Wednesday, July 23, 2025
Homeព័ត៌មានជាតិអ្នកនយោបាយខ្មែរថា ប្រវត្តិសាស្រ្តសៀម គ្មានដូនតាធ្លាប់កសាងប្រាសាទ

អ្នកនយោបាយខ្មែរថា ប្រវត្តិសាស្រ្តសៀម គ្មានដូនតាធ្លាប់កសាងប្រាសាទ

ភ្នំពេញ ៖ ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា ប្រវត្តិសាស្រ្តសៀម មិនមានដូនតាណាធ្លាប់កសាងប្រាសាទនោះទេ គឺមានតែខ្មែរ តែប៉ុណ្ណោះ ដែលបានកសាងប្រាសាទជាច្រើន តាំងពីមុនសម័យចក្រភពអង្គរ បន្សល់ទុករហូតមកដល់ពេលនេះ  ជាក់ស្តែង ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ជាប្រាសាទខ្មែរ ដែលបុព្វបុរសដូនទាខ្មែរ បានកសាង បែរជាសៀម ឬថៃ ឈ្លានពាន ចង់បាន ថាជាប្រាសាទកសាងដោយបុព្វបុរសរបស់ខ្លួន ទាំងអត់អៀនខ្មាស ។

លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ថា “ក្នុងប្រវត្តិសាស្ត្ររបស់សៀម មិនមានដូនតាសៀមណាធ្លាប់បានកសាងប្រាសាទទេ មានតែខ្មែរ ប៉ុណ្ណោះ មិនខុសនឹងយួន ក៏ពុំដែលមានកោះក្នុងតំបន់សមុទ្រដែរ មានតែលួចពីអ្នកជិតខាង?“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ថា ជាប្រវត្តិសាស្រ្ត ក្នុងស្ដេច ១០អង្គ នៃប្រទេសសៀម តាំងពីសេ្ដចរាមាទី១ រហូតមកដល់ស្ដេចបច្ចុប្បន្ននេះ គ្មានស្ដេចណាមួយ បានកសាងប្រាសាទនោះទេ គឺប្រាសាទដែលមានសព្វថ្ងៃនៅក្នុងខេត្តដែលខ្មែរ បាត់បង់ទៅ សុទ្ធតែជាប្រាសាទដែលសាងសង់ដោយព្រះមហាក្សត្រខ្មែរ ក្នុងសម័យអាណាចក្រខ្មែរ ដ៏រុងរឿង ។ ប៉ុន្តែការដែលខ្មែរវិនាសអន្តរាយ ធ្លាក់ដល់ដៃគេ ដោយសារតែខ្មែរ បែកបាក់សាមគ្គី ដណ្ដើមអំណាចគ្នា គ្រួសារនិយម បក្ខពួកនិយម ។ ដូច្នេះក្នុងនាមជាប្រធានគណបក្សជំនាន់ថ្មី លោកចង់ឃើញខ្មែរយើង រួបរួមគ្នា ឯកភាពជាតិ ផ្សះផ្សា ចាប់ផ្ដើមចាប់ដៃកសាងនូវកម្លាំងជាតិមួយ រុញច្រានខឿនសេដ្ឋកិច្ច ការពារគ្រឹះនៃអធិបតេយ្យ បូរណភាពទឹកដី ទប់ស្កាត់ ដើម្បីកុំឲ្យសត្រូវបរទេសឈ្លានពាន ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “បាទ! អាហ្នឹងវាជារឿងជាក់ស្ដែង តថភាពនៃសង្គម ទៅនឹងទិដ្ឋភាពជាក់ស្ដែងជាប្រវត្តិសាស្រ្ត យើងឃើញថា ប្រទេសថៃ ក្នុងប្រវត្តិសាស្រ្ត ដែលគាត់សរសេរចុងក្រោយនេះ គឺជាង២រយឆ្នាំ វាជិត៣រយឆ្នាំនេះ គឺថាគាត់មិនបានលម្អិតទៅនឹងអ្វីដែលជាការកើតប្រទេសសៀម នៅក្នុងសតវត្សរ៍ទី១៥ អីហ្នឹង គឺថា មកដល់ពេលនេះ យើងមើលឃើញការមានចម្បាំងរាំងជលនឹងគ្នា នៃអាណាចក្រដែនដីមហាអំណាចរបស់កម្ពុជា