលក់ Online ល្បីឈ្មោះម្នាក់ ដែលមានសម្រស់មិនចាញ់តារាទេ ហើយមូលហេតុដែលតារាហង្សមាស រូបនេះ មានម្ចាស់ស្នេហាជាច្រើនឆ្នាំ តែទើបសម្រេចចិត្តបញ្ចេញមុខកំពូលស្នេហា នាពេលនេះ ព្រោះលោកមិនចង់ឲ្យបុរសផ្សេងៗទៀតតាមស្នេហាសង្សាររបស់ខ្លួន ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកគ្រី ថៃពៅ ថាការដែលលោកបង្ហាញមុខសង្សារ នាពេលនេះ ព្រោះគិតថា ដល់ពេលដែលត្រូវបញ្ចេញ ម្យ៉ាងលោកសម័យឥឡូវទូលំទូលាយ អីចឹងមិនខ្លាចបាត់ Fan ក្រោយលោកឲ្យគេស្គាល់មុខគូស្នេហ៍នោះឡើយ ។

លោកគ្រី ថៃពៅ ថ្លែងថា «តាមពិតទៅ ខ្ញុំនិងសង្សារ ស្រលាញ់គ្នាលើសពី៥ឆ្នាំទៅហើយ តែមិនទាន់បានភ្ជាប់ ពាក្យនោះទេ ព្រោះតាំងពីស្គាល់គ្នាមកដល់ពេលនេះ យើងចុះសម្រុងគ្នាល្អ។ សម្រាប់រឿងរៀបការ ខ្ញុំមិនអាចនិយាយបានថាពេលណា ឆ្នាំណាទើបគិតគួរទេ ព្រោះរឿងនេះយើងអត់អាចកំណត់បាន។ ប៉ុន្ដែយើងអាចធ្វើពិធីនោះ (រៀបការ) នៅពេលវេលាសមស្រប នាពេលខាងមុខ»។

គ្រី ថៃពៅ បានឲ្យដឹងថា មូលហេតុដែលលោកជ្រើសរើសនារីជាអ្នកលក់ Online ធ្វើជាគូស្នេហ៍ មិនជ្រើសតារាដូចគ្នា ព្រោះលោកធ្វើការក្នុងវិស័យសិល្បៈ ជួបតារាច្រើននោះដោយសាររឿងនេះ មកពីនិស្ស័យ ព្រោះជាទូទៅ គេមិនអាចកំណត់ថា យកភរិយាជានារីយ៉ាងណា មុនពេលយើងបានជួបគ្នា ឬដល់គូនោះទេ ។ ជាក់ស្ដែងលោកថា ដូចជាសង្សាររបស់លោក ជាអ្នករស់នៅខេត្តកណ្ដាល (បច្ចុប្បន្ននៅភ្នំពេញ) តែលោកដែលជាអ្នករស់នៅខេត្តកំពង់ចាម បានមកជួបគ្នា ហើយចំណងស្នេហារបស់លោក មានក្រុមគ្រួសារទាំងសងខាងដឹងឭ ហេតុនេះមិនមានបញ្ហាចោទនោះទេ។

គ្រី ថៃពៅ បានច្រៀងឲ្យផលិតកម្មរស្មីហង្សមាស ជាង៧ឆ្នាំមកហើយ ប៉ុន្ដែបទចម្រៀងលោក ហាក់ចេញមិនដិតដល់លើទីផ្សារ រហូតនាំឲ្យ Fan ថាលោកបញ្ចេញសមត្ថភាពមិនទាន់អស់ទៀតផង ។ ប៉ុន្ដែថៃពៅ ថាមួយ រយៈមុន លោកមានបញ្ហាសុខភាពផ្ទាល់ខ្លួន ទើបមិនទាន់បានចេញបទថ្មីៗ តែនៅរដូវបុណ្យភ្ជុំបិណ្ឌ ខាងមុខ នេះ លោកសង្ឃឹមថា នឹងមានចេញបទប្រពៃណីខ្មែរ ឡើងវិញ។

គ្រី ថៃពៅ បន្ថែមថា «ខ្ញុំនៅតែច្រៀងឲ្យហង្សមាស គ្រាន់តែមួយរយៈមុន ខ្ញុំមានជំងឺអាល់លែរហ្ស៉ី អ៊ីចឹងមិនអាចប្រើសំឡេងបាន១០០% ដូចមុនទេ ។ ប៉ុន្ដែឥឡូវជំងឺខ្ញុំបានធូរស្រាលវិញហើយ ខ្ញុំក៏ឡើងច្រៀងតាមប៉ុស្ដិ៍វិញដែរ តែខ្ញុំតមអាហារខ្លះ ដូចជា ប៊ីយា គឺផឹកមិនបានតែម្ដង ។ ចំពោះបទចម្រៀង ខ្ញុំអាចមានបទថ្មីប្រពៃណីវិញ នារដូវបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ» ។

ក្រៅពីគ្រី ថៃពៅ តារាដែលជ្រើសភរិយាជាអ្នកលក់ Online មានដូចជា លោកនី រតនា, ឃុន វត្ថា, ថុល សុភិទិ, បឺរី និង VJ រតនា ជាដើម ។ អ្នកជំនាញសិល្បៈថា គ្រី ថៃពៅ ជាតារាមានសមត្ថភាពម្នាក់ តែពិបាកដណ្ដើមភាពលេចធ្លោនៅហង្សមាស ដោយសារតែបទចម្រៀង ចេញបានតិចពេក ហេតុនេះហើយ បើលោកមិនផលិត បទពីខាងក្រៅបន្ថែមទេ ប្រាកដជាមិនអាចយកឈ្នះម្ចាស់ពានជើងថ្មីៗឡើយ ។ ប៉ុន្ដែលោកពៅ ថាកន្លងមក ផលិតកម្មបើកដៃឲ្យតារាធ្វើបទពីខាងក្រៅ បន្ថែមពីលើបទដែលក្រុមហ៊ុន ទម្លាក់ឲ្យដែរ តែលោកមិនបានធ្វើបទខ្លួនឯងទេ គឺច្រៀងបទផលិតកម្មសុទ្ធតែម្ដង ៕