Thursday, August 7, 2025
Homeព័ត៌មានជាតិសែរាជវង្សខ្មែរ ស្នើរាជរដ្ឋាភិបាលកម្ពុជា ប្តឹងថៃ ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

សែរាជវង្សខ្មែរ ស្នើរាជរដ្ឋាភិបាលកម្ពុជា ប្តឹងថៃ ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

ភ្នំពេញ ៖ ទាក់ទងនឹងឧក្រិដ្ឋសង្រ្គាម ដ៏សាហាវឃោរឃៅ ដែលទាហានថៃ ឈ្លានពានដែនអធិបតេយ្យកម្ពុជា បង្កមហន្តរាយដល់ជីវិតកងទ័ព និងប្រជាជនកម្ពុជា បង្កការខូចខាតដល់ប្រាសាទព្រះវិហារ កេរដូនតាខ្មែរ និងជាបេតិកភណ្ឌពិភពលោក ទីវត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែងពលរដ្ឋស៊ីវិល នៅតំបន់ព្រំដែន ដោយការប្រើយន្តហោះ F16 ទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម និងការបាញ់ផ្សែងពុល រួមទាំងប្រើល្បិចកខ្វក់ ចាប់ខ្លួនកងទ័ពកម្ពុជា ២០នាក់ ក្រោយមានបទឈប់បាញ់នោះ សែរាជវង្សខ្មែរ បានស្នើរាជរដ្ឋាភិបាលកម្ពុជា ប្ដឹងថៃ ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។ ជាមួយនេះ សែរាជវង្សខ្មែរដដែល ក៏បានលើកទឹកចិត្តរាស្រ្តខ្មែរ គ្រប់និន្នាការនយោបាយ បន្តរួបរួមសាមគ្គី ប្រឆាំងនឹងចោរសៀមឈ្លានពាន ក្រោមពាក្យថា “ទឹកដីតែមួយ ជាតិតែមួយ និងខ្មែរតែមួយ“ ។

 ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា ជាសែរាជវង្សមួយព្រះអង្គ បានបង្ហោះរូបភាពទាហានខ្មែរម្នាក់ ដែលមុនពេលថៃ ចាប់ខ្លួន ដោយរំលោភបទឈប់បាញ់ នៅល្អជា តែពេលថៃ បញ្ជូនមកវិញ បែរជាពិការ ដោយការធ្វើទារុណកម្មរបស់ទាហានថៃ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ជាមួយសំណេរថា “រូបភាពនេះ ជារូបភាពឧក្រិដ្ឋកម្មសង្គ្រាមជាក់ស្តែង។ ខ្ញុំស្នើសូមឲ្យរាជរដ្ឋាភិបាល ដាក់ពាក្យបណ្តឹង ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។