នៅក្នុងអាស៊ីអាគ្នេយ៍នោះ គឺសម័យព្រះបាទជយវរ្ម័នទី៧ យើងឃើញថា មានការច្បាំងជាមួយនឹងពួកជ្វា ពួកចំប៉ា ជាដើមហ្នឹង មិនមានប្រទេសថៃ ប្រទេសយួន អីនៅឡើយទេ ពេលហ្នឹងអាណាចក្រខ្មែរ គឺលាតសន្ធឹងពីខាងចិន ទៅដល់ឥណ្ឌា ពីខាងភូមា ទៅដល់ម៉ាឡាកា ម៉ាឡាយូ នៃប្រទេសម៉ាឡេស៊ី ។ អាហ្នឹងជាការចង្អុលបង្ហាញមួយថា ដូនតាថៃ ដែលគាត់កើតមក ជាប្រវត្តិសាស្រ្ត គេហៅថា ពួកចោរសមុទ្រ មកពីខាងប្រទេសចិន មិនខុសពីប្រទេសយួន ចោរសមុទ្រ មកពីតុងកឹង នៃប្រទេសចិន អីដែរហ្នឹង គឺថាពួកគាត់មកកកើតជាប្រទេស មុនទៅបានជាប្រទេស គឺថាពួកគាត់បានធ្វើការច្បាំងដណ្ដើមទឹកដីគ្នា ជាមួយនឹងប្រទេសភូមា ជាមួយនឹងប្រទេសកម្ពុជា អាណាចក្រកម្ពុជា អីហ្នឹង គឺថារហូតមកបានក្រោមអាណានិគមជប៉ុន គឺកាត់ខេត្តខ្មែរ ខេត្តអីទៅ ហើយអាណានិគមបារាំង បានទាមទារមកវិញខ្លះ សុទ្ធតែជាអាណាចក្រដែនដីរបស់មហាអំណាចខ្មែរយើង ពីសម័យបុរាណកាលមក ពេលនោះហើយ ដែលសុទ្ធតែស្ដេចតរាជវង្សរបស់ខ្មែរយើង ជាមួយនឹងមេទ័ពអង់អាចក្លាហាន តាំងពីមុនសម័យអង្គរ ជាពិសេសយើងនិយាយតែសម័យអង្គរ និងក្រោយសម័យអង្គរមក គឺចប់ត្រឹមព្រះបាទជយវរ្ម័នទី៧ យើងឃើញថា ប្រាសាទអង្គរវត្ត ក៏ដូចប្រាសាទផ្សេងៗ នៅលើទឹកដីថៃ បច្ចុប្បន្ន រហូតទៅដល់ទឹកដីប្រទេសលាវ បច្ចុប្បន្នទៅទៀត អាចនឹងមានទៅដល់ប្រទេសភូមាខ្លះ សូម្បីតែនៅកម្ពុជាក្រោម ជាទឹកដីដូនតាខ្មែរយើង ក៏មានប្រាសាទដែលកសាងដោយព្រះបាទជយវរ្ម័នទី៧ ដែរ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងអាហ្នឹងហើយជាតឹកតាងប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លេចបាន ហើយជាប្រវត្តិសាស្រ្ត មិនត្រឹមតែកំណត់ត្រារបស់ខ្មែរទេ ជាប្រវត្តិសាស្រ្តអន្តរជាតិទៅទៀត នៅតាមបណ្ណាល័យ សារមន្ទីរអាស៊ីបូព៌ា នៃប្រទេសបារាំង ក៏ដូចជានៅសហរដ្ឋអាមេរិក គឺថាគេបានបង្ហាញអំពីការមើលឃើញថា ដូនតាសៀម មិនដែលមានដូនតាណាមកកសាងប្រាសាទនៅលើទឹកដីរបស់ខ្លួនទេ គឺថាបន្សល់សុទ្ធតែជាអតីតទឹកដីខ្មែរយើង មិនត្រឹមនៅ១៣ខេត្តទេ គឺថាយើងនៅទៅដល់ជាង ២០ខេត្តទៅទៀត វាលាតសន្ធឹងទៅដល់ខេត្តភាគខាងត្បូងនៃប្រទេសថៃ ជាប់ជាមួយប្រទេសម៉ាឡេស៊ី ហើយភូមិភាគឦសាន ដូចជាខេត្តសុរិន្ទ ស៊ីសាកេត ឧប៊ុន បុរីរ៉ាំ អីហ្នឹង ហើយជាក់ស្ដែងដូចជាប្រាសាទដែលកំពង់ប្រទាញប្រទង់ សុទ្ធតែជាប្រាសាទដែលកសាងឡើងដោយស្ដេចខ្មែរយើង មិនអាចបំភ្លៃបានទេ ចាប់ពីប្រាសាទបន្ទាយឆ្មារ ទឹកដីខ្មែរ នៃស្រុកថ្មពួក ហើយប្រាសាទតាមាន់ធំ នៅក្នុងស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ភូមិគោកមន និងប្រាសាទតាក្របី ប្រាសាទតាមាន់តូច អីហ្នឹង រួមទាំងតំបន់ប្រាសាទព្រះវិហារ យើងឃើញថា សុទ្ធតែជាដែនអាណាចក្រកម្ពុជា យើងមិនឃើញកសាងឡើងដោយស្ដេចអង្គណា នៃព្រះរាជាណាចក្រថៃឡង់ នោះទេ ព្រោះវាមានតែស្ដេច ១០អង្គ ។ ស្ដេច ១០អង្គហ្នឹង យើងអត់ទាន់ឃើញមានស្ដេចណាមួយកសាងប្រាសាទទេ ដែលប្រទេសថៃ មានប្រទេសមក មានសេ្ដច ១០អង្គ រាមាទី១០ បុត្ររបស់ស្ដេចរាមាទី៩ អាឌុលយ៉ាដេត ដែលបានសុគតទៅ ហើយបុត្រានេះឡើងសោយរាជ្យចុងក្រោយហ្នឹង គឺថាយើងមើលឃើញ តើមានប្រវត្តិសាស្រ្តថៃ ណាដែលមានស្ដេចណាទៅកសាងប្រាសាទបុរាណមក? គឺអត់មាន“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ អាហ្នឹងជាតឹកតាងប្រវត្តិសាស្រ្ត ដែលខ្ញុំមើលឃើញថា គ្មានដូនតាសៀមណា ក៏ដូចជាដូនតាយួនណា កសាងដូចប្រាសាទអង្គរ ហើយប្រទេសយួន មិនដែលជាប្រទេស មានកោះ មានអីទេ ក្រៅតែពីយកពីគេ យកពីចាម ជ្វា ពួកចំប៉ា បន្ទាប់មក កម្ពុជាក្រោម កោះត្រឡាច រហូតដល់កោះត្រល់ កោះអី សុទ្ធតែជាកោះរបស់អាណាចក្រខ្មែរយើង សម័យមុន ប៉ុន្តែដោយសារអ្នកនយោបាយយើងបែកបាក់គ្នា ដណ្ដើមរាជ្យគ្នា ឬក៏ដណ្ដើមអំណាចគ្នា ធ្វើឲ្យយើងទន់ខ្សោយ បំផ្លាញតែខ្មែរគ្នាឯង អាហ្នឹងហើយដែលបរទេស មិនថាប្រទេសខាងកើត ខាងលិច គឺគេរំលោភបំពានហើយ យើងខ្សោយ គឺគេយកហើយ កុំថាគេខូច ព្រោះចោរគេចាំតែលួចយើង ចាំតែប្លន់យើងទេ បើយើងខ្សោយ អត់មានវិធីការពារអីណានោះ ។ អ៊ីចឹងសំណូមពរខ្ញុំក្នុងនាមជាប្រធានគណបក្សជំនាន់ថ្មី ខ្ញុំចង់ឃើញខ្មែរយើងរួបរួមគ្នា ឯកភាពជាតិ ផ្សះផ្សាគ្នា តែមានរបៀបនៃការធ្វើកិច្ចការណាដែលជាការមិនឲ្យបែកបាក់ផ្ទៃក្នុងជាតិទៅទៀត ខ្មែររួបរួម ខ្មែរខ្លាំង ខ្មែរខ្សោយ គឺខ្មែរបែកបាក់ ខ្មែរបាត់បង់ ខ្មែរអន្តរាយ វិនាសដោយសារតែយើងដណ្ដើមអំណាច បក្ខពួក គ្រួសារនិយម យើងសុខចិត្តឲ្យជាតិរលាយ សុខចិត្តឲ្យប្រជាពលរដ្ឋរងគ្រោះ អានោះហើយដែលយើងត្រូវតែបញ្ចប់នូវអាវប្បធម៌ទាំងអស់ហ្នឹង ហើយយើងចាប់ផ្ដើមចាប់ដៃកសាងនូវកម្លាំងជាតិមួយ រុញច្រានខឿនសេដ្ឋកិច្ច ក៏ដូចជាការពារគ្រឹះនៃអធិបតេយ្យ បូរណភាពទឹកដី ទប់ស្កាត់ ដើម្បីកុំឲ្យសត្រូវបរទេសឈ្លានពាន មករំលោភបំពានអធិបតេយ្យ បូរណភាពទឹកដីនៃកម្ពុជា របស់យើងនោះ“ ៕ កុលបុត្រ  

RELATED ARTICLES