Saturday, July 19, 2025
Homeតារាខ្មែរឆ័យលី ដាឡែន រៀបការប្តីថ្មី

ឆ័យលី ដាឡែន រៀបការប្តីថ្មី

ភ្នំពេញ ៖ ក្រោយចាកចេញទៅរស់នៅសហរដ្ឋអាមេរិក យ៉ាងស្ងប់ស្ងាត់ អស់រយៈពេលជិត ១ឆ្នាំ ទីបំផុតតារា ស្រីសិចស៊ី ឆ័យលី ដាឡែន បានសម្រេចបើកបេះដូងទទួលយកបុរសសង្ហាម្នាក់ ជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក មកធ្វើជាគូអនាគត រួមរស់ផ្តើមជីវិតគ្រួសារថ្មី លើទឹកដីដ៏ស៊ីវិល័យ ដោយបានរៀបការតាមបែបបរទេស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា រយៈពេលចុងក្រោយនេះ អ្នកនាង ឆ័យលី ដាឡែន ហាក់ដកខ្លួនឆ្ងាយពីវិថីសិល្បៈ និងមិនសូវបង្ហាញវត្តមានលើបណ្តាញសង្គមច្រើននោះឡើយ  ពិសេសរយៈពេលប្រមាណជិត ១ឆ្នាំមកនេះ ឆ័យលី ដាឡែន បានចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិក យ៉ាងស្ងប់ស្ងាត់ ដោយបច្ចុប្បន្ន តារាស្រីរូបនេះ កំពុងធ្វើការនៅហាងមួយកន្លែង នៅទឹកដីសហរដ្ឋ អាមេរិក។

លុះមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឆ័យលី ដាឡែន បានបើកបង្ហាញពីចំណងស្នេហ៍ថ្មី ជាមួយបុរសអាណិកជនខ្មែរ រូបសង្ហា ឈ្មោះ អាលី សុទ្ធ (Ally Soth) វ័យជាង៣០ឆ្នាំ ដោយអ្នកទាំងពីរ បានសម្រេចដឹកដៃគ្នារៀបចំពិធីមង្គលតាមបែបបស្ចិមប្រទេស នៅលើទឹកដីសហរដ្ឋអាមេរិក ដោយមានការចូលរួមអបអរពីសាច់ ញាតិ បងប្អូន និងមិត្តភក្តិជាច្រើន ក្នុងនោះក៏មានវត្តមានតារាចម្រៀងអ៊ុន អាលីហ្សា ដែលកំពុងរស់នៅជាមួយប្តីជាអាណិកជនខ្មែរនៅអាមេរិក និងកំពុងពពោះកូនទី២ ផងដែរ។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឆ័យលី ដាឡែន បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង បង្ហាញពីពិធីមង្គលការបស់ខ្លួន ភ្ជាប់ជាមួយសំណេរថា “អរគុណបង ដែលចូលក្នុងជីវិតអូន Ally Soth ! អរគុណប៉ាម៉ាក់ បងប្អូន មិត្តភក្តិ ដែលបានចូលរួមថ្ងៃពិសេសយើងទាំងពីរ ហើយអរគុណបងប្អូន មិត្តភក្តិ និងហ្វ្រេនៗ ដែលជូនពរយើងទាំងពីរ 07.17.2025”។

មុនពេលរៀបការប្តីថ្មី ១ថ្ងៃ ឆ័យលី ដាឡែន បានសរសេរថា “ថ្ងៃស្អែក ជាថ្ងៃសំខាន់ក្នុងជីវិត ហើយក៏ជាលើកទី២ ដែរ តែមានអារម្មណ៍ដូចម៉េចទេ ភ័យអរ រំភើប សប្បាយ សេដ ដូចរកប្រាប់មិនត្រូវ តែសូមឱ្យអ្វីៗល្អ នឹងជោគជ័យ សូមឱ្យការជ្រើសរើសផ្លូវមួយនេះ ដល់អស់ដង្ហើម ហើយក៏ជាផ្លូវចុងក្រោយផងដែរ…”។

ដោយឡែក លោកអាលី សុទ្ធ ស្វាមីថ្មីរបស់ឆ័យលី ដាឡែន ក៏បានបង្ហោះរូបថតអាពាហ៍ពិពាហ៍ខ្លួន ជាមួយសំណេរថា “មឿន ម៉ាឡែន ចាប់ផ្តើមដំណើរជីវិតថ្មីជាមួយអូនសម្លាញ់ បងទន្ទឹងរង់ចាំអ្វីដែលថ្មី ហើយបង្កើតអនុស្សាវរីយ៍ល្អៗជាមួយអូន។ គ្មានពាក្យណាអាចពន្យល់ពីអារម្មណ៍ដែលអូនធ្វើឱ្យបងមានអារម្មណ៍សម្រាប់អូននោះទេ។ បងនឹងទៅឋានព្រះចន្ទ ហើយត្រឡប់មករកអូនម្តងហើយម្តងទៀត។ រាល់ពេលដែលអូនសួរបងថា បងស្រលាញ់អូនទេ? ចម្លើយរបស់បង គឺដូចគ្នានឹងអូន។ បងស្រលាញ់អូន កាលពីម្សិលមិញ ថ្ងៃនេះ ថ្ងៃ ស្អែក និងរហូតដល់ជីវិតបន្ទាប់ និងជារៀងរហូត…”។

គួរបញ្ជាក់ថា ឆ័យ លីដាឡែន ត្រូវបានគេស្គាល់ថាជាតារាចម្រៀង និងសម្តែង សិចស៊ី ល្បីឈ្មោះ តែរឿងស្នេ ហារបស់នាងហាក់មិនបានជោគជ័យ ដោយបានបែកបាក់ លែងលះប្តីក្មេង  កាលអំឡុងខែសីហា ឆ្នាំ២០១៩ កន្លងទៅ ។ ដោយសារឆ្លងកាត់ស្នេហាឈឺចាប់ជាមួយភេទផ្ទុយគ្នាបែបនេះ ស្រាប់តែក្រោយមកលេចឮថា ដាឡែន ងាកមកស្រឡាញ់ស្រីដូចគ្នាវិញ ប៉ុន្តែចុងក្រោយនេះ បែរជានាងសម្រេចរៀបការប្តីថ្មី ជាបុរសសង្ហា អាណិកជនខ្មែរនៅសហរដ្ឋអាមេរិក ។

«នគរធំ»ជូនពរឲ្យឆ័យលី ដាឡែន មានសេចក្តីសុខ សុភមង្គល ជាអមត: ក្នុងចំណងស្នេហាថ្មីដែលនាងអះអាងថា ជាស្នេហាលើកចុងក្រោយនេះ៕

RELATED ARTICLES