គូស្នេហ៍គ្រប់រូប តែងប្រាថ្នាចង់បានការរៀបការជាប្តីប្រពន្ធឱ្យមានខាន់ស្លាត្រឹមត្រូវ ប៉ុន្តែ បើគ្មានប្រាក់ រឿងរៀបការ បាចផ្កាស្លា ក៏មិនអាចកើតឡើងបានដែរ។ តួយ៉ាង គូសង្សារមួយនេះ បានស្រលាញ់គ្នាស្មគ្រ័ស្មោះ ដោយខាងប្រុសនាំចាស់ទុំចូលស្តីដណ្តឹងភ្ជាប់ពាក្យស្រីសំណព្វចិត្តដល់មេបា តែខាងប្រុសរកប្រាក់រៀបការមិនទាន់បាន ចេះតែពន្យារពេលជាបន្តបន្ទាប់ ធ្វើឱ្យសាមីខ្លួនកូនស្រីឱបបង្វេចរត់ទៅផ្សំដំណេកផ្ទះកូនកំលោះ…។
តាកែវ៖ នាងប៉ាក ណាវី អាយុ២១ឆ្នាំ កំពុងរស់នៅភូមិនាល ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា តាមពិតទៅ នាងមានផ្ទះនៅភូមិជាប់គ្នានេះ ហើយរូបនាងជាកូនទី៤ ក្នុងចំណោមបងប្អូន៦ នាក់ (ប្រុស២ ស្រី៤) ដែលមានម្តាយឈ្មោះម៉ៅ រី អាយុ៥២ឆ្នាំ ឪពុកឈ្មោះឃឹម ភាព អាយុ៤៩ឆ្នាំ។ កាលពីក្មេង នាងមានវាសនាចូលសាលារៀនសូត្រចប់ថ្នាក់បឋមសិក្សាដែរ ក៏ឈប់ទៅ។ លុះពេលធំពេញវ័យ នាងបានចាកចេញពីស្រុកកំណើតឃ្លាតឆ្ងាយពីក្រុមគ្រួសារ ទៅធ្វើការរោងចក្រកាត់ដេរ នៅម្តុំផ្សារពោធិ៍ចិនតុង ក្រុងភ្នំពេញ។ ពេលទៅធ្វើការនៅក្នុងទឹកដីទីក្រុងត្រូវទឹកម៉ាស៊ីនភ្លឺសាច់ភ្លឺឈាម ក៏ចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍ជាមួយកំលោះម្នាក់ ឈ្មោះជួប សារ៉ាត សព្វថ្ងៃអាយុ២៥ឆ្នាំ (ប្តីសព្វថ្ងៃ) ដែលទៅធ្វើការរោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញ ដូចគ្នា។ គូសង្សារនាងបានបង្កាត់ភ្លើងស្នេហ៍នឹងគ្នាយ៉ាងផ្អែមល្ហែម និងបានបណ្តើរគ្នាដើរលេងជាច្រើនលើកច្រើនសារាប់មិនអស់ រហូតស្គាល់ចិត្តថ្លើមគ្នាជ្រៅរាក់ត្រជាក់ក្តៅ។ តែយ៉ាងណា គូស្នេហ៍ពួកនាងគោរពប្រពៃណីបានល្អណាស់ មិនជ្រុលជ្រួសខ្លួនប្រាណ សូម្បីតែឱបថើប ឬប៉ះដៃប៉ះជើងគ្នាក៏មិនមានឡើយ ពោលគឺស្រលាញ់គ្នាត្រឹមចិត្តនិងចិត្តប៉ុណ្ណោះ។
នាងណាវី បន្តទៀតថា ក្រោយមក ដោយសារតែនាងចង់រួមរស់ជាប្រពន្ធប្តីឱ្យមានខាន់ស្លាត្រឹមត្រូវ មិនចង់ដើររំលងហួសគន្លងប្រពៃណី លោកសារ៉ាត បានឱ្យចាស់ទុំរបស់គេចូលស្តីដណ្តឹងនាងដល់មេបាតាមប្រពៃណី។ ចំណែកឪពុកម្តាយរបស់នាងក៏មិនយល់ទាស់អ្វីដែរ ព្រមលើកកូនស្រីឱ្យដោយបង្គាប់ថ្លៃបណ្ណាការ ចំនួន១៥០០ដុល្លារ តែមិនបានកំណត់ថ្ងៃចូលរោងការឱ្យជាក់លាក់ឡើយ ដោយឪពុកម្តាយខាងប្រុសសុំមិនទាន់គិតគូរថ្ងៃរៀបការ រង់ចាំសាមីខ្លួនកូនប្រុសធ្វើការរកប្រាក់បានគ្រប់ចំនួនសិន។ ចំណែកគូសង្សារត្រូវជាគូដណ្តឹងរបស់នាងនៅតែបន្តថែទាំស្រោចទឹកដាក់ជីពន្លកស្នេហ៍ឱ្យរីកលូតលាស់ជាលំដាប់ តែទាស់ត្រង់មិនទាន់អាចរកប្រាក់ថ្លៃរៀបការប្រគល់ឱ្យឪពុកម្តាយនាងបាន ធ្វើឱ្យពិធីមង្គលការពួកនាងត្រូវពន្យារពេលជាបន្តបន្ទាប់ រកថ្ងៃកំណត់ជាក់លាក់មិនឃើញ។
នាងប៉ាក់ ណាវី បន្តឱ្យដឹងទៀតថា ខណៈដែលភ្លើងស្នេហ៍បន្តដុតរោលកាន់តែខ្លាំង នាងទ្រាំមិនបាន ក៏សម្រេចចិត្តកាត់កេរ្តិ៍កាត់ខ្មាស ឱបបង្វេចរត់ឡើងផ្ទះគូដណ្តឹងផ្សំដំណេកតែម្តង រហូតមកទល់សព្វថ្ងៃ បើគិតមកដល់ពេលនេះ មានរយៈពេល២ឆ្នាំ និងកំពុងតែពោះធំ៦ខែ។ តែយ៉ាងណា ប្តីប្រពន្ធពួកនាង ត្បិតតែមិនបានរៀបការ ឬសែនព្រេនក្តី តែក៏អាចចាត់ទុកថា មានខាន់ស្លាពាក់កណ្តាលដែរ ព្រោះចាស់ទុំទាំងសងខាងបានស៊ីស្លាម្លូ នៅក្នុងពិធីភ្ជាប់ពាក្យពួកនាងម្តងរួចមកហើយ។ រីឯឪពុកម្តាយរបស់នាងក៏ដឹងពីសុខទុក្ខរបស់នាងដែរ ដោយមិនខឹងសម្បាស្តីបន្ទោសឱ្យនាងឡើយ។ តែយ៉ាងណា ពួកនាងក៏មិនបោះបង់រឿងរៀបការចោលដែរ ឱ្យតែធ្វើការសន្សំប្រាក់បានគ្រប់ចំនួន នឹងដឹកដៃគ្នាចូលរោងជ័យ ដើម្បីឱ្យកូនក្នុងផ្ទៃរបស់នាងកើតមក មានខាន់ស្លាត្រឹមត្រូវ។
ដោយឡែក លោកជួប សារ៉ាត អាយុ២៥ឆ្នាំ ជាប្តី បានចេញទៅធ្វើការរកប្រាក់នៅទីកន្លែងឆ្ងាយបាត់ទៅហើយ អ្នកយកព័ត៌មានយើងមិនអាចសុំការបកស្រាយបន្ថែមបានឡើយ។
អ្នកស្រីខាត់ នេម អាយុ៥៣ឆ្នាំ ជាម្តាយលោកសារ៉ាត បានឱ្យដឹងថា គាត់ចង់ឱ្យប្តីប្រពន្ធកូនរៀបការតាមប្រពៃណីណាស់ ដោយខំបំពេញមុខមាត់ឱ្យក្រុមគ្រួសារខាងស្រី ចូលស្តីដណ្តឹងដល់មេបាត្រឹមត្រូវ ប៉ុន្តែដោយសារគាត់មានជីវភាពខ្វះខាតខ្លាំង ទើបប្រគល់រឿងប្រាក់ថ្លៃបណ្ណាការឱ្យកូនប្រុសជាអ្នករ៉ាប់រងរកដោយខ្លួនឯង បានគ្រប់ចំនួនថ្ងៃណា ចាំរៀបការថ្ងៃនោះទៅ។ ប៉ុន្តែបើសាមីខ្លួនពួកគេស្មគ្រ័រួមរស់ជាប្តីប្រពន្ធ មុនរៀបការទៅហើយ គាត់ជាម្តាយក៏គ្មានពាក្យអ្វីត្រូវនិយាយដែរ និងសុំចិត្តខាងដន្លងស្រី កុំប្រកាន់ខឹងបំបែកស្នេហាពួកគេអី ចាំថ្ងៃណាពួកគេធ្វើការរកប្រាក់បានគ្រប់ចំនួន គាត់នឹងមិនធ្វើឱ្យគ្រួសារខាងដន្លងស្រីខកបំណងឡើយ។
នាងជួប ស្រីពៅ អាយុ១៨ឆ្នាំ ជាប្អូន បានឱ្យដឹងថា ប្តីប្រពន្ធបងប្រុសនាងស្រលាញ់ស្មគ្រ័ស្មោះនឹងគ្នាណាស់ និងចង់រៀបការតាមប្រពៃណីបំពេញមុខមាត់ឪពុកម្តាយខាងស្រីដែរ ដោយកន្លងមក ពួកគាត់ទាំងពីរនាក់បានបណ្តើរគ្នាទៅស៊ីឈ្នួលធ្វើការរកប្រាក់នៅស្រុកថៃ មួយរយៈ ក្នុងបំណងសន្សំប្រាក់មកគិតគូររឿងនេះ តែស៊យធំ ជួបតែថៅកែបោកប្រាស់ បានត្រឹមតែមានប្រាក់សម្រាប់ធ្វើសោហ៊ុយត្រឡប់មកវិញប៉ុណ្ណោះ។ ហើយពេលនេះបងប្រុសរបស់នាង ចេញពីផ្ទះទៅធ្វើការរកប្រាក់ទៀតហើយ ដោយទុកប្រពន្ធជាទីស្រលាញ់នៅផ្ទះ ឱ្យរស់នៅជាមួយក្រុមគ្រួសារ។ ហើយនាងសង្ឃឹមថា មិនយូរមិនឆាប់ទេ ប្តីប្រពន្ធបងប្រុសនឹងរកប្រាក់បានគ្រប់ចំនួន រៀបការតាមប្រពៃណី បានជាមិនខាន៕ គីម ថីសួន