ជាមួយគ្នានេះ តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុក ដដែល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបង្ហោះរូបភាពព្រះអង្គអង្គុយសន្ទនាជាមួយសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) នៅវិមានព្រឹទ្ធសភា ភ្ជាប់ជាមួយសំណេរថា “ទឹកដីតែមួយ។ ជាតិតែមួយ។ ខ្មែរតែមួយ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថា មានភ័ស្តុតាង ៣ធំៗ ដែលអាចប្ដឹងថៃ ទៅកាន់តុលាការឧក្រិដ្ឋអន្តរជាតិបាន គឺទី១ ប្រើយន្តហោះទម្លាក់គ្រាប់បែក ខុសច្បាប់។  ទី២ បាញ់ឧស្ម័នបំពុល និងទី៣ ការដាក់ទារុណកម្មទាហានខ្មែរ ដែលថៃ ចាប់យកទៅជាឈ្លើយសង្រ្គាម ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា “ត្រូវហើយ! ពីព្រោះមើលទៅ ថៃរំលោភច្បាប់សង្រ្គាមទាំងអស់ អត់មានច្បាប់ណាមួយ ដែលថៃ មិនបានរំលោភទេ រំលោភរឿងទម្លាក់គ្រាប់បែកតូចៗ មានឧស្ម័នបំពុលក៏មាន ហើយរំលោភច្បាប់អន្តរជាតិទាំងអស់ ។ ដូច្នេះខ្ញុំជឿថា គួរតែដាក់ពាក្យបណ្ដឹង ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហើយនិងរហូតមកដល់ថ្ងៃនេះ យើងនៅចាំទាហានកម្ពុជាយើង ១៨នាក់ ដែលវាមិនទាន់ដោះលែង ហើយយើងមិនដឹងថា វាដាក់ទារុណកម្មយ៉ាងម៉េច យ៉ាងណាទេ ។ ដូច្នេះតាមខ្ញុំយល់ឃើញ ខ្ញុំជឿថា គួរណាតែយើងរៀបចំដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ។ ការដាក់ពាក្យបណ្ដឹងនេះ យើងលើកភ័ស្តុតាងដែលយើងមានទាំងអស់ហ្នឹង ៖ ខទី១ រឿងទម្លាក់គ្រាប់បែក ខុសច្បាប់។ ខទី២ បាញ់ឧស្ម័នបំពុល។ ខទី៣ គឺដាក់ទារុណកម្មទៅលើឈ្លើយសង្រ្គាម ។ អាហ្នឹងរឿងអស់ហ្នឹង គឺខុសច្បាប់ទាំងអស់ រួចទៅរាជរដ្ឋាភិបាល អាចនឹងមានប្រធានបទទៅទៀត ភ័ស្តុតាងផ្សេងទៅទៀត ដែលយើងមិនដឹង“ ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បន្តថា “តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បើសិនជាយើងសម្រេចដាក់ពាក្យបណ្ដឹងហើយ គេសម្រេចទទួល ឬមិនទទួល ។ បើសិនជាគេទទួលពាក្យបណ្ដឹងរបស់យើង គេបើកការស៊ើបអង្កេត ដល់ពេលបើកការស៊ើបអង្កេតហើយ ក៏គេសម្រេចទៅលើជនណាដែលឲ្យបញ្ជាប្រើប្រាស់អាវុធខុសច្បាប់ទាំងអស់ហ្នឹង ហើយដាក់ទារុណកម្មទាហានឈ្លើយសង្រ្គាម អីទាំងអស់ហ្នឹង ។ ដូច្នេះដល់ពេលហ្នឹង គឺយើងដឹងហើយ តើបទបញ្ជា ចេញមកពីខាងណា? ហើយនិងអ្នកហ្នឹងហើយ ដែលទទួលខុសត្រូវចំពោះមុខតុលាការ ។ យើងមើលទៅ! យើងមើលថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានទទួលពាក្យបណ្ដឹងចំពោះអ្នកដឹកនាំធំៗដែរលើពិភពលោក ដូចឯកឧត្ដម នេតាន់យ៉ាហ៊ូ នៅខាងអ៊ីស្រាអែល ដូចលោកប្រធានាធិបតី ពូទីន ក៏អ៊ីចឹង ។ ដូច្នេះយើងខ្មែរ ដែលយើងជាអ្នករងគ្រោះ យើងមានសិទ្ធិដាក់ពាក្យបណ្ដឹង ដើម្បីរកខុសរកត្រូវ ហើយនិងជាពិសេសសុំយុត្តិធម៌ ទាមទារយុត្តិធម៌“ ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បន្តទៀតថា “អ្វីដែលជាឧក្រិដ្ឋកម្មសង្រ្គាមជាក់ស្ដែង ដូចខ្ញុំបានជម្រាបអ៊ីចឹង គេប្រើគា្រប់បែក ខុសច្បាប់ ដែលគេហាមប្រើ តាំងពីឆ្នាំ១៩៤៩ ម្ល៉េះ អាគ្រាប់បំបែកហ្នឹង វានៅតែប្រើ គឺវាទទួលស្គាល់ថា វាប្រើហើយ ។ ប្រើឧស្ម័នបំពុល ក៏អ៊ីចឹង មានសន្ធិសញ្ញាអន្តរជាតិ ដែលហាមឃាត់ប្រើប្រាស់អាវុធទាំងអស់ហ្នឹង មានសន្ធិសញ្ញាស្ដីពីការគ្រប់គ្រងឈ្លើយសង្រ្គាម តែវារំលោភអីទាំងអស់ ។ ដូច្នេះយើងមានភ័ស្តតាងគ្រប់គ្រាន់ ដើម្បីទាមទារយុត្តិធម៌ រកខុសរកត្រូវ ចង់ដឹងថា អ្នកណាអ្នកបញ្ជាឲ្យធ្វើអំពើទាំងអស់ហ្នឹង? យ៉ាងណា បើសួរថា តើរដ្ឋាភិបាលកម្ពុជា ត្រូវតែដាក់បណ្ដឹងនេះ ទៅតុលការឧក្រិដ្ឋកម្មអន្តរជាតិ ឲ្យបានលឿនបំផុត ឬយ៉ាងណានោះ ត្រូវ មិនត្រូវ អាហ្នឹងខ្ញុំគ្រាន់តែស្នើទេ អាស្រ័យលើរាជរដ្ឋាភិបាល ក៏ប៉ុន្តែក្នុងនាមខ្ញុំជាកូនខ្មែរ មួយរូប ខ្ញុំចង់ឲ្យមានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីផ្ដល់យុត្តិធម៌ទៅឲ្យជាតិខ្មែរយើង ហើយខ្ញុំចង់បានការគាំទ្រពីខ្មែរគ្រប់រូប ព្រោះសព្វថ្ងៃហ្នឹង យើងរួបរួមគ្នាហើយ យើងឃើញហើយ មួយពិភពលោក ឃើញខ្មែររួបរួមគ្នាទាំងអស់ ទាំងអ្នកដែលគេហៅថា អ្នកប្រឆាំង ទាំងអ្នកដែលគាំទ្រគណបក្សកាន់អំណាច អីហ្នឹង រួបរួមគ្នាធ្វើបាតុកម្មពេញពិភពលោក ដើម្បីគាំទ្ររាជរដ្ឋាភិបាល ក្នុងការតទល់ជាមួយពួករំលោភមកលើទឹកដីយើង ។ និយាយទៅ ទាំងរាជរង្ស ទាំងខ្មែរគ្រប់រូប យើងកុំបែកចែក ខ្មែរគ្រប់រូប គួរណាតែគាំទ្រដាក់ពាក្យបណ្ដឹង“ ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលបន្ថែមថា “ចំពោះខ្ញុំអង្គុយសន្ទនាជាមួយសម្ដេចហ៊ុន សែន ហើយខ្ញុំថា ទឹកដីតែមួយ ជាតិតែមួយ ខ្មែរតែមួយនោះ ខ្ញុំចង់ឆ្លុះបញ្ចាំងឲ្យឃើញថា ខ្មែរ បានរួបរួមគ្នា ដើម្បីទៅតទល់ជាមួយសត្រូវឈ្លានពានលើទឹកដីរបស់យើង ហើយនិងយើងបានកសាងឯកភាពជាតិ ស្របទៅតាមព្រះរាជបណ្ដាំរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ។ នេះហើយដែលខ្ញុំចង់ឆ្លុះបញ្ចាំងឲ្យឃើញថា ខ្មែរគ្រប់រូប រួបរួមគ្នា ជាពិសេសចំពោះសម្ដេចតេជោ ហើយនិងខ្ញុំ ដែលគេថា ជាអ្នកធ្លាប់តទល់គ្នាក្នុងនាមបក្សកាន់អំណាច និងបក្សប្រឆាំងនោះ បានមកជួបគ្នា ធ្វើការជាមួយគ្នា ។ ដូច្នេះខាងនិន្នាការនយោបាយណាក៏ដោយ ត្រូវតែរួបរួមគ្នា ដើម្បីប្រឆាំងនឹងអំពើឈ្លានពានខុសច្បាប់ ។ ជាការបញ្ជាក់ឡើងវិញ ខ្ញុំសំណូមពរឲ្យខ្មែរទាំងអស់ គ្រប់គ្នា គាំទ្ររកដំណោះស្រាយតាមផ្លូវទូត បញ្ចប់ការប្រយុទ្ធប្រដាប់អាវុធ ដែលរងគ្រោះពីឧក្រិដ្ឋកម្មខុសច្បាប់ ពីថៃ ឈ្លានពាន“ ។

