
ខេត្តព្រះវិហារ ៖ ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា កងទ័ពសៀម លែងឈ្លានពានតំបន់ច្រកអានសេះ ស្ថិតនៅក្នុងខេត្តព្រះវិហារ ដែលកងទ័ពកម្ពុជាកំពុងឈរជើងកាន់កាប់លើដែនអធិបតេយ្យរបស់ខ្លួន ដោយសារតែខ្លាចខ្មោចលង ។
លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថា “ទីបំផុត ទ័ពសៀមជ្រុលនិយម លែងអុកឡុកហើយ ចាកចោលពីតំបន់ច្រកអានសេះ ដោយសារខ្មោចលង“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ថា ការដែលលោកថា កងទ័ពថៃ បាក់ទ័ព ដកទ័ព ដោយសារខ្មោចលង គឺក្នុងន័យអត្ថប្បដិរូប ចង់បង្ហាញថា ទង្វើដែលសៀម ឈ្លានពាន បង្កើតសង្រ្គាម ៥ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា គឺជាការរំលោភបំពានទៅនឹងសន្ធិសញ្ញាអន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ រំលោភសិទ្ធិតុលាការយុត្តិធម៌អន្តរជាតិ បង្កើតនូវបទឧក្រិដប្រឆាំងសង្រ្គាមមនុស្សជាតិ ប្រឆាំងនឹងមនុស្សធម៌អន្តរជាតិ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ។ រីឯក្នុងន័យអត្ថានុរូប គឺចង់បញ្ជាក់ថា ជាប្រវត្តិសាស្រ្ត នៅពេលមានសង្រ្គាមសៀមឈ្លានពាន ខ្មែរ តែងទទួលបានការជួយពីផ្លូវក្នុង ឬបារមីមេទ័ព ជួយការពារ ដូចជាព្រលឹងមេទ័ពឧកញ៉ាឃ្លាំងមឿង សុខចិត្តពលីជីវិតទៅកែនទ័ពខ្មោច មកប្រយុទ្ធជាមួយទ័ពចោរសៀម រហូតទទួលបានជ័យជម្នះ ជាដើម ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “យើងដឹងហើយថា ជាប្រពៃណី ទំនៀមទម្លាប់បែបបរុមបុរាណមក ហើយនិងរឿងសិល្បៈ ព្រេងនិទានអីហ្នឹង គឺតែងតែបង្ហាញអំពីមនុស្សដែលស្លាប់ ក្លាយជាខ្មោច ខ្មោចទៅដោយមានបុណ្យកុសល ខ្មោចរបៀបជាអសុរកាយ របៀបជាខ្មោចតៃហោង ស្លាប់តក់ក្រហល់ ខ្មោចជាធម៌អាថ៌បែបទៅស្ថានសួគ៌លោកកិយអីជាដើមអ៊ីចឹងទៅ ហើយយើងតែងតែមានការសុបិន យល់សប្ដិឃើញ មិនថាដូនតា ឪពុកម្ដាយយើង ។ អ៊ីចឹងសុទ្ធតែជាជំនឿអរូបី ហើយបើយើងនិយាយអំពីសម័យសង្រ្គាមសៀមឈ្លានពាន ដូចជាឧដុង្គ សម័យលង្វែក ជាដើម យើងមើលរាប់សតវត្សរ៍មកហើយ ដូចជាឧកញ៉ាឃ្លាំងមឿង ដែលជាមេទ័ពរបស់ព្រះបាទចន្ទរាជា យើងឃើញថា ការច្បាំងតបត ធ្វើសង្រ្គាមដណ្ដើមអធិបតេយ្យ បូរណភាពទឹកដី ដែលសៀមជ្រៀតយកទឹកដីយើងពីពេលកន្លងមកហ្នឹង ក្នុងសម័យដែលខ្ញុំបានអះអាងខាងលើ គឺយើងឃើញថា មេទ័ពឧកញ៉ាឃ្លាំងមឿង ហ្នឹង គឺសុំសិទ្ធិសម្លាប់ខ្លួន ដើម្បីទៅកែនទ័ពខ្មោចច្បាំងជាមួយទ័ពសៀម សុទ្ធតែជាប្រវត្តិសាស្រ្ត ជារឿងព្រេងនិទាន ដែលយើងមិនអាចសន្មតថា តើជាការពិត ឬក៏ជាស្រមៃដែលមានការកាន់បារមី មន្តអាគមពូកែស័ក្ដិសិទ្ធិ នាអំឡុងរាប់សតវត្សរ៍កន្លងមក