
ភ្នំពេញ ៖ មេបក្សខ្មែរតែមួយ និងជាប្រធានប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី លោកបណ្ឌិត គុជ លី បានលើកឡើងថា បច្ចុប្បន្នប្រទេសថៃ (សៀម) ជាទីកន្លែងឧក្រិដ្ឋកម្មអនឡាញធំជាងគេនៅអាស៊ាន និងពិភពលោក ប៉ុន្តែដើម្បីបង្វែងដានពិភពលោក ថៃឬសៀម ដែលជាចោរប្រវត្តិសាស្ត្រ ធ្វើនយោបាយទុច្ចរិត បង្កើតវប្បធម៌លាបពណ៌កម្ពុជា ដើម្បីបន្តឈ្លានពានទឹកដី និងលួចវប្បធម៌ខ្មែរ ។
លោកបណ្ឌិត គុជ លី បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “បច្ចុប្បន្ន ប្រទេសថៃ ឬសៀម ជាទីកន្លែងឧក្រិដ្ឋកម្មឆបោកតាមអនឡាញច្រើនជាងគេ នៅអាស៊ាន និងពិភពលោក។ ប៉ុន្តែដើម្បីបង្វែងដានពិភពលោក គឺសៀម ឬថៃសព្វថ្ងៃ ធ្វើនយោបាយសងសឹកកម្ពុជា និងបង្កើតវប្បធម៌លាបពណ៌កម្ពុជា ដើម្បីបន្តឈ្លានពានទឹកដី និងបន្តលួចវប្បធម៌ខ្មែរតែប៉ុណ្ណោះ ។ Don’t Thai to me! “ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត គុជ លី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថា អ្វីដែលបង្ហាញជាក់ស្ដែងថា ថាថៃ ជាចោរប្រវត្តិសាស្ត្រ បង្កើតវប្បធម៌លាបពណ៌កម្ពុជា ឈ្លានពានទឹកដី លួចវប្បធម៌ខ្មែរ នោះ ដូចជាថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ មិនព្រមប្រគល់វត្ថុបុរាណ ដែលបានលួចយកពីកម្ពុជា មកឲ្យកម្ពុជា វិញ តាមការសន្យា និងបន្តឈ្លានពានទឹកដីកម្ពុជា ជាដើម ។
លោកបណ្ឌិត គុជ លី បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធនឹងសំណួរនេះ យើងមើលឃើញថា ថៃ ឬក៏សៀម គឺជាចោរប្រវត្តិសាស្រ្ត ជាចោរឈ្លានពានទឹកដីប្រទេសកម្ពុជា ហើយគេចិញ្ចឹមចិត្តឈ្លានពានទឹកដីយើង មិនដែលចេះបោះបង់គំនិតម្ដងណាឡើយ ទោះបីគេមានការផ្លាស់ប្ដូរនាយករដ្ឋមន្រ្តី ជាច្រើនសា ធ្វើរដ្ឋប្រហារជាច្រើនសា នៅក្នុងប្រទេសថៃ ក៏ដោយ ឈ្លោះបែកបាក់ផ្ទៃក្នុងក៏ដោយ ក៏ថ្មីៗនេះ យើងមើលឃើញថា ត្រកូលថាក់ស៊ីន ដឹកនាំដោយកូនស្រី ជានាយករដ្ឋមន្រ្តី ក៏ដោយ នៅពេលដែលគាត់ធ្វើជាអតីតនាយករដ្ឋមន្រ្តី គាត់នៅតែសហការគ្នាជាមួយភូមិភាគ២ ដើម្បីសម្របសម្រួលគ្នា ទោះបីផ្ទៃក្នុងមានការលំបាក ប៉ុន្តែចិត្តរបស់គេនៅតែឈ្លាន នៅតែបង្កើតវប្បធម៌លាបពណ៌ ហើយនិងបន្តលួចវប្បធម៌ខ្មែរ តែប៉ុណ្ណោះ ។ អ៊ីចឹងយើងឃើញជាក់ស្ដែងហើយ ទោះបីត្រកូលថាក់ស៊ីន កូនស្រី ផែថងថាន ចុះពីនាយករដ្ឋមន្រ្តី មកធ្វើជារដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏ដោយ ក៏គេបានបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ដូចជារឿងពាក់ព័ន្ធទៅនឹងវប្បធម៌ខ្មែរ គឺគោលដៅរបស់គេ មិនបានធ្វើនាយករដ្ឋមន្រ្តី ក៏ប៉ុន្តែគេមកធ្វើរដ្ឋមន្រ្តី គេបង្កើតបញ្ហានៅប្រទេសកម្ពុជា ។ ជាក់ស្ដែងគឺព័ត៌មានប្រគល់ជូនខ្មែរ វិញតាមកិច្ចសន្យា ប្រគល់ក្បាលអ្នកតា ឬក៏រូបចម្លាក់ទាំងឡាយដែលធ្លាប់ធ្វើកិច្ចសន្យាប្រគល់ឲ្យខ្មែរ វិញ បែរជាបង្កើតព័ត៌មានពីនេះពីនោះ ដើម្បីទម្លាក់កំហុសមកលើប្រទេសកម្ពុជា គេមិនបញ្ជូនមកទេ ហើយហេតុផលថាគេអត់លុយ“ ។
លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងពាក្យថា អត់លុយនេះ គឺជាការប្រមាថមើលងាយចំពោះប្រទេសជាតិមួយ នៅក្នុងប្រទេសកម្ពុជា មិនមែនគេអត់លុយទេ គេចង់បង្ហាញអំពីការដែលគេមិនចង់ឲ្យ ហើយគេបង្កើតព្រឹត្តិការណ៍ផ្សេងៗដើម្បីទម្លាក់កំហុសលើប្រទេសកម្ពុជា ។ យើងមើលឃើញថា នៅពេលដែលប្រទេសគេ កំពុងតែផ្លាស់ប្ដូរនាយករដ្ឋមន្រ្តី គេកំពុងតែបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ដូចជាការលេងល្បែងអនឡាញ ឬទម្លាក់កំហុសមកលើប្រទេសកម្ពុជា ថាប្រទេសកម្ពុជា ជាសម្បុកនៃការជួញដូរគ្រឿងញៀន តាមគ្រប់រូបភាព ហើយនិងវិច្ឆេទកម្មល្បែងអនឡាញ ដើម្បីរកពួកអ្នករកស៊ីលាងលុយកខ្វក់នៅតាមបណ្ដោយព្រំដែន ។ តាមពិតទៅ គឺប្រទេសខ្លួនឯងទៅវិញទេ យើងឃើញថា នេះជាតម្រិះជិះកឯង ពាក្យខ្មែរយើងថា លាងគូទខ្លួនឯងមិនជ្រះផង ចង់ទៅលាងគូទអ្នកដទៃ ។ អ៊ីចឹងយើងមើលឃើញថា នៅពេលពួកគាត់កំពុងតែបង្កើតព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មតាមបណ្ដាញអនឡាញយើង គឺព័ត៌មានកំពុងបង្ហោះថាធ្វើម៉េចឲ្យប្រទេសកម្ពុជា របស់យើងហ្នឹង គឺទទួលរងគ្រោះដោយសារគេវិញ ។ ជាក់ស្ដែង គេប្រកាសចាប់ឧកញ៉ាកុក អាន ថាជាអ្នករកស៊ីល្បែងអនឡាញ ។ តាមពិតទៅ ធាតុពិតគឺល្បែងអនឡាញ នៅតាមបណ្ដោយព្រំដែនទាំងអស់ និយាយដោយត្រង់ទៅ គឺប្រទេសកម្ពុជា រងគ្រោះដោយសារថៃ ថៃគឺជាសម្បុកប្រមូលឧក្រិដ្ឋជនឆ្លងដែន ជាពិសេសគឺពួកលាងលុយ ហើយនិងពួកម៉ាហ្វីយ៉ានៅក្នុងប្រទេសថៃ ព្រោះយើងដឹងហើយ ប្រទេសសៀម នេះគឺជាប្រភពនៃចំណូលកខ្វក់ គឺប្រភពពីម៉ាហ្វីយ៉ា ។ ទី១ ខ្ញុំសង្កេតឃើញ គឺការរកស៊ីតាមអនឡាញ ហើយដាក់ប្រព័ន្ធអ៊ីនធឺរណិត នៅតាមបណ្ដោយប្រទេសជិតខាង គឺកម្ពុជា ឡាវ ភូមា ហើយនិងម៉ាឡេ អីអ៊ីចឹង គឺយើងមើលឃើញថា ឲ្យតែតាមបណ្ដោយព្រំដែន គឺប្រើអ៊ីនធឺរណិតរបស់ថៃ ហើយការប្រើអ៊ីនធឺរណិតរបស់ថៃ នេះ គឺសបញ្ជាក់ថា ក្រុមម៉ាហ្វីយ៉ា អាចមកលេងនៅក្នុងស្រុកខ្មែរ ឬក៏ស្រុកលាវ ឬស្រុកអី នៅតាមបណ្ដោយព្រំដែនហ្នឹង អាច១ម៉ោង ២ម៉ោង គេអាចធ្វើប្រតិបត្តិការសម្រាប់សម្អាតលាងលុយក្នុងប្រទេសបាន ហើយគេវិលចូលទៅក្នុងស្រុកថៃ វិញ ។ អ៊ីចឹងប្រព័ន្ធនៃការគ្រប់គ្រងអ៊ីនធឺរណិតនេះឯង គឺជាប្រព័ន្ធមួយពាក់ព័ន្ធទៅនឹងការលាបពណ៌ក្នុងប្រទេសកម្ពុជា ដើម្បីបន្តលួចទឹកដី ឬសម្បត្តិវប្បធម៌ ។ ទោះបីយ៉ាងណាក៏ដោយ យើងឃើញថា ថ្មីៗនេះ គឺមេដឹកនាំភូមិភាគ២នោះ គេបានទទួលខ្សែក ពីស្ដេចថៃ សុរិន្ទថន ។ សុរិន្ទថន ហ្នឹងគឺជាប្រភពនៃមេចោរប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា គឺលួចវប្បធម៌ ។ យើងឃើញថា សុរិន្ទថន គឺជាស្ដេចមួយដែលចេញចូលនៅក្នុងប្រាសាទសំបូរព្រៃគុក ហើយគេមានសាលារៀនមួយនៅស្រុកសំបូរហ្នឹងទៀត ។ សាលាហ្នឹង គឺបង្កប់ន័យក្នុងការមកលួចសាសនា លួចទាំងវប្បធម៌ លួចទាំងបាលី លួចទាំងបារមីប្រាសាទយើងនៅក្នុងប្រទេសកម្ពុជា តែម្ដង ។ អ៊ីចឹងឲ្យតែមានបារមីនៅកន្លែងណា គឺសុរិន្ទថន ជាស្ដេចមួយដែលសិក្សាអំពីស្រុកខ្មែរ អំពីបារមី អំពីវត្ថុនៅកន្លែងណា គឺគេទាំងអស់“ ។
លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តទៀថា “អ៊ីចឹងមើលឃើញថា ពួកគេចិញ្ចឹមចិត្តឈ្លានពានប្រទេសកម្ពុជា លួចប្លន់នូវវប្បធម៌ខ្មែរ នៅតែបន្ត ហើយចំពោះបច្ចុប្បន្នភាព យើងឃើញថា គេបង្កើតព្រឹត្តិការណ៍ ព័ត៌មានក្លែងក្លាយជាច្រើនទៅលើប្រទេសកម្ពុជា ទម្លាក់កំហុស ដូចខ្ញុំលើកពីដើមអ៊ីចឹង គឺពាក់ព័ន្ធនឹងល្បែងអនឡាញ ហើយនិងរូបភាពអីផ្សេងៗទៀត គឺបង្កហេតុថាធ្វើម៉េចបន្លំ បំភាន់ភ្នែកអន្តរជាតិ អំពីកំហុសទាំងឡាយណាដែលបានមកលេងនៅក្នុងស្រុកខ្មែរ ពាក់ព័ន្ធនឹងអនឡាញ ។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងមើលឃើញថា ចិត្តឈ្លានពានរបស់ជនជាតិមួយនេះ គឺជនជាតិសៀម ដើមកំណើតសៀមនេះ គឺនៅតែបន្តចិត្តឈ្លានពាននៅក្នុងប្រទេសកម្ពុជាយើង ។ ទោះបីថៃ ណាក៏ដោយ ឡើងទៅដឹកនាំ ពួកនេះនៅតែមានចិត្តឈ្លានពានដដែល ។ មូលហេតុអីបានលោកស្រី ផែថងថាន ស្ម័គ្រចិត្តមកធ្វើជារដ្ឋមន្រ្តីវប្បធម៌ ទៅវិញ? គឺគោលដៅរបស់គេ ចង់សងសឹកសម្ដេចតេជោ ហ៊ុន សែន ហើយនិងសម្ដេចបវរធិបតី ក្នុងការបន្តអុកឡុក បន្តលាបពណ៌ ហើយបន្ទាប់មក គឺលួចវប្បធម៌ ហើយនិងទឹកដីប្រទេសកម្ពុជា តែប៉ុណ្ណោះ ។ អ៊ីចឹងរួមមកវិញ យើងឃើញថា ពួកនេះមិនដែលបោះបង់ចិត្តចង់ម្ដងណាឡើយ យើងគិតថា ទោះបីតំណែងនាយករដ្ឋមន្រ្តី គាត់ធ្វើអត់បានសម្រេចនៅក្នុងបំណងក៏ដោយ ក៏ប៉ុន្តែកុំភ្លេចថា នៅស្រុកថៃ គឺគណបក្សភឿថៃ ជាគណបក្សមួយដែលមានសំឡេងច្រើន ហើយជាគណបក្សកាន់អំណាច ទោះបីផែថងថាន នេះចុះពីនាយករដ្ឋមន្រ្តី ក៏ដោយ ក៏ប៉ុន្តែដែលកាន់រាជរដ្ឋាភិបាល គឺជាគណបក្សភឿថៃ គេសម្រេចចិត្តជាមួយគណបក្សដៃគូក្នុងសម្ព័ន្ធ ដើម្បីឲ្យធ្វើនាយករដ្ឋមន្រ្តី ក្នុងគោលដៅបន្តឈ្លានពានទឹកដីកម្ពុជា ហើយនិងបង្កើតវប្បធម៌ផ្សេងៗ គឺលាបពណ៌នៅក្នុងប្រទេសកម្ពុជា ធ្វើម៉េចបំភាន់ភ្នែកអន្តរជាតិ“ ។
លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងវាមិនខុសពីពាក្យអង់គ្លេសថា Don’t Thai to me! គឺកុំបោកប្រាស់ខ្ញុំ ជាពិសេសគឺតំបន់ទេសចរណ៍ ពួកអ្នកទេសចរណ៍ស្រុកខ្មែរនេះ គឺជាការបោកប្រាស់ភ្ញៀវទេសចរ ។ យើងនិយាយឲ្យអស់ ភ្ញៀវទេសចរបោកខ្លាំងបំផុត នៅតំបន់ប៉ាតាយ៉ា នៅទីក្រុងបាងកង នៅពេលសប្បាយរាត្រីហ្នឹងហើយ ។ អ៊ីចឹងអាហ្នឹងហើយគឺរឿងដាច់ដោយឡែក អ៊ីចឹងហើយគឺបោកនៅលើពិភពលោក ពាក្យថា Don’t Thai to me! នេះ គឺចូលទៅដល់ទីក្រុងបាងកក កន្លែងណាក៏បោក បោកភ្ញៀវទេសចរ បោកទំនុកចិត្ត បោកអ្វីផ្សេងៗទាំងអស់ ហើយជាពិសេសគឺការបោកព័ត៌មានហ្នឹងហើយ ដូចជាសព្វថ្ងៃនេះ កំពុងតែកុហកព័ត៌មាននៅលើពិភពលោក ថាប្រទេសកម្ពុជា ជាអ្នកផ្ទុកស្ដុក ជាអ្នកដែលបង្កើតក្រុមម៉ាហ្វីយ៉ា ដើម្បីលាងសម្អាតលុយ តាមពិតទៅ កម្ពុជា ជាអ្នករងគ្រោះ ហើយបន្តពីប្រតិដ្ឋព័ត៌មាន គឺពួកគេបន្លំភ្នែកអន្តរជាតិ រួចហើយចិត្តរបស់គេនៅតែបន្តឈ្លានពានទឹកដីប្រទេសកម្ពុជា ។ យ៉ាងណាមិញ ឃើញទេ ពួកគេអត់ទទួលស្គាល់នៅកម្ពុជា ចំពោះការដាក់សំណុំរឿងទៅ ICJ តុលាការឡាអេ នៅប្រទេសហូឡង់នោះ ហើយនៅពេលដែលយើងឃើញថា កម្ពុជា មានជំហររឹងមាំអំពីការដោះស្រាយបញ្ហានៅលើឆាកអន្តរជាតិ ពាក់ព័ន្ធតំបន់ទាំង៤របស់យើង គឺប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ហើយនិងមុំបី