Wednesday, July 30, 2025
Homeព័ត៌មានជាតិប្រធានកាកបាទក្រហមកម្ពុជា ហូរទឹកភ្នែក អាណិតពលរដ្ឋភៀសសឹក ថៃឈ្លានពាន

ប្រធានកាកបាទក្រហមកម្ពុជា ហូរទឹកភ្នែក អាណិតពលរដ្ឋភៀសសឹក ថៃឈ្លានពាន

ខេត្តព្រះវិហារ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាពលរដ្ឋប្រសិទ្ធនាមជាមាតាមនុស្សធម៌ ដោយបានជួបផ្ទាល់ ឃើញស្ថានភាពទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋខ្មែរ ជាជនភៀសសឹក ចាកចោលផ្ទះសម្បែង មកស្នាក់នៅទីសុវត្ថិភាពនានា ដោយសារការឈ្លានពានរបស់កងទ័ពថៃ បង្កសង្គ្រាប បាញ់ប្រហារ ទម្លាក់គ្រាប់បែកដ៍សាហាវឃោរឃៅ អមនុស្សធម៌នោះ សម្តេចមាតាមនុស្សធម៌ ទប់ ទឹកភ្នែកមិនជាប់ឡើយ ដោយសារតែក្តីរំចួកចិត្តអាណិតអាសូរបងប្អូន កូនចៅប្រជាពលរដ្ឋរងគ្រោះ។

នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារ នាំយកអំណោយ ជាស្បៀងអាហារ និងរបស់របរប្រើប្រាស់ជាច្រើន មកចែកជូនដល់ជនភៀសសឹក ដែលកំពុងស្នាក់អាស្រ័យនៅជំរំជនភៀសសឹក ដែលអាជ្ញាធររៀបចំ នៅវត្តពោធិ៍ប្រាំពាន់ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិ ហារ ដែលជាទីតាំងមួយមានចម្ងាយឆ្ងាយពីសមរភូមិប្រយុទ្ធ ហើយផ្តល់សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋភៀស សឹក។

ការប្រើកម្លាំងទ័ពនិងសព្វាវុធធុនធ្ងន់ ឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃ បានបង្កវិនាសសកម្មយ៉ាងធ្ងន់និងខ្លោចផ្សាបំផុត ដល់ប្រជាពលរដ្ឋខ្មែរ ជាជនស៊ីវិល។ ពលរដ្ឋរាប់ម៉ឺនគ្រួសារ បានចាកចោលផ្ទះសម្បែង ជាទី ជម្រកសុខសាន្ត បន្ទាប់ពីកងទ័ពឈ្លានពានថៃ បាញ់ផ្លោងគ្រាប់កាំភ្លើងធំ ចូលក្នុងភូមិឋានរបស់ពួកគេ។ មកដល់ពេលនេះ ខេត្តព្រះវិហារ មានប្រជាពលរដ្ឋជាជនស៊ីវិល សរុបចំនួន ៧០០២គ្រួសារ ស្មើនឹងចំនួន ២៣ ៧៧៥នាក់ហើយ ត្រូវបានភៀសខ្លួនចេញពីផ្ទះសម្បែង ទៅកាន់ជំរំភៀសសឹក ឬស្នាក់នៅតាមផ្ទះសាច់ញាតិ។ សម្រាប់ជំរំភៀសសឹក នៅវត្តពោធិ៍ប្រាំពាន់ដើម មានជនភៀសសឹក សរុប ៤១៩១គ្រួសារ ស្មើនឹង ១៤២៩១នាក់។

ការភៀសចេញពីលំនៅឋាន បាននាំមកនូវការលំបាកយ៉ាងខ្លាំងសម្រាប់ជនភៀសសឹក។ ពួកគេប្រឈមការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗបាត់បង់ការសិក្សា និងប្រឈមការលំបាកជាច្រើនផ្សេងទៀត។

ចំពោះមុខនៃការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនេះ កាកបាទក្រហមកម្ពុជា ដែលជាអង្គការមនុស្សធម៌ជាតិ ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំជាមួយ រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចែកជូននូវស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាបន្តបន្ទាប់ ចូលរួមរំលែកនូវការលំបាកទាំងឡាយ ព្រោះទុក្ខរបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខរបស់សម្តេចប្រធានកាកបាទក្រ ហមកម្ពុជា ដែលសម្តេច តែងតែយកចិត្តទុកដាក់តាំងពីដើមរៀងមក ហើយតែងតែចុះទៅដល់ទីតាំងផ្ទាល់  ធ្វើ សកម្មភាពផ្ទាល់ រាល់ទីកន្លែងដែលពលរដ្ឋជួបការលំបាក ពោលគឺទីណាប្រជាពលរដ្ឋមានទុក្ខ ទីនោះតែងមានមុខមាតាមនុស្សធម៌ ប្រធានកាកបាទក្រហមកម្ពុជា។

នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ បើទោះបីខេត្តព្រះវិហារ ជាតំបន់សមរភូមិក្តៅយ៉ាងណា ក៏សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានចុះមកជួប សួរសុខទុក្ខ ចែកស្បៀងអាហារ និងរបស់របរប្រើប្រាស់ដោយផ្ទាល់ ជូនដល់ជនភៀសសឹក។ ទង្វើនិងកាយវិការទាំងនេះ បានស្តែងយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់ សមានចិត្តអាណិតអាសូរ និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ដោយសារតែការឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីកម្ពុជា។

ចំពោះអំណោយដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នាំមកជូនប្រជាពលរដ្ឋភៀស សឹក នាពេលនោះ គឺក្នុងមួយគ្រួសារ ទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊វ ៣ដប, ទឹកត្រី ៣ដប, ឃីត ១ឃីត (សារុង, ក្រមា, មុង, ភួយ), សាប៊ូដុសខ្លួន ១ដប, ម្សៅសាប៊ូ ១គីឡូក្រាម, ថ្នាំដុសធ្មេញ ១ទីប, ច្រាសដុសធ្មេញ ១ដើម និងថវិកា ៥ម៉ឺនរៀល។

រីឯទេយ្យទានប្រគេនវត្តពោធិ៍ប្រាំពាន់ដើម រួមមាន ៖ អង្ករ ២០០គីឡូក្រាម, មី ១០កេស, ស្ករ-ស ១០គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, សាច់ក្រក ១២គីឡូក្រាម, ថវិកា ៥លានរៀល។ ប្រគេនបច្ច័យព្រះសង្ឃ គង់ក្នុងវត្តពោធិ៍៥ពាន់ដើម ព្រះចៅអធិការ ២លានរៀល និងព្រះសង្ឃ ៤អង្គ ១អង្គៗ ១លានរៀល។

អំណោយជាស្បៀងអាហារ សម្ភារ និងថវិកា ដែលចែកជូនប្រជាពលរដ្ឋនៅថ្ងៃនោះ មានចំនួនសរុប ៖ អង្ករ ១៥០តោន, មី ៥០០០កេស, ត្រីខ ៥០០កេស, ទឹកស៊ីអ៊ីវ ២៥០០យួរ (១យួរ ស្មើ៦ដប), ទឹកត្រី ២៥០០យួរ (១យួរ ស្មើ ៦ដប), ឃីត ៥០០០ឃីត (សារុង ក្រមា មុង), សាប៊ូដុសខ្លួន ៥០០០ដប, ម្សៅសាប៊ូ ៥០០០គីឡូក្រាម, ថ្នាំដុសធ្មេញ ៥០០០ទីប, ច្រាសដុសធ្មេញ ៥០០០ដើម, តង់ ២០០តង់ និងថវិកា ២៥០លានរៀល៕ ខៀវទុំ 

 

RELATED ARTICLES