
ភ្នំពេញៈ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ដែលពេលនេះកំពុងស្ថិតនៅសហរដ្ឋអាមេរិក បានផ្ញើលិខិតក្រៅផ្លូវការមួយច្បាប់ ទៅកាន់ស្រ្តីទី១ នៃសហរដ្ឋអាមេរិក លោកស្រីមេឡានៀ ត្រាំ (Melania Trump) ដែលបង្ហាញនូវសក្ខីភាពនៃការដឹងគុណដ៏ជ្រាលជ្រៅរបស់ប្រជាជនកម្ពុជា ។

លិខិតរបស់លោកមាជ សុវណ្ណារ៉ា ចុះថ្ងៃ២២ ខែសីហា ឆ្នាំ២០២៥ មានខ្លឹមសារថា “សូមគោរពជូនលោកស្រី Melania Trump!
ខ្ញុំសរសេរសំបុត្រជូនលោកស្រី ក្នុងនាមជាពលរដ្ឋខ្មែរ-អាមេរិកាំង ដើម្បីថ្លែងអំណរគុណយ៉ាងស្មោះចំពោះលោកស្រី និងស្វាមីរបស់លោកស្រី គឺលោកប្រធានាធិបតី Donald Trump សម្រាប់ការខិតខំរបស់គាត់ ដើម្បីបញ្ឈប់សង្គ្រាមរវាងកម្ពុជា និងថៃ និងបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។
ការប្រយុទ្ធគ្នានេះ បានបណ្តាលឱ្យមានការជម្លៀសប្រជាពលរដ្ឋជាង ១៣៤០០០នាក់ នៅក្នុងប្រទេសកម្ពុជា ដែលនាំឱ្យមានការបិទផ្ទះ អាជីវកម្ម សាលារៀន មណ្ឌលសុខភាព និងការបង្កើតមជ្ឈមណ្ឌលជម្លៀស ។ ស្ត្រី និងកុមារកម្ពុជាត្រូវប្រឈមមុខនឹងការផ្លាស់ទីលំនៅ ការបាត់បង់អាយុជីវិត ការរំខានដល់ការអប់រំ និងការកើនឡើងនៃហានិភ័យនៃអំពើហិង្សា និងរបួស។ វាក៏នាំឱ្យមានការបិទសាលារៀនចំនួន ៦០០ នៅក្នុងខេត្តចំនួន ៥ ដែលធ្វើឱ្យកុមារប្រហែល ១៥០០០នាក់ គ្មានការអប់រំ ហើយក៏បានបណ្តាលឱ្យពលករចំណាកស្រុកកម្ពុជាមួយចំនួនធំ និងក្រុមគ្រួសាររបស់ពួកគេវិលត្រឡប់ពីប្រទេសថៃ ផងដែរ ។
ដូចដែលលោកស្រីបានដឹងហើយថា ប្រជាជនកម្ពុជា បានរងទុក្ខយ៉ាងក្រៀមក្រំពីប្រវត្តិសាស្ត្រដ៏ឈឺចាប់ និងបញ្ហាដ៏រ៉ាំរ៉ៃ។ ដូច្នេះហើយយើងសូមសរសើរលោកស្រី ហើយប្រធានាធិបតី Donald Trump នឹងនៅជាមួយយើងជានិច្ច ហើយគាំទ្រយើងក្នុងការដោះស្រាយបញ្ហាទាំងអស់នោះ ។
ខ្ញុំសូមជូនពរឱ្យលោកស្រីទទួលបានជោគជ័យដ៏អស្ចារ្យ “ ។

បន្ថែមលើលិខិតគោរពផ្ញើជូនលោកស្រីទី១ នៃសហរដ្ឋអាមេរិក ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ថា អ្វីដែលលោកចង់បង្ហាញទៅស្រ្តីទី១ នៃប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ គឺយើងផ្ដោតទៅនឹងបញ្ហាមនុស្សធម៌ ដើម្បីជួយទៅដល់សន្ដិសុខមនុស្សជាតិ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ ខ្ញុំគ្មានអីបញ្ជាក់ឲ្យវែងឆ្ងាយ ដូចអ្វីដែលខ្ញុំបានសរសេរ បានលើកបង្ហាញនៅក្នុងលិខិតរបស់ខ្ញុំទៅស្រ្តីទី១ ម៉ាលីនៀ ដូណាល់ ត្រាំ ហ្នឹងរួចហើយ គឺថា យើងអត់មានចង់ឲ្យអ្វីដែលលើសពីការពិតនៃប្រវត្តិសាស្រ្តអតីតកាលសង្រ្គាមបានកើតមានឡើង ដែលឈ្លានពានដោយថៃ ហើយធ្វើឲ្យវិនាសកម្ម ព្រាត់ប្រាស់និរាសខ្មែរ រងទុក្ខវេទនា របួស ស្លាប់ ផ្ទះសម្បែងត្រូវគ្រាប់កាំភ្លើង និងយន្តហោះទម្លាក់របស់សៀម មានចំណាកស្រុក ភៀសសឹក រាប់ម៉ឺនគ្រួសារ ក៏ដូចជាចោលស្រែ ចោលចម្ការ ទុក្ខវេទនាទៅនឹងបំណុលធនាគារ សុទ្ធតែជាសោកនាដកម្ម ដែលបង្កសង្រ្គាមដោយកងទ័ពសៀមជ្រុលនិយម ។ អ៊ីចឹងស្រុកមកវិញ អ្វីដែលខ្ញុំចង់បង្ហាញទៅស្រ្តីទី១ នៃប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ គឺយើងផ្ដោតទៅនឹងបញ្ហាមនុស្សធម៌ ដើម្បីជួយទៅដល់សន្ដិសុខមនុស្សជាតិ គឺក្មេងបាត់បង់ការរៀនសូត្រទៅដល់រាប់ពាន់នាក់ ហើយសាលាត្រូវបានបិទជាង៦០០សាលា ចាស់ជរា អ្នកពិការ ហើយនិងពលរដ្ឋបាត់បង់អាជីពស្រែចម្ការ មានជំងឺតម្កាត់អីជាដើម គឺថា រស់ដោយសារគេចពីសង្រ្គាម ការរំលោភបំពានអធិបតេយ្យភាព បូរណភាពទឹកដីពីសំណាក់ភាគីថៃ “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អាហ្នឹងហើយជាបញ្ហាដែលយើងចង់ឲ្យមានជំនួយមនុស្សធម៌ក្នុងនាមជាប្រទេសមហាអំណាច ដែលមើលឃើញអំពីទឹកចិត្តសប្បុរសធម៌ ទៅនឹងអ្វីដែលសង្រ្គាមវាបង្កនូវវិនាសកម្ម បំផ្លាញនូវប្រទេសជាតិបែបណាៗ គឺយើងចង់លើកទឹកចិត្តក្នុងនាមជាភរិយារបស់ប្រធានាធិបតី ដែលលោកប្រធានាធិបតីដូណាល់ ត្រាំ លោកបានចេញអន្តរាគមន៍ឲ្យបញ្ចប់ការធ្វើសង្រ្គាម បទឈប់បាញ់គ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយមានការចរចា ការជជែកគ្នានូវលក្ខខណ្ឌកិច្ចព្រមព្រៀងចំនួន១៣ចំណុច ដើម្បីកុំឲ្យមានការបង្កសង្រ្គាមជាថ្មី ប៉ុន្តែសៀមនៅតែគឃ្លើន នៅតែផ្គើនទៅនឹងច្បាប់អន្តរជាតិ នៅតែមិនគោរពបទឈប់បាញ់ រហូតដល់រាយលួសបន្លា ជីកលេណដ្ឋាន ធ្វើផ្លូវ កសាងរំលោភបំពានអធិបតេយ្យភាពកម្ពុជាអីជាដើម ហើយនៅថ្ងៃទី២៥ នេះ យើងឃើញ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទោះបីគណៈកម្មាធិការកិច្ចការព្រំដែនយោធភូមិភាគចរចាបានចប់ ហើយសន្យាថាមិនរំលោភបំពានគ្នា គោរពបទឈប់បាញ់គ្នាក៏ដោយ ប៉ុន្តែយើងឃើញកងទ័ពសៀមហ្នឹងចូលមករាយលួសបន្លាដល់ផ្ទះសម្បែងអ្នកភូមិ ក៏ដូចជាចម្ការអំពៅ ដែលជាទឹកដីរបស់ខ្មែរយើង ហើយធ្វើឲ្យពលរដ្ឋគាត់ទ្រាