បើឧស្សាហ៍ ឈាមច្រមុះ ហើយរកមូលហេតុ មិនឃើញ មិនគួរនៅស្ងៀមទេ ព្រោះឈាមដែលហូរចេញមក អាចប្រាប់ពីអាការជំងឺ ឬភាពខុសប្រក្រតីនៃរាងកាយ ។
១- ផ្តាសាយ ប្រតិកម្ម ឬអាការរលាកផ្សេងៗ ៖ អាចបណ្តាលមកពីសរសៃឈាមឆ្មារនៅក្នុងច្រមុះបែកធ្លាយ ដោយសារតែញើសសម្បោរខ្លាំងពេក ឬអាការរលាកផ្សេងៗ។ បើព្យាបាលអាការនៃដើមហេតុឱ្យជាដាច់បាន នឹងឈប់ឈាមច្រមុះមិនខាន។
២- បញ្ហាសុខភាព ៖ សមាគមបេះដូងអាមេរិកបានឱ្យដឹងថា បើអាការឈាមច្រមុះ មានដំណាលគ្នានឹងអាការឈឺក្បាល ធ្ងន់ក្បាលខ្លាំង ដកដង្ហើមញាប់ៗ និងញ័រទ្រូងផង ជាការចង្អុលបង្ហាញដល់សភាពនៃជំងឺបេះដូង ជំងឺថ្លើម ជំងឺតម្រងនោម ជំងឺពុលស្រារ៉ាំរ៉ៃ ឬជំងឺពាក់ព័ន្ធនឹងប្រព័ន្ធឈាមរត់ ដូចជា ជំងឺលើសឈាម និងជំងឺបេះដូង ព្រោះសភាពនៃជំងឺទាំងនេះ ធ្វើឱ្យសម្ពាធឈាមខ្ពស់ រហូតដល់ឈាមត្រូវហូរចេញមកតាមច្រមុះ ដើម្បីបន្ថយសម្ពាធឱ្យ ចុះ។ ជាអាការដែលមិនគួរឱ្យទុកចិត្តទេ ព្រោះសំដៅដល់អាការនៃជំងឺ ដែលកំពុងធ្វើទុក្ខ។
៣- ធាតុអាកាសស្ងួតពេក ៖ អាចធ្វើឱ្យសរសៃឈាមឆ្មារក្នុងច្រមុះ បែក ធ្លាយ នាំឱ្យហូរឈាមពីច្រមុះ។ ប៉ុន្តែ អាចការពារបានដោយការបង្កើនសំណើម ដល់ខ្យល់អាកាស ដូចជា ក្នុងពេលគេង គួរយកទឹក ១ពែង មកដាក់នៅក្បែរគ្រែ ឬពិសាផ្លែឈើដែលមានវីតាមីន ជ ច្រើន ដូចជា ក្រូច ត្របែក ប៉េងប៉ោះ កន្ទួតព្រៃ ឬម្នាស់ ជាប្រចាំ ក៏អាចការពារមិនឱ្យហូរឈាមច្រមុះបានដែរ។
៤- ឱសថមួយចំនួន ៖ ជាពិសេសឱសថបន្ថយឈាមកក (Blood-Thinning) ដូចជា អាស្ពីរីន ឬឱសថប្រឆាំងការរលាក ប្រភេទមិនមែនស្តេរ៉ូអ៊ីដ (NSAIDS) ដែលអាចជាមូលហេតុនៃការហូរឈាមច្រមុះ ដោយសារជាតិថ្នាំអាចបន្ថយ ប្រសិទ្ធភាពកកឈាម ធ្វើឱ្យឈាមងាយនឹងហូរចេញពីរាងកាយ រហូតដល់ហូរតាមច្រមុះ។
