
ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ក្រុមលោកកឹម សុខា អតីតមេបក្សប្រឆាំង រួមទាំងសហមេធាវីលោកកឹម សុខា បានលើកឡើងថា ដល់ពេលហើយ ដែលតុលាការ និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវទម្លាក់ចោលបទចោទលើលោកកឹម សុខា ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ ដើម្បីបង្រួបបង្រួមជាតិខ្មែរ ឲ្យមានឯកភាពជាតិ និងដើម្បីពង្រឹងមិត្តភាពជាមួយសហរដ្ឋអាមេរិក ឲ្យកាន់តែរឹងមាំថែមទៀត ស្របពេលដែលប្រទេសថៃ ដែលបាននិងកំពុងឈ្លានពានទឹកដីកម្ពុជា បង្កសង្គ្រាមនោះ តុលាការគេបានទម្លាក់ចោលបទចោទប្រមាថព្រះមហាក្សត្រ មកលើលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ ដែលបង្ហាញថា ថៃ ប្រើយុទ្ធសាស្រ្តបង្រួបបង្រួមផ្ទៃក្នុង ពេលដែលកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា ផ្ទុយពីកម្ពុជា នៅមិនទាន់រកឃើញឯកភាពជាតិ រវាងមេដឹកនាំបក្សកាន់អំណាច និងមេដឹកនាំប្រឆាំង ។
លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាជំនួយការលោកកឹម សុខា បានលើកឡើងតាមគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “តុលាការសៀម ទម្លាក់បទចោទទាំងអស់ប្រឆាំងនឹងលោកថាក់ស៊ីន គឺមានន័យពីរ ៖ ទី១-បង្ហាញពីការបង្រួបបង្រួមផ្ទៃក្នុងជាតិ ក្នុងគ្រាប្រទេសមានជម្លោះព្រំដែនជាមួយនឹងកម្ពុជា។ ទី២-បង្ហាញឱ្យឃើញថា តុលាការសៀម មិនសម្រេចកាត់ទោសតាមការចង់បានរបស់លោក ហ៊ុន សែន ដែលបានចោទលោកថាក់ស៊ីន ថាបានប្រមាថស្តេចសៀម។ នេះជាយុទ្ធសាស្រ្តឈ្នះ របស់សៀម ដែលមានចេតនាបង្រួបបង្រួមកម្លាំងផ្ទៃក្នុង ដើម្បីទប់ទល់ជាមួយខ្មែរ។ លោកថាក់ស៊ីន ប្រាកដណាស់ នឹងបកក្បាលមកខាំ សងសឹកលោកហ៊ុន សែន និងកម្ពុជា វិញ។ រីឯករណីព្យួរតំណែងនាយករដ្ឋមន្រ្តី នៃកូនស្រីរបស់លោកថាក់ស៊ីន ក៏ទំនងទម្លាក់ចោលផងដែរ»។

លោកមុត ចន្ថា បន្តថា “ខ្មែរវិញ គួរល្មមធ្វើការបង្រួបបង្រួមផ្ទៃក្នុង ដើម្បីពូនផ្តុំកម្លាំងជាតិ ទប់ទល់ជាមួយសៀមឈ្លានពាន។ ករណីចោទប្រកាន់មកលើឯកឧត្តម កឹម សុខា ភ្ជាប់ជាមួយអាមេរិក គួរតែទម្លាក់ចោល ដើម្បីប្រយោជន៍ពីរ គឺ ៖ ទី១-បង្រួបបង្រួមជាតិ និងឯកភាពជាតិខ្មែរតែមួយ ធ្វើឱ្យខ្មែរខ្លាំង។ ទី២-ស្តារនិងពង្រឹងទំនាក់ទំនងល្អឡើងវិញជាមួយនឹងសហរដ្ឋអាមេរិក ក្នុងគ្រាដែលយើងត្រូវការអាមេរិក ដើម្បីជួយបញ្ចប់សង្រ្គាមឈ្លានពាន បង្កឡើងដោយសៀម“ ។