នៅក្នុងរជ្ជកាលព្រះបាទចន្ទរាជា នោះទេ គឺថាយើងឃើញថា មេទ័ពឃ្លាំងមឿង គឺសុំសិទ្ធិដើម្បីសម្លាប់ខ្លួន ទាំងកូន ទាំងប្រពន្ធ ទៅកែនទ័ពខ្មោច រហូតច្បាំងឈ្នះសៀម ដោយទ័ពខ្មោចហ្នឹងលង ធ្វើឲ្យទ័ពសៀមភ័យលស់ព្រលឹង បាក់ស្បាត បាក់ទ័ព“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយបានយើងយកមកបច្ចុប្បន្ននេះ រហូតដល់មានពាក្យចចាមអារ៉ាមថា មានខាងផ្លូវក្នុង បានបញ្ជាក់ប្រាប់ខ្ញុំប៉ុន្មានថ្ងៃមុនហ្នឹងថា មានបណ្ដាំឃ្លាំងមឿង ហ្នឹងមកពន្យល់សប្ដិអ្នកដែលកាន់ខាងផ្លូវក្នុង ឬក៏កាន់បារមីអីហ្នឹង ថានឹងឲ្យដាំបាយដាក់កន្ទោង មានត្រីងៀត មានបាយ មានបង្អែមអីអ៊ីចឹងទៅ ហើយបួងសួងដល់ទ័ពខ្មោចរបស់មេទ័ពឧកញ៉ាឃ្លាំងមឿង ហ្នឹងមក ដើម្បីជួយកូនចៅ ក្នុងការច្បាំងជាមួយទ័ពសៀម នៅតំបន់វាលឥន្រ្ទី ៥មករា ពិសេសតំបន់ភ្នំទ្រព្យ ចាក់ទៅភ្នំខ្មោច ច្រកតាថាវ ច្រកអានសេះ ។ល។ និង ។ល។ យើងឃើញថា រហូតដល់ឪពុកម្ដាយខាងកងទ័ពសៀម នោះ ក៏ទៅរកគ្រូហ្មមើល រហូតដល់កងទ័ពថៃ ហ្នឹងក៏ត្រូវបានបង្ហាញថា មានខ្មោចមកលង ក៏បាក់ទ័ព បាក់ស្បាត ខ្លាចអ៊ីចឹងទៅ ។ អាហ្នឹងជារឿងមួយ ហើយដូចនៅក្នុងសំណេររបស់ខ្ញុំថា កងទ័ពថៃ បាក់ទ័ព ដកទ័ព ដោយសារខ្មោចលង ក្នុងន័យអត្ថប្បដិរូបមួយទៀត គឺខ្ញុំចង់បង្ហាញឲ្យស៊ីជម្រៅ ក្នុងការតាមដាននយោបាយផ្ទៃក្នុងជាតិ ក៏ដូចជានយោបាយការបរទេស នយោបាយការទូត ជាមួយនឹងសហគមន៍អន្តរជាតិ ខ្ញុំចង់ថា ទង្វើដែលសៀម ឈ្លានពាន បង្កើតសង្រ្គាម ៥ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា បទឈប់បាញ់គ្នាហ្នឹង គឺថាសហគមន៍អន្តរជាតិ គេបានដឹងថា ភាគីណាដែលរំលោភបំពានមុន ទៅនឹងសន្ធិសញ្ញាអន្តរជាតិ ទៅនឹងធម្មនុញ្ញភាព នៃអង្គការសហប្រជាជាតិ មាត្រា៥១ ទៅនឹងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ការរំលោភទៅនឹងសិទ្ធិតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ICJ ការបង្កើតនូវបទឧក្រិដ្ឋប្រឆាំងសង្រ្គាមមនុស្សជាតិ ប្រឆាំងនឹងមនុស្សធម៌អន្តរជាតិ ទាក់ទងនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អាហ្នឹងហើយដែលប្រទេសសៀម គាត់មានការភ័យខ្លាចនៅក្នុងអ្វីដែលមានការចរចា ដោយមានភាគីទី៣ ជាអ្នកសម្របសម្រួល ដូចជាកន្លងមក មានការចង្អុលបង្ហាញ ប្រជុំជាបន្ទាន់ នៃក្រុមប្រឹក្សាសន្តិសុខ ទាំង១៥ប្រទេស របស់អង្គការសហប្រជាជាតិ ក្រោយមកក៏មានការប្រជុំក្នុងយន្តការដែលដើរផ្ទុយនឹងរដ្ឋធម្មនុញ្ញអាស៊ាន នៅទីក្រុងកូឡាឡាំពួ លើទី១ ហើយនិងលើកទី២ នៅថ្ងៃទី៧ ខែសីហា ២០២៥ ដែលទើបតែចប់ទៅនេះ ។ អ៊ីចឹងហើយ អាទាំងអស់ហ្នឹងហើយ ដែលសៀម ចាញ់ប្រៀប ហើយកម្ពុជា