យើងឃើញថា ថៃ មិនហ៊ានទទួលស្គាល់ការពិត ហើយថៃ អាចនឹងដឹងខ្លួនថា ឡើងទៅ គង់នឹងចាញ់ប្រទេសកម្ពុជា អ៊ីចឹងហើយមានតែបង្កើតព័ត៌មាន ប្រតិដ្ឋតព័ត៌មានក្លែងក្លាយ ហើយនិងបន្តគឃើ្លន ដើម្បីប្លន់ទឹកដីប្រទេសកម្ពុជា ដោះស្រាយតាមហិង្សាតែម្ដង មិនដោះស្រាយតាមភាពយុត្តិធម៌ តាមផ្នែកអន្តរជាតិនោះទេ“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិត គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ជានាយករដ្ឋមន្ត្រីដែលត្រូវតុលាការធម្មនុញ្ញព្យួរតំណែង ផែថងថាន ស៊ីណាវ៉ាត់ បានសម្រេចមិនបញ្ជូនវត្ថុបុរាណ ចំនួន២០រូប មកឲ្យប្រទេសកម្ពុជា វិញ ដោយអះអាងថា ដំណើរការនេះត្រូវផ្អាកសិន ព្រោះតែបញ្ហានៃភាពតានតឹងនៅព្រំដែន និងក្រសួងវប្បធម៌ថៃ កំពុងខ្វះថវិកា។ ចំណែកទាហានថៃ បានលាបពណ៌កម្ពុជា មានឧក្រិដ្ឋកម្មអនឡាញ នៅព្រំដែន។
វត្ថុបុរាណចំនួន២០រូប គឺជាផ្នែកមួយនៃវត្ថុបុរាណ សរុប៤៣ ដែលបានលួចយកចេញពីកម្ពុជា ដោយខុសច្បាប់ ហើយត្រូវអាជ្ញាធរថៃ រឹបអូសបាន។ ក្រោយផ្ទៀងផ្ទាត់ប្រភពដើម នាយកដ្ឋានវិចិត្រសិល្បៈថៃ បានប្រគល់វត្ថុបុរាណ ចំនួន២៣ រួចហើយ កាលពីឆ្នាំ២០០៨ និង២០១៥។ បន្ទាប់មកទៀត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ គណៈរដ្ឋមន្ត្រីថៃ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានអនុម័តជាគោលការណ៍ នូវសំណើរបស់ក្រសួងវប្បធម៌ ដើម្បីប្រគល់វត្ថុបុរាណ ចំនួន២០ ដែលនៅសល់នេះ មកកម្ពុជា ។ សេចក្តីសម្រេចគឺផ្អែកលើការវាយតម្លៃដោយនាយកដ្ឋានវិចិត្រសិល្បៈ និងអ្នកជំនាញឯករាជ្យ ដែលបានបញ្ជាក់ថា វត្ថុទាំងនោះ គឺពិតជាមានប្រភពដើមពីកម្ពុជា មែន ។
បន្ទាប់ពីក្រសួងវប្បធម៌ថៃ ប្រកាសថា ខ្លួនសុំពន្យារពេលលើការប្រគល់វត្ថុបុរាណចំនួន២០ដុំ ដោយលើកឡើងពីបញ្ហាខ្វះថវិកានិងភាពតានតឹងនៅព្រំដែនជាមួយកម្ពុជា នោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា លោកស្រី ភឿង សកុណា បានសរសេរលិខិតជូនលោកស្រី ផែថងថាន ដោយផ្ទាល់ ដោយជម្រាបថា ភាគីកម្ពុជា ជាអ្នកចំណាយទាំងអស់លើការដឹកជញ្ជូនវត្ថុបុរាណ។ ទោះបែបនេះក្តី មកដល់ថ្ងៃនេះហើយ លោកស្រី ផែថងថាន មិនទាន់ឆ្លើយតប ឬនិយាយអ្វីនោះទេ ជុំវិញការប្រគល់វត្ថុបុរាណដែលនៅសេសសល់មកឲ្យកម្ពុជា វិញ ៕ កុលបុត្រ