គួររំលឹកថា ក្នុងរយៈពេល៥ថ្ងៃ នៃការវាយប្រហារប្រដាប់អាវុធរបស់ភាគីថៃ មកលើកម្ពុជា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ យោធាថៃ បានប្រើប្រាស់នូវអាវុធធុនធ្ងន់ យ៉ាងសាហាវឃោរឃៅ ឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា ជាបន្តបន្ទាប់។ ក្នុងនោះ ថៃ បានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ដ្រូនអត្តឃាត គ្រាប់រ៉ុក្កែត និងមានការប្រើយន្តហោះបាញ់ផ្សែងពុល មកលើតំបន់ការពាររបស់កម្ពុជាថែមទៀត ដែលទាំងនេះ សុទ្ធតែជាអំពើខុសច្បាប់អន្តរជាតិ ជាបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងបទល្មើសបំពានលើរដ្ឋអធិបតេយ្យមួយ។

គួរបញ្ជាក់ដែរថា  តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺជាតុលាការកម្រិតអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មនៃការឈ្លានពាន នៅពេលដែលរដ្ឋជាសមាជិកមិនអាចកាត់ក្ដីដោយខ្លួនឯងបាន។ ICC អាចកាត់ទោសឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយជនជាតិនៃរដ្ឋជាសមាជិក ឬនៅលើទឹកដីនៃរដ្ឋសមាជិកផ្សេងទៀត ជាក់ស្តែង ថ្មីៗកន្លងទៅនេះ អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូតឺរតេ ត្រូវបានប៉ូលិសអន្តរជាតិ ចាប់ខ្លួនទៅកាត់ទៅស នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយគ្រាន់តែលោកប្រើវិធានការក្តៅក្នុងការកម្ចាត់អ្នកជួញដូរគ្រឿងញៀន ក្នុងប្រទេសហ្វីលីពីន ក្នុងអំឡុងពេលដែលលោកកាន់អំណាចប៉ុណ្ណោះ បើប្រៀបទៅនឹងមេដឹកនាំថៃ ដែលបង្កឧក្រិដ្ឋកម្មសង្គ្រាម ដ៏សាហាវឃោរឃៅ ឈ្លានពានមកលើប្រទេសកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយ៕​ កុលបុត្រ

RELATED ARTICLES