នឹងមានប្រៀប ដោយសារយើងអត់បានរំលោភនូវអធិបតេយ្យ បូរណភាពទឹកដី ក្រៅពីយើងទប់សង្រ្គាម ដើម្បីរក្សាស្ថិរភាព និងសន្តិភាពសម្រាប់កម្ពុជា ។ យើងអត់មានបានទៅបង្កើតនូវជម្លោះសង្រ្គាមរាំងជលអីទេ ។ អ៊ីចឹងទាំងអត្ថប្បបដិរូប អត្ថានុរូប នៃមូលហេតុដែលការច្បាំង ៥ថ្ងៃ សៀម មិនអាចយកកម្ពុជាបាន ដូចជាប៉ុនប៉ងចង់បានប្រាសាទតាមាន់ធំ គ្រប់គ្រង ប្រាសាទតាក្របី និងតំបន់ប្រាសាទព្រះវិហារ ជាពិសេសភ្នំទ្រព្យ ៥មករា វាលឥន្រ្តី រហូតដល់បា្រសាទព្រះវិហារ ទៅទៀតហ្នឹង គឺថា ទោះបីថៃ មិនបានគ្រប់គ្រងតាមអ្វីដែលគាត់មានមហិច្ឆតាចង់រំលោភបំពានអធិបតេយ្យ យើងក៏មានការខូចខាតនូវបេតិកភណ្ឌពិភពលោក ដែលគ្រប់គ្រងដោយអង្គការយូណេស្កូ របស់អង្គការសហប្រជាជាតិ ។ អាហ្នឹងគឺជារឿងរំលោភច្បាប់មនុស្សធម៌ ទំនៀមទម្លាប់ប្រពៃណី ដែលយើងបានធ្វើសន្ធិសញ្ញាកិច្ចព្រមព្រៀងទៅឲ្យអង្គការសហប្រជាជាតិហើយ ហើយនិងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៅទៀត ដែលគាត់ទម្លាក់គ្រាប់ F16 គ្រាប់ផ្លោងផ្សេងៗដាក់វត្តអារាម សាលារៀន មន្ទីរពេទ្យ សុទ្ធតែជាផ្នែកមនុស្សធម៌ ដែលជាច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មមនុស្សជាតិ នៃច្បាប់អន្តរជាតិ ។ អ៊ីចឹងអាទាំងអស់ហ្នឹងហើយ ដែលខ្ញុំចង់បង្ហាញថា ជាឥទ្ធិពលខ្មោចលង នៅក្នុងអត្ថានុរូប និងអត្ថាប្បដិរូប ទាំងនៅក្នុងអរូបី ដែលយើងមើលមិនឃើញ តែយើងគិតថា អាហ្នឹងជាជំនឿ ជាការជឿជាក់របស់ប្រជារាស្រ្តខ្មែរ តាំងពីសម័យបុរមបុរាណមក ហើយជាក់ស្ដែងនៅក្នុងប្រវត្តិសាស្រ្ត សម័យមេទ័ពអ្នកឧកញ៉ាឃ្លាំងមឿង ហើយនិងការដែលយើងឃើញអ្នកដែលចូលរូប ខ្មោចលងអីហ្នឹង គឺសុទ្ធតែជារឿងបែបអត្ថានុរូប ប្រពៃណីតពីដូនតាមក ហើយនិងរឿងមួយទៀត គឺអត្ថប្បដិរូប នៃផ្លូវច្បាប់អន្តរជាតិហ្នឹងឯង” ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ចាប់តាំងពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី៤ ខែសីហា រហូតមកដល់ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បន្តប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដូចជា គ្រឿងចក្រកាយដី (អេស្កាវ៉ាទ័រ) ចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយលួសបន្លា បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់កម្ពុជា យ៉ាងណាក៏ដោយ ។ តំបន់អានសេះ ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពកម្ពុជា ក្រោយពេលបទឈប់បាញ់ ចូលជាធរមាននៅម៉ោង ១២អធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកម្ពុជា ជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ រុះរើលួសបន្លា និងដកចេញនូវគ្រឿងចក្ររបស់ខ្លួន ជាបន្ទាន់ ពីតំបន់អានសេះ ដែលស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា ។

លុះមកដល់នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ៖ “បច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះ ដែលកងទ័ពថៃ បានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា ដោយនៅវេលាម៉ោង ៩:០៩នាទី គ្រឿងចក្រថៃ បានបន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី មានរថយន្ដថៃ ០១គ្រឿង ដឹកលេណដ្ឋានបេតុង ក្នុងនោះ កង់ឡាននិងលូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង៩:៥៣នាទី កម្លាំងកងទ័ពថៃ បានបន្ដជីកលេណដ្ឋាន។ នៅវេលាម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃ មួយគ្រឿងទៀត បានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលិស ចម្ងាយពីទីតាំងកងទ័ពកម្ពុជា ប្រហែល ១៥ម៉ែត្រ និងបន្ដដាក់លូ និងកង់ឡាន ចូលលេណដ្ឋាន។ នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃ ដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។ ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហា កងទ័ពកម្ពុជា បានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃ ដើម្បីឱ្យកងទ័ពថៃ រុះរើលួសបន្លា និងដកចេញនូវគ្រឿងចក្ររបស់ខ្លួន ជាបន្ទាន់ ពីដែនអធិបតេយ្យរបស់កម្ពុជា។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរ បាននិងកំពុងបន្តពិភាក្សាគ្នា“ ។
ទោះបីជាយ៉ាងណា មកដល់ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានចុះរុះរើលួសបន្លាដែលទាហានថៃ បានយកមករាយព័ទ្ធទាំងបំពានលើដែនអធិបតេយ្យរបស់កម្ពុជា នៅតំបន់អានសេះ ចេញវិញ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នោះថា «ស្ថានការណ៍នៅតំបន់អានសេះ គិតត្រឹមម៉ោង ៥៖៣០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បន្លាលួសដែលកងទ័ពថៃបានរាយនៅតំបន់អានសេះ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ត្រូវបានរុះរើ និងគ្រឿងចក្រថៃ ក៏ត្រូវបានផ្អាកការធ្វើសកម្មភាពហើយ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីភាគីកម្ពុជា និងភាគីថៃ ប្រចាំការនៅតំបន់អានសេះ បានជួបពិភាក្សា និងចរចាគ្នា។ សូមបញ្ជាក់ថា តំបន់អានសេះស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា និងត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងទ័ពកម្ពុជា ក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃ បានចូលជាធរមាននៅម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក» ។

ដោយឡែក នៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅវេលាម៉ោង ០៧:០០នាទីព្រឹក ថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ស្ថានការណ៍នៅតំបន់អានសេះ គិតមកដល់ម៉ោង ៦និង០០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីកម្លាំងកម្ពុជា បានចុះរុះរើលួសបន្លារបស់ទាហានថៃ ដាករាយចូលដែនអធិបតេយ្យកម្ពុជា ។
លោកស្រី ម៉ាលី សុជាតា បានមានប្រសាសន៍រំលឹកព្រឹត្តិការណ៍នេះថា “នាងខ្ញុំសូមសង្ខេបឡើងវិញផងដែរថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថៃ បានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលមកតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាមានការហាមឃាត់ពីសំណាក់កងកម្លាំងយើងយ៉ាងណាក៏ដោយ ។ ឈានមកដល់ព្រឹកថ្ងៃទី៥ ខែសីហា កងកម្លាំងកម្ពុជា បានធ្វើការទំនាក់ទំនងរហូតជាមួយនឹងខាងកងទ័ពថៃ ដើម្បីឲ្យរុះរើនូវបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ ពីដែនអធិបតេយ្យរបស់កម្ពុជា ។ នៅវេលាម៉ោង ៩និង៩នាទី គ្រឿងចក្ររបស់ភាគីថៃ នៅតែបន្តជីក ហើយដល់វេលាម៉ោង ៩និង៥០នាទី ក៏មានរថយន្ត១គ្រឿង ដឹកលេណដ្ឋានបេតុង ក្នុងនោះមានកង់ឡាន និងលូ ដែលធ្វើរួច មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយដល់វេលាម៉ោង ៩និង៥៣នាទី កងកម្លាំងរបស់ថៃ បានបន្តជីកលេណដ្ឋានទៀត ។ នៅវេលាម៉ោង ១០និង៥៥នាទី គ្រឿងចក្ររបស់ថៃ មួយគ្រឿងទៀត បានធ្វើការឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលិស ចម្ងាយទីតាំងរបស់កម្ពុជា ប្រហែល១៥ម៉ែត្រ នៅក្នុងចំណុចនោះ និងបន្តដាក់លូនិងកង់ឡាន ចូលលេណដ្ឋានបន្ថែមទៀត ។ កងកម្លាំងកម្ពុជា នៅតែបន្តព្យាយាមនិងជំរុញឲ្យភាគីថៃ បញ្ឈប់សកម្មភាពរំលោភបំពាន ដែលនាំមកនូវភាពតានតឹង និងរំខានដល់ដំណើរការដោះស្រាយតាមសន្តិវិធី ឆ្ពោះទៅស្ថានភាពល្អប្រសើរ ដូចដែលជាបំណងប្រាថ្នារបស់កម្ពុជា ក្នុងការចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់យូរអង្វែង ។ ក្រោយពីភាគីកម្ពុជា បានព្យាយាមទំនាក់ទំនងទៅភាគីថៃ ដែលប្រចាំការនៅតំបន់អានសេះ បានពិភាក្សានិងចរចាយ៉ាងស្វិតស្វាញជាមួយភាគីថៃ ។ នៅវេលាម៉ោង៣ និង១៤នាទីរសៀល កងកម្លាំងរបស់យើង បានដឹកនាំកម្លាំងចុះរុះរើលួសបន្លាចេញ ។ រហូតដល់វេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ លួសបន្លាត្រូវបានរុះរើ និងគ្រឿងចក្ររបស់ថៃ ត្រូវបានផ្អាកការធ្វើសកម្មភាព…” ៕ កុលបុត្រ