ភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅ បានធ្វើការណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ មេត្តាប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិប្រកបដោយសុជីវធម៌ ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ ក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម ស្របតាមគោលការណ៍សន្តិភាព មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។

យោងតាមសេចក្តីណែនាំ របស់ក្រសួងព័ត៌មាន ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការប្រើប្រាស់និងផ្សព្វផ្សាយព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គម មានខ្លឹមសារថា «ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មាន បានកត់សម្គាល់អំពីកំណើននៃការប្រើប្រាស់ពាក្យពេចន៍ ការបង្កើតនិងកាត់តរូបភាព វីដេអូ ខ្លឹមសារ និងការបញ្ចេ ញមតិមិនសមរម្យ លើបណ្តាញទំនាក់ទំនងសង្គម ដែលបានបង្កការប្រមាថ ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរជាលក្ខណៈបុគ្គល ឬថ្នាក់ដឹកនាំ និងអង្គព្រះមហាក្សត្រ។
ក្រសួងព័ត៌មាន សូមណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំង អស់មេត្តាប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិ ប្រកបដោយសុជីវធម៌ ការទទួលខុសត្រូវ និងគោរពក្រម សីល ធម៌ ក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម ស្របតាមគោល ការ ណ៍សន្តិភាព មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។
អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋាន ត្រូវបញ្ឈប់ជាបន្ទាន់នូវការ កាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃជម្លោះជាមួយប្រទេសនោះក៏ដោយ។ អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជន ត្រូវចៀសវាងការផ្សព្វផ្សាយឬចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ នាំឱ្យមានការភាន់ច្រឡំ បង្កការខឹងសម្បា អំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និងការប្រកាន់ពូជសាសន៍ រវាងប្រជាជននិងប្រជាជន។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងព័ត៌មាន សូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តា ញសង្គម និងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងត្រូវធ្វើការផ្ទៀងផ្ទាត់ព័ត៌មានជានិច្ច ជា មួយប្រភពផ្លូវការ ជាពិសេសពាក់ព័ន្ធនឹងជម្លោះតំបន់ព្រំដែន កម្ពុជា-ថៃ និងសូមកុំប្រើការកាត់តរូបភាពនិងខ្លឹមសារដែលមិនពិត មានលក្ខណៈប្រមាថដល់អង្គព្រះមហាក្សត្រ ជាដើម។
ក្រសួងព័ត៌មាន សូមកោតសរសើរចំពោះអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមដែលបានចូលរួមជាផ្នែកនៃសំឡេងរបស់កម្ពុជា ក៏ដូចជាការការពារភាពត្រឹមត្រូវនិងជំហរដោះស្រាយជម្លោះ របស់កម្ពុជា ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិអ្នកដទៃ ទាំងក្នុងសហគមន៍ជាតិ និងអន្តរជាតិ»៕