៥- អាការរបួសភ្នាសច្រមុះ ៖ ទាំងការឆ្កឹះអាចម៍ច្រមុះ ញីច្រមុះខ្លាំងៗ ញើសសម្បោរ ឬការប្រែប្រួលឆាប់រហ័សនៃសម្ពាធធាតុអាកាស ដូចជា ពេលជិះយន្តហោះ ឬមុជជ្រៅទៅក្នុងទឹក។ លក្ខណៈបែបនេះ អាចធ្វើឱ្យហូរឈាម ច្រមុះ ងាយជាងធម្មតា។
៦- ជញ្ជាំងខណ្ឌក្នុងច្រមុះវៀច ឬមានខ្ទង់ស្រួច ៖ អាចសង្កេតបានថា ឈាមច្រមុះហូរតែម្ខាង និងតែងតែនៅម្ខាងនោះដដែល ដោយសារជញ្ជាំង ខណ្ឌច្រមុះដែលចង្អៀតនោះ មានខ្យល់ចេញចូលខ្លាំងជាង និងលឿនជាង ធ្វើឱ្យភ្នាសច្រមុះស្ងួតជាងម្ខាងទៀត នាំឱ្យមានក្រមរ និងងាយចេញឈាម។
៧- សាច់ដុះក្នុងច្រមុះ ៖ អាចជាសាច់អាក្រក់ ឬមិនអាក្រក់ ប៉ុន្តែឈាម ច្រមុះព្រោះរាងកាយមានសាច់ដុះ ធ្វើឱ្យមានឈាមមកចិញ្ចឹមសាច់ដុះនោះច្រើន និងអាចបណ្តាលឱ្យឈាមហូរចេញមកតាមច្រមុះបាន។ ដូច្នេះ បើមានឈាម- ច្រមុះម្តងម្កាលបរិមាណឈាមច្រើនជាងធម្មតា ស្រកទម្ងន់ខ្លួន មានដុំសាច់នៅក សំឡេងស្អកស្អាលើសពី ៣សប្តាហ៍ ឬតឹងច្រមុះរ៉ាំរ៉ៃ គួរប្រញាប់ទៅរកគ្រូពេទ្យ ឱ្យថតឆ្លុះច្រមុះ។
៨- ភាពខុសប្រក្រតីនៃសរសៃឈាម ៖ ដូចជា សរសៃឈាមប៉ោង ឬ សរសៃឈាមក្រហមខុសប្រក្រតី ដោយសារមានការប៉ះទង្គិចច្រមុះ ជាដើម។
ឈាមច្រមុះគួរធ្វើយ៉ាងណា ?
អង្គុយងើយមុខឡើង ឬឱនមុខចុះ យកដៃច្របាច់ច្រមុះទាំងសងខាងប្រមាណ៥-១០នាទី ដកដង្ហើមឱ្យវែងៗតាមមាត់ជំនួសវិញ និងអាចដាក់ក្រណាត់ត្រជាក់ ឬថង់ទឹកកកនៅលើក្តោងច្រមុះផងក៏បាន។
បន្ទាប់ពីឈាមច្រមុះ ១-២ថ្ងៃដំបូង មិនគួរញើសសម្បោរខ្លាំង ឆ្កឹះអាចម៍ ច្រមុះប្រើកម្លាំងដៃខ្លាំង ហាត់ប្រាណខ្លាំង ឬធ្វើកិច្ចការដែលអាចប៉ះទង្គិចច្រមុះឡើយ។
ពេលឈប់ហូរឈាម គួរគេងសម្រាកដោយលើកក្បាលឱ្យខ្ពស់ រួចយក ទឹកកកមកស្អំនៅបរិវេណថ្ងាសនិងក ឬបៀមទឹកកក ដើម្បីឱ្យឈាមឈប់ហូរក៏ បាន។ ប៉ុន្តែការស្អំឬបៀមទឹកកក គួរប្រើពេលត្រឹម១០នាទី ក្នុងមួយលើកៗ សម្រាក១០នាទី សឹមស្អំឬបៀមទឹកកកម្តងទៀត។
បើព្យាបាលដោយខ្លួនឯងដូចខាងលើហើយ ឈាមនៅតែមិនឈប់ហូរ ត្រូវប្រញាប់ទៅរកគ្រូពេទ្យភ្លាម៕