លោកអ៊ុំ តារាវុឌ្ឍី អតីតសមាជិកក្រុមការងារខេត្តកណ្ដាល នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “មេដឹកនាំកម្ពុជា ដែលនិយមជាតិជាធំ តែងតែនិយាយជារឿយៗ ឲ្យខ្មែរ រួមគ្នាជាធ្លុងមួយ សំឡេងតែមួយ សាមគ្គីភាព ដើម្បីការពារអធិបតេយ្យជាតិខ្មែរ ។ ខ្មែរយើងទាំងអស់គ្នា ប្រឆាំងដាច់ខាតនូវអំពើឈ្លានពានរបស់សៀម (ថៃ) មកលើព្រះរាជាណាចក្រកម្ពុជា។ យើងយល់ថា ប្រជាពលរដ្ឋសៀម មានបំណងអាក្រក់ ដោយប្រមាថមកលើប្រជាពលរដ្ឋខ្មែរ។ ក៏ប៉ុន្តែជាការឆ្លុះបញ្ចាំង ក្នុងករណីដែលតុលាការធម្មនុញ្ញថៃ ដែលគាំទ្រដោយអំណាចអភិរក្សនិយម យោធានិងស្តេចថៃ ហើយតែងតែកម្ចាត់ត្រកូលថាក់ស៊ីន បែរជាពេលនេះ អនុគ្រោះ មិនផ្តន្ទាទោសថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ ទៅវិញ។ ការដែលលើកលែងទោសនេះ អាចបញ្ជាក់ឲ្យឃើញថា មេដឹកនាំដែលមានអំណាចថៃ គេតម្កល់ផលប្រយោជន៍ជាតិរបស់គេជាធំ ដោយប្រមូលផ្តុំកម្លាំងគ្នាគ្រប់និន្នាការ ដើម្បីប្រឆាំងនឹងកម្ពុជា និងដោយទុកបញ្ហាផ្ទៃក្នុងជាតិសាសន៍របស់គេ មួយអន្លើសិន ទោះបីគេមានទំនាស់ផ្ទៃក្នុងគេ ជាច្រើនទៀតក៏ដោយ។ ចុះយើង កម្ពុជា ខ្មែរ យ៉ាងម៉េចដែរ? កម្ពុជា យើងសមល្មមដល់ពេលវេលាហើយ គួរទម្លាក់បទចោទប្រកាន់ ដោយផ្ដល់នូវយុត្តិធម៌ជូនឯកឧត្ដមប្រធាន កឹម សុខា ឲ្យលោកមានសិទ្ធិសេរីភាពពេញលេញឡើងវិញហើយ។ នេះយើងមិនសរសើរពីសៀមឡើយ តែនេះហើយទើបគេពិតហៅថា គេស្រលាញ់ប្រទេសជាតិរបស់គេ ជាងស្រលាញ់អំណាចផ្ទាល់ខ្លួន ទើបគេអត់ឱនឲ្យគ្នា គេយកការផ្សះផ្សាជាតិ សាមគ្គីភាពជាតិរបស់គេពិត គេមិននិយាយតែមាត់នោះទេ។ សៀម (ថៃ) បានដើរមុនខ្មែរយើងហើយ យើងសង្ឃឹមថា មេដឹកនាំកម្ពុជា មិនទុកឲ្យហួសពេលឡើយ ចំពោះការផ្សះផ្សាជាតិយើង និងបង្ហាញពីគុណធម៌ក្នុងស្មារតីជាតិខ្មែរតែមួយ” ។

លោកសួន សូរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានលើកឡើងតាមតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ថា “ឯកភាពជាតិ តើថៃ ឬកម្ពុជា? ខ្មែរយើង ចាញ់ប្រៀបថៃ គ្រប់យ៉ាង ចំនួនពលរដ្ឋ សេដ្ឋកិច្ច យោធា តែមេដឹកនាំខ្មែរ ប្រកាសថា កម្ពុជា ឈ្នះថៃ ត្រង់ខ្មែរ មានឯកភាពជាតិ។ ឥឡូវនេះថៃ គេបានបង្ហាញឱ្យមេដឹកនាំកម្ពុជាមើលឃើញថា តើថៃ ឯកភាពជាតិ ឬកម្ពុជា មានការបែកបាក់ជាតិ? មកដល់ពេលនេះ លោកថាក់ស៊ីន ត្រូវបានតុលាការធម្មនុញ្ញ (កំពូល) ថៃ ប្រកាសឱ្យរួចខ្លួនពីបទចោទ «ប្រមាថព្រះមហាក្សត្រ»។ មហាជនថៃ និងមហាជនខ្មែរ មើលឃើញថា ការដែលតុលាការទម្លាក់បទចោទនេះ មិនមែនតុលាការរកអង្គហេតុ ភ័ស្តុតាងសម្រាប់ដាក់ទោសលើលោកថាក់ស៊ីន អត់មាននោះទេ គឺតុលាការថៃ យោធាថៃ ព្រះមហាក្សត្រថៃ គេទម្លាក់រឿងនេះ ដើម្បីបង្ហាញ «ឯកភាពជាតិថៃ»។ ចុះកម្ពុជា វិញ? លោកកឹម សុខា ជាប្រធានគណបក្សប្រឆាំងនៅកម្ពុជា ត្រូវបានចាប់ដោយចោទថា «គប់គិតជាមួយសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ហើយអ្នកនយោបាយប្រឆាំងដទៃទៀត ក៏ត្រូវចាប់ពីបទ «ញុះញង់បង្កអស្ថិរភាព អសន្តិសុខសង្គម» នៅបន្តជាប់គុកនៅឡើយ។ បើមេដឹកនាំកម្ពុជា មិនទម្លាក់ចោលការចោទប្រកាន់ដល់អ្នកនយោបាយប្រឆាំង ជាពិសេសលោកកឹម សុខា បានទេ នោះកម្ពុជា គេមើលមិនឃើញថា មាន «ឯកភាពជាតិខ្មែរ» ឡើយ“ ។
ជុំវិញបញ្ហានេះដែរ លោកផែង ហេង សហមេធាវីការពារក្ដីលោកកឹម សុខា បានលើកឡើងតាមគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ខ្ញុំមិនទាមទារឲ្យកម្ពុជាធ្វើតាមថៃទេ តែឲ្យអនុវត្តតាមព្រះរាជបន្ទូលសម្តេចឪ ព្រះបរមរតនកោដ្ឋ «ខ្មែររួបរួមសាមគ្គី ខ្មែរខ្លាំង (L’union c’est la force)» និងអនុវត្តរដ្ឋធម្មនុញ្ញ ត្រង់ចំណុចផ្សះផ្សាជាតិ និងឯកភាពជាតិ ដែលអ្នកនយោបាយខ្មែរ ច្រើនលើកមកនិយាយ ប៉ុន្តែសកម្មភាពមិនបានឆ្លុះបញ្ចាំង។ ឮសម្តេចធិបតី និយាយនិងអំពាវនាវថ្មីៗនេះដែរ ពេលតតាំងជម្លោះព្រំដែនថៃ កំពុងឈ្លានពាន ។ សង្ឃឹមថានឹងមានការអត់ឱន លើកលែងចោទប្រកាន់ឲ្យអ្នកនយោបាយមានមតិផ្ទុយ ដូចជាលោកកឹម សុខា ជាដើម” ។

លោកផែង ហេង បន្តថា “តាមមើលមិនមែនតុលាការ រកមិនឃើញទេ ព្រោះសម្តេចតេជោ ក៏បានជួយឲ្យតម្រុយបន្ថែមដែរ។ ប៉ុន្តែថៃ អាចមាននយោបាយជាតិនិយម ជាអាទិភាព។ ប្រជារាស្ត្រខ្មែរយើងបានបង្ហាញនូវស្មារតីជាតិនិយមរួចហើយ ហើយក៏បង្ហាញនូវការប្រឆាំងដាច់ខាតនូវអំពើឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែរ។ នៅឡើយតែអ្នកនយោបាយខ្មែរ នៅមិនទាន់គ្រប់ជ្រុងជ្រោយ។ អ្វីដែលគួរកត់សម្គាល់ គឺថាសៀម យោធានិងស្តេច តែងតែបង្ហាញនូវការកម្ចាត់ត្រកូលថាក់ស៊ីន ចេញពីនយោបាយ ហើយដើម្បីទប់ទល់លោកថាក់ស៊ីន បានរាប់អានសម្តេចតេជោ ក្នុងផលប្រយោជន៍ខ្លួន ធ្វើឲ្យពួកអភិរក្សនិងយោធា កាន់តែក្តៅក្រហាយ។ ប៉ុន្តែខណៈនេះ លោកថាក់ស៊ីន បានបង្វែរស្ថានការណ៍ឲ្យមានជាតិនិយមថៃ និងគាំទ្រពួកយោធា ស្រាប់តែតុលាការ មិនផ្តន្ទាទោសថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ នៅថ្ងៃនេះទេ។ នេះបញ្ជាក់ថា មេដឹកនាំដ៏មានអំណាចថៃ គេតម្កល់ផលប្រយោជន៍នៃការរួបរួមជាតិជាធំ បើទោះបីគេមានទំនាស់ផ្ទៃក្នុងជាច្រើនក៏ដោយ ដើម្បីបង្ហាញថា គេស្រឡាញ់ឯកភាពជាតិ ជាងអំណាចផ្ទាល់ខ្លួន គេអត់ឱនឲ្យគ្នា ដើម្បីផ្សះផ្សាជាតិ និងសាមគ្គីភាពជាតិពិតប្រាកដ“ ។
ស្របគ្នានេះដែរ លោកស្រីម៉េង សុភារី សហមេធាវីការពារក្ដីលោកកឹម សុខា មួយរូបទៀត បានលើកឡើងតាមគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ថា “យើងប្រឆាំងដាច់ខាតនូវអំពើឈ្លានពានរបស់ថៃ មកលើកម្ពុជា។ យើងយល់ថា ប្រជាពលរដ្ឋសៀម មានបំណងអាក្រក់ ដោយប្រមាថមកលើប្រជាពលរដ្ឋខ្មែរ។ ក៏ប៉ុន្តែជាការឆ្លុះបញ្ចាំង ក្នុងករណីដែលតុលាការធម្មនុញ្ញថៃ គាំទ្រដោយអំណាចអភិរក្សនិយម យោធា និងស្តេចថៃ ហើយតែងតែកម្ចាត់ត្រកូលថាក់ស៊ីន បែរជាពេលនេះអនុគ្រោះ មិនផ្តន្ទាទោសថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ អាចបញ្ជាក់ឲ្យឃើញថា មេដឹកនាំដែលមានអំណាចថៃ គេតម្កល់ផលប្រយោជន៍ជាតិគេជាធំ ដោយប្រមូលផ្តុំកម្លាំងគ្នាប្រឆាំងនឹងកម្ពុជា និងដោយទុកបញ្ហាផ្ទៃក្នុងជាតិសាសន៍គេ មួយអន្លើសិន ទោះបីគេមានទំនាស់ផ្ទៃក្នុងគេ ជាច្រើនទៀតក៏ដោយ។ នេះទើបគេហៅថា គេស្រឡាញ់ប្រទេសជាតិគេ ជាងស្រឡាញ់អំណាចផ្ទាល់ខ្លួន ទើបគេអត់ឱនឲ្យគ្នា ផ្សះផ្សាជាតិ សាមគ្គីភាពជាតិគេពិត មិននិយាយតែមាត់ទេ។ ចុះកម្ពុជា យើង?“ ។

ជាមួយគ្នានោះដែរ លោកចាន់ ចេន សហមេធាវីលោកកឹម សុខា មួយរូបទៀត បានលើកឡើងតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក ដូចគ្នានឹងសហមេធាវីទង២រូបខាងលើដែរ ដោយលោកបន្ថែមថា “ជាយោបល់របស់យើងខ្ញុំជាកូនខ្មែរ មានឈាមជ័រជាខ្មែរ ៖ ក្នុងកាលៈទេសៈដែលបរទេសកំពុងឈ្លានពានប្រទេសយើងបែបនេះ មេដឹកនាំប្រទេសយើង ត្រូវចេះអត់ឱនឲ្យគ្នា អធ្យាស្រ័យឲ្យគ្នា ដោយធ្វើការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ សាមគ្គីជាតិជាធ្លុងមួយ ឲ្យចេញជារូបរាងជាក់ស្តែងឡើង ដើម្បីទប់ទល់ជាមួយបរទេសឈ្លានពាន មិនត្រឹមតែនិយាយជាទ្រឹស្តីនោះទេ“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់សហការី និងសហមេធាវីលោកកឹម សុខា ខាងលើនេះ បានធ្វើឡើងក្រោយពីតុលាការថៃ បានចេញសាលក្រមសម្រេចថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ជាឪពុកលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃព្យួរតំណែង មិនមានទោសពីបទប្រមាថព្រះមហាក្សត្រ នោះទេ ហើយថែមទាំងពន្យល់ច្បាស់ៗអំពីហេតុផលនៅពីក្រោយសេចក្តីសម្រេចនេះទៀតផង ។
ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា យល់ថា ការទម្លាក់បទចោទលើអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជុំវិញសំណុំរឿងប្រមាថព្រះមហាក្សត្រថៃ ខាងលើនេះ បង្ហាញឱ្យឃើញពីបំណងរបស់ថៃ ក្នុងការប្រមូលផ្ដុំកម្លាំងគ្នាប្រឆាំងនឹងកម្ពុជា។
លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ថា “គំនិតគួរពិចារណា មាជ សុវណ្ណារ៉ា ៖ «រឿងថាក់ស៊ីន គ្មានទោស តើថៃ មានយុទ្ធសាស្រ្តអ្វីថ្មី ធ្វើបន្តទៀតមកលើកម្ពុជា?” ជាការឆ្លុះបញ្ចាំងនៃតុលាការធម្មនុញ្ញថៃ គាំទ្រដោយអំណាចពួកអភិរក្សនិយម ក្រុមអាមាត្យ យោធានិងស្តេចថៃ ដែលពួកគេតែងតែចិញ្ចឹមចិត្តតាមកម្ចាត់ត្រកូលថាក់ស៊ីន ហើយទីបំផុតបែរជាត្រូវបានអនុគ្រោះ មិនផ្តន្ទាទោសលោកថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រថៃ ដែលធ្វើឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិ សុទ្ធតែមិននឹកស្មានដល់? តើផ្លូវអំណាចតុលាការថៃ នេះ អាចបញ្ជាក់ឲ្យឃើញថា «មេដឹកនាំដែលមានអំណាចថៃ ពួកគេកំពុងលេងយុទ្ធសាស្រ្តអ្វី ប្តូរពីមិនធ្វើរដ្ឋប្រហារ មករកដំណោះស្រាយទំនាស់ផ្ទៃក្នុងជាតិថៃ នៃប្រទេសមួយ មានរដ្ឋបាលដឹកនាំពីរ (អំណាចរាស្រ្តស៊ីវិល និងអំណាចកងទ័ព ឥទ្ធិពលស្តេចថៃ) ដើម្បីតែតម្កល់ផលប្រយោជន៍ជាតិរបស់ពួកគេ ជាធំ ក្នុងការប្រមូលផ្តុំកម្លាំងគ្នាប្រឆាំងនឹងកម្ពុជា ដោយទុកបញ្ហានៃទំនាស់បែកបាក់ផ្ទៃក្នុងជាតិសាសន៍របស់គេ រក្សានៅមួយឡែកសិន? សំណួរសួរថា ដូច្នេះតើរវាងការស្រឡាញ់ប្រទេសជាតិ និងស្រឡាញ់អំណាចផ្ទាល់ខ្លួន នៃនិន្នាការបក្ស ឬគំនុំនយោបាយបុគ្គល តើមួយណាដែលចាំបាច់ ត្រូវអត់ឱនឱ្យគ្នា សន្តោស អធ្យាស្រ័យ យោគយល់ ផ្សះផ្សា បង្រួបបង្រួម សាមគ្គីភាព និងការឯកភាពជាតិគ្នា? ប៉ុន្តែបើទោះបីជាយ៉ាងក៏ដោយ យើងជាជាតិសាសន៍ខ្មែរ ដ៏ថ្លៃថ្នូរមួយ មានអរិយធម៌ខ្ពស់ ប្រឆាំងដាច់ខាតនូវរាល់អំពើឈ្លានពានរបស់ថៃ មកលើកម្ពុជា ខណៈប្រជារាស្រ្តថៃ ជ្រុលនិយម ពិសេសអ្នកដឹកនាំថៃ មានបំណងអាក្រក់មកលើកម្ពុជា ប្រមាថកាតទាន ជាន់ឈ្លីដល់ជាតិសាសន៍ខ្មែរ ឥតឈប់ឈរ ជាច្រើនជំនាន់ តើយើងជាខ្មែរ តាមរយៈការចាំបាច់នៃភាពសាមគ្គីគ្នាជាមួយការឯកភាពខ្មែរយើងដែរឬទេ? ប្រយោជន៍ដើម្បីរួបរួមគ្នាក្នុងការទប់ទល់ជាមួយនឹងសត្រូវបរទេស“ ។

លោកមាជ សុវណ្ណារ៉ា បានសរសេរបន្ថែម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ថា “ទស្សនៈ ! មាជ សុវណ្ណារ៉ា ៖ អតីតអន្តរការី ទៅនឹងការឆ្លុះបញ្ចាំងឆ្ពោះទៅរកក្តីសង្ឃឹមថ្ងៃមួយ «ខ្មែរនឹងដើរដល់ផ្លូវមិននឹកស្មានដល់?»! ការបង្រួបបង្រួមផ្ទៃក្នុងជាតិខ្មែរ ទៅនឹងការទប់ទល់នឹងសត្រូវបរទេសសៀមឈ្លានពាន រំលោភអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា តើអាចចេញពីការចាប់ផ្តើមនៃករណីលោក កឹម សុខា ផ្សារភ្ជាប់ទៅនឹងអ្វីដែលសហរដ្ឋអាមេរិក ចង់ឃើញ ក្នុងទំនាក់ទំនងការទូត ដែលមិនមែនជាការដាក់សម្ពាធ ឬក៏ឥទ្ធិពលនយោបាយគ្រប់ដណ្តប់ណាមួយឡើយ ក្រៅពីក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ចៀសវាងកុំឱ្យមានការបាក់មុខមាត់ដល់គ្នា ។ ការសម្របសម្រួលផ្នែកនយោបាយ ដើម្បីជាប្រយោជន៍កម្ពុជា ក្នុងចំណងមិត្តភាពការទូតដ៏ល្អប្រសើរ និងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាទ្វេភាគី ជាមួយសហរដ្ឋអាមេរិក ប្រកបទៅដោយភាពរលូននិងផ្លែផ្កា នាំមកនូវក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិខ្មែរ ដើម្បីពង្រឹងនិងពង្រីកភាពខ្លាំងនិងរឹងមាំដល់កម្ពុជា មាតុភូមិនៃយើង។ ហើយមិនតែប៉ុណ្ណោះ ការស្តារនិងកសាងទំនាក់ទំនងល្អឡើងវិញជាមួយនឹងសហរដ្ឋអាមេរិក ក្នុងគ្រាដែលយើងត្រូវការមហាអំណាចអាមេរិក ជួយបញ្ចប់នូវសង្រ្គាមឈ្លានពានបង្កឡើងពីសំណាក់កងទ័ពសៀមជ្រុលនិយម ខណៈដែលសហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្ត យោធាដ៏យូរអង្វែងនិងមានឥទ្ធិពលបំផុត ទៅលើសៀម តាំងពីអំឡុងកាលឆ្នាំ១៩៣២ មកម្ល៉េះ“ ៕ កុលបុត្រ