Thursday, December 5, 2024
Homeព័ត៌មានជាតិកម្ចាត់ជាតិពុលពីពោះវៀន ដោយរូបមន្តងាយៗ

កម្ចាត់ជាតិពុលពីពោះវៀន ដោយរូបមន្តងាយៗ

ការកម្ចាត់ជាតិពុលពីពោះវៀន ជាវិធីសម្អាតសារធាតុសេសសល់ក្នុងថ្លើម និងរាងកាយ បង្ហាញស្បែកភ្លឺ ប្រព័ន្ធខាងក្នុងធ្វើការបានយ៉ាងមានប្រសិទ្ធភាព និងអាចជួយបន្ថយអាការរលាក របស់ជាលិកា និងជួយសម្រកទម្ងន់បានទៀតផង។

-ក្រូចឆ្មារ ៖ ពុះក្រូចឆ្មារជាពីរ ច្របាច់ដាក់ក្នុងទឹកក្តៅឧណ្ហៗ ឬទឹកក្នុងសីតុណ្ហភាពធម្មតា ១កែវពេញ ពិសាក្រោយក្រោកពីគេងរាល់ព្រឹក អាចជួយសម្រួលដល់ប្រព័ន្ធបន្ទោបង់ ជួយឱ្យខ្យល់ដង្ហើមប្រហើរ ស្រស់ស្រាយ បំប៉នស្បែក និងជួយជំរុញឱ្យការសម្រកទម្ងន់ទៅដល់គោលដៅឆាប់រហ័ស។

-តែបៃតង ៖ ជួយបំប៉នការធ្វើការរបស់ខួរក្បាល ជួយបំប៉នឆ្អឹងនិងធ្មេញ ជួយឱ្យខ្យល់ដង្ហើមប្រហើរ មានគុណ-សម្បត្តិប្រឆាំងភាពចាស់ ជួយសម្រួលតុល្យភាពជាតិស្ករក្នុងឈាម ដោយគ្រាន់តែពិសាតែបៃតងក្តៅឧណ្ហៗមួយថ្ងៃ ១-៣កែវ។

-ខ្ញី ៖ មានគុណសម្បត្តិប្រឆាំងការរលាក បន្ថយអាស៊ីដលើសក្នុងក្រពះ និងល្អចំពោះអ្នកដែលកើតជំងឺអាស៊ីដហូរច្រាល់ ថែមទាំងជួយប្រឆាំងបញ្ហាសុខភាពផ្នែកផ្សេងៗច្រើនទៀត។ ចំណែកវិធី គឺគ្រាន់តែហាន់ខ្ញីស្រស់ជាបន្ទះ យកទៅចំហុយឬស្ងោរឱ្យច្អិន ឬអាចយកម្សៅខ្ញី មកដាក់ក្នុងទឹកក្តៅឧណ្ហៗក៏បាន។

-រមៀត ៖ សម្បូរដោយសារធាតុប្រឆាំងរ៉ាឌីកាល់សេរី មានគុណសម្បត្តិប្រឆាំង មេរោគវីរុស បាក់តេរី មេរោគផ្សិត និងប្រឆាំងអាការរលាក មានវីតាមីន C, E និង K ជួយឱ្យស្បែកស្អាត។

-ទឹកប្រទាលកន្ទុយក្រពើ ៖ មានគុណសម្បត្តិក្នុងការព្យាបាលដំបៅរលាក ប្រឆាំងមេរោគផ្សិត ជួយសម្រួលប្រព័ន្ធឈាមរត់ និងជួយក្នុងការរំលាយអាហារ។ យកតែសាច់ប្រទាល លាងយករំអិលចេញឱ្យស្អាត កិនឱ្យម៉ដ្ឋ រួចលាយទឹកមួយកែវ អាចបន្ថែមទឹកក្រូចឆ្មារបន្តិចដើម្បីយករសជាតិ។

-ទឹកខ្មេះធ្វើពីផ្លែប៉ោម ៖ ការពិសាទឹកខ្មេះធ្វើពីផ្លែប៉ោមមួយស្លាបព្រាបាយក្នុងមួយថ្ងៃ មិនត្រឹមតែជួយសម្រកទម្ងន់ ប៉ុណ្ណោះទេ ប៉ុន្តែទឹកខ្មេះធ្វើពីផ្លែប៉ោម នៅសម្បូរដោយអង់ហ្ស៊ីម សារធាតុរ៉ែ អាស៊ីដអាមីណូ ដែល ជួយសម្លាប់មេរោគបាក់តេរី ក្នុងរាងកាយ។ ជាពិសេសកំណកកំបោរ និងបាក់តេរីដែលប្រមូលផ្តុំក្នុងមាត់ ដោយគ្រាន់ តែលាយទឹកខ្មេះធ្វើពីផ្លែប៉ោម ១ស្លាបព្រាកាហ្វេ ជាមួយទឹកស្អាតមួយកែវ ពិសាជាប្រចាំរាល់ថ្ងៃនឹងឃើញប្រសិទ្ធភាព ខ្ពស់។

-សារាយក្លរ៉េលឡា ៖ សម្បូរដោយសារធាតុក្លរ៉ូហ៊្វីល កាកសរសៃអាហារខ្ពស់ ជួយជំរុញការបន្ទោបង់ និងជួយកម្ចាត់ កាកសំណល់ក្នុងពោះវៀន ថែមទាំងជួយក្នុងការលូតលាស់ និងជួសជុលជាលិកាក្នុងរាងកាយ។ វីធីគឺ យកម្សៅសារាយ ២ស្លាបព្រាកាហ្វេ លាយជាមួយទឹកមួយកែវពិសាជាប្រចាំ៕

RELATED ARTICLES