Saturday, July 26, 2025
Homeព័ត៌មានជាតិមេបក្សជំនាន់ថ្មី ថាសង្គ្រាមមកដល់ ចូលសមរភូមិ កាន់អាវុធច្បាំងការពារទឹកដី

មេបក្សជំនាន់ថ្មី ថាសង្គ្រាមមកដល់ ចូលសមរភូមិ កាន់អាវុធច្បាំងការពារទឹកដី

ខេត្ដឧត្ដរមានជ័យ ៖ ស្របពេលកងទ័ពកម្ពុជា កំពុងតបតនិងវាយបកទៅលើកងទ័ពថៃ ឈ្លានពានទឹកដីកម្ពុជា បង្កសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ បា្រសាទតាក្របី ខេត្តឧត្ដរមានជ័យ តំបន់ភ្នំខ្មោច និងតំបន់មុំបី ខេត្តព្រះវិហារ នោះ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានប្រកាសថា សង្រ្គាមបានមកដល់ហើយ ជាពេលវេលាដែលលោកជាឈាមខ្មែរម្នាក់ ត្រូវដកមុខងារជាមេបក្សចេញសិន ហើយពេលនេះលោកបានចេញដំណើរទៅកាន់តំបន់ប្រយុទ្ធហើយ ដើម្បីចូលទៅកាន់សមរភូមិ កាន់អាវុធច្បាំងនឹងចោរសៀម ការពារទឹកដីខ្មែរ ប្រសិនរាជដ្ឋាភិបាលអនុញ្ញាត ។

លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថា “សង្រ្គាមបានមកដល់ហើយ ជាពេលវេលាដែលខ្ញុំជាឈាមខ្មែរម្នាក់ ដកមុខងារជាមេបក្ស ចូលទៅកាន់សមរភូមិសិន ប្រសិនរដ្ឋាភិបាលអនុញ្ញាតឱ្យកាន់អាវុធច្បាំង ឥឡូវខ្ញុំកំពុងចេញដំណើរទៅកាន់តំបន់ប្រយុទ្ធហើយ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថា ការចង់ទៅកាន់កាំភ្លើង ចូលក្នុងសមរភូមិ វាជារឿងមួយដែលយើងមានទឹកចិត្តស្នេហាជាតិ វីរភាពអង់អាចក្លាហាន ដើម្បីទៅជួយកងទ័ព ប៉ុន្តែវាជាសន្តិសុខជាតិ យើងមិនអាចសុខៗទៅកាន់កាំភ្លើងច្បាំង ដោយគ្មានជំនាញការហាត់បែបបទជាយោធានោះទេ ។ យ៉ាងណាក៏ដោយ ជាស្មារតីជាតិនិយម ជាការចង់បង្ហាញថា ខ្មែររួមគ្នា ខ្មែរមិនខ្សោយទេ ខ្មែរមិនតក់ស្លុត មិនរួញរាក្នុងការយកទ្រូង យកជីវិតទៅទប់ជាមួយនឹងសត្រូវបរទេសដែលឈ្លានពាន ជាន់ឈ្លីដល់ប្រទេសកម្ពុជា អធិបតេយ្យ បូរណភាពទឹកដីតាមតែអំពើចិត្តនោះបានទេ ។ ជាពិសេស រូបលោកផ្ទាល់ ក្នុងនាមជាប្រធានគណបក្សជំនាន់ថ្មី បក្សក្រៅរដ្ឋាភិបាល នឹងដកឃ្លាមួយរយៈ ប្រសិនបើរដ្ឋាភិបាល ត្រូវការឲ្យលោកកាន់អាវុធ ព្រោះលោកក៏ជាអតីតកងទ័ពនៃអតីតចលនារណសិរ្សជាតិរំដោះប្រជាពលរដ្មខែរ តស៊ូនៅតាមជំរំ តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ម្នាក់ដែរ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “យើងចង់បង្ហាញទឹកចិត្តជាអ្នកស្នេហាជាតិ នូវអ្វីដែលយើងមើលឃើញថា ប្រទេសជាតិ មានសង្រ្គាមហើយ ហើយយើងនៅតែមានការបែកបាក់ផ្ទៃក្នុង នៅតែមានទំនាស់ផ្ទៃក្នុងជាតិ ប្រកាន់និន្នាការបក្សនយោបាយ ឬក៏ជម្លោះគំនុំបុគ្គលនយោបាយអី គឺថាយើងត្រូវដាក់ទុកមួយឡែក ហើយយើងចាប់យកអ្វីជាការតម្កល់ផលប្រយោជន៍ជាតិ ព្រោះយើងឈឺចាប់ទៅនឹងការឈ្លានពានរបស់កងទ័ពបរទេស កងទ័ពសៀម ឈ្លានពានអធិបតេយ្យ បូរណភាពទឹកដីយើង ។ អ៊ីចឹងហើយ យើងត្រូវតែនាំគ្នាសាមគ្គី យ៉ាងហោចណាស់ក៏យើងលើកទឹកចិត្តកងទ័ព ឬក៏យើងរុញច្រាន និងផ្ដល់នូវកម្លាំងចិត្ត ក៏ដូចជាសម្ភារៈ ជាម្ហូបអាហារ បន្លែ ផ្លែឈើ អង្ករ ស្បៀងអីហ្នឹង ដល់យុទ្ធជនដែរ បើទោះបីជាប្រទេសមានភ័ស្តុភារ មានជំនួយយោធា មានអីៗហើយ ក៏វាជារបៀបនៃក្រសួងការពារជាតិ សន្តិសុខជាតិ ក៏ប៉ុន្តែយើងជាពលរដ្ឋខ្មែរ ឈាមជ័រខ្មែរ ដែលបរទេសមើលងាយ ហើយកងទ័ពយកឈាមស្រស់ សាច់ស្រស់ នៅសមរភូមិ យកជីវិតទៅដាក់ ពាំងទ្រូងនឹងគ្រាប់ ដើម្បីកុំឲ្យបរទេស សៀមឈ្លានពានមកលើអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ។ អ៊ីចឹងហើយ យើងត្រូវតែនាំគ្នាបង្ហាញការឯកភាពជាតិ ដើម្បីទប់ទល់ជាមួយនឹងសត្រូវបរទេសឈ្លានពាន វាជាការលើកទឹកចិត្ត ហើយការដែលយើងមានចិត្តថា ចង់ទៅកាន់កាំភ្លើង ចូលក្នុងសមរភូមិ អាហ្នឹងវាជារឿងមួយដែលយើងមានទឹកចិត្តស្នេហាជាតិ វីរភាពអង់អាចក្លាហាន ដើម្បីទៅជួយកងទ័ពក៏ពិតមែន ប៉ុន្តែវាជាសន្តិសុខជាតិ យើងមិនអាចសុខៗទៅកាន់កាំភ្លើងច្បាំងអី ដោយគ្មានជំនាញការហាត់បែបបទជាយោធា ។ ប៉ុន្តែជាស្មារតីជាតិនិយម ជាការចង់បង្ហាញថា ខ្មែររួមគ្នា ខ្មែរមិនខ្សោយទេ ខ្មែរមិនតក់ស្លុត មិនរួញរាទៅនឹងយកទ្រូង យកជីវិតទៅទប់ជាមួយនឹងសត្រូវបរទេសដែលឈ្លានពាន ជាន់ឈ្លីដល់ប្រទេសកម្ពុជា អធិបតេយ្យ បូរណភាពទឹកដី ឲ្យតាមតែអំពើចិត្តនោះបានទេ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ខ្ញុំថា ពេលនេះ ជាពេលដែលប្រទេសជាតិ មានទុក្ខលំបាក មាតុភូមិ គឺជាមាតានៃយើង ត្រូវបានសត្រូវបរទេស គេរំលោភបំពាន ឈ្លានពានអធិបតេយ្យយើង តើយើងជាខ្មែរ យើងនៅអង្គុយមើល ឬរង់ចាំបរទេសឈ្លានពាន ឬក៏យើងទម្លាក់នូវបញ្ហាអ្វីគ្រប់យ៉ាង ហើយយើងនាំគ្នាចូលសមរភូមិ ដើម្បីទប់ទល់ជាមួយសត្រូវ ហើយនិងជួយលើកទឹកចិត្តកងទ័ពខ្មែរ បែបណា យើងទម្លាក់នូវនិន្នាការនយោបាយ យើងទម្លាក់នូវទំនាស់ ការឈ្លោះទាស់ទែងគ្នា ក្នុងការបែកបាក់ផ្ទៃក្នុងជាតិឯង ដើម្បីរួមកម្លាំងសាមគ្គីតទល់ ទប់ទល់ជាមួយនឹងសត្រូវបរទេសឈ្លានពាន ។ អ៊ីចឹងហើយក្នុងនាមខ្ញុំដែលជាប្រធានគណបក្សជំនាន់ថ្មី បក្សក្រៅរដ្ឋាភិបាល ខ្ញុំដកឃ្លាមួយរយៈ ប្រសិនបើរដ្ឋាភិបាល ត្រូវការឲ្យខ្ញុំកាន់អាវុធ ព្រោះខ្ញុំក៏ជាអតីតកងទ័ពនៃអតីតចលនារណសិរ្សជាតិរំដោះប្រជាពលរដ្មខែរ តស៊ូនៅតាមជំរំ តាំងពីកុមារភាពម្ល៉េះមកហ្នឹង តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ។ អ៊ីចឹងហើយ វាជាពេលវេលាដែលយើងត្រូវរួមដៃគ្នាក្នុងនាមជាខ្មែរ ទំនាស់បុគ្គលនយោបាយ ឬក៏ទំនាស់អ្វីដែលមិនមានទស្សនៈស្របគ្នា គណបក្សនយោបាយខុសគ្នា ទស្សនៈផ្ទុយគ្នា គឺយើងទុកមួយឡែក ។ នេះជារឿងផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជារាស្រ្ត ដែលបរទេសគេជាន់ឈ្លី គេមើលងាយ គេរំលោភបំពានមកលើអធិបតេយ្យរបស់យើង ។ អ៊ីចឹងហើយ យើងត្រូវតែនាំគ្នាសាមគ្គីភាពរឹងមាំ ដើម្បីទប់ទល់ជាមួយនឹងសត្រូវបរទេសឈ្លានពានសិន អ្វីៗយើងនឹងជជែកគ្នាពេលក្រោយទៀត នៅពេលដែលប្រទេសយើងមានសន្តិភាពត្រលប់មកវិញ នៅក្នុងអន្តរកាលនៃសង្រ្គាមកំពុងតែកើតមាននោះ“ ។

គួរបញ្ជាក់ថា ក្រៅពីលើកឡើងពីស្មារតីជាតិក្នុងការស្ម័គ្រចិត្តចូលធ្វើជាកងទ័ព លោកមាជ សុវណ្ណារ៉ា ក៏បានរាយការណ៍អំពីស្ថានភាពកងទ័ពទាំងសងខាង ក្រោយការប្រយុទ្ធគ្នានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នោះផងដែរ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “បើតាមសភាពការណ៍ជាក់ស្ដែង ក្នុងព្រឹកថ្ងៃទី២៤ កក្កដា នេះ យើងមើលឃើញថា សមរភូមិនៅក្នុងខេត្តឧត្ដរមានជ័យ ឃុំគោកមន គឺតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របីអីហ្នឹង ដែលយើងឃើញថា កងទ័ពអីហ្នឹងបានប្រយុទ្ធគ្នា ហើយតំបន់ដែលប្រទាញប្រទង់គ្នាឈរជើងជើង ៣កន្លែងហ្នឹង ពីមុនដូចប្រាសាទតាមាន់ធំ អី យើងមានទាហានថៃ អីមកឈរត្រេងត្រាងនៅប្រសាទយើងដែរ ជាមួយនឹងកងទ័ពកម្ពុជាយើង ប៉ុន្តែក្រោយប្រយុទ្ធគ្នាក្នុងរយៈពេល ១ម៉ោងមកនេះ កងទ័ពសៀម បានបាក់ទ័ព ហើយឃ្លាតឆ្ងាយពីតំបន់ប្រាសាទតាមាន់ ហើយប្រាសាទតាមាន់នេះ គ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជា ទៅហើយ អត់មានកងទ័ពសៀម មកទេ បាក់ទ័ព បាក់អីហ្នឹង មានរបួស ស្លាប់ ជាមួយនឹងការបាញ់ទម្លាក់យន្តហោះ F-16 របស់សៀម ហ្នឹង ចំនួន១ ហើយការបាញ់បាចស្រុះនៃកាំភ្លើង ៤១កាណុងហ្នឹង គឺថាធ្វើឲ្យតំបន់នៃសមរភូមិថៃ ហ្នឹងមានការខ្ទេចខ្ទាំគ្រោះថ្នាក់យ៉ាងធ្ងន់ ប៉ុន្តែយើងមិនដឹងថា របាយការណ៍ស្លាប់របួសយ៉ាងម៉េចទេ នេះបើតាមកងទ័ពឈរជើងនៅប្រាសាទតាមាន់ធំ បានប្រាប់មកខ្ញុំ មាជ សុវណ្ណារ៉ា ដែលកំពុងតែធ្វើដំណើរទៅតាមដាន តាមសង្កេតការណ៍ ក្នុងអន្តរកាលនៃសង្រ្គាមប្រយុទ្ធគ្នារវាងកងទ័ពសៀម និងកងទ័ពកម្ពុជា ដែលកងទ័ពសៀម បានចាប់ផ្ដើមបំផ្ទុះអាវុធមុន នៅក្នុងតំបន់ប្រាសាទតាមាន់ធំហ្នឹង“ ៕ កុលបុត្រ

RELATED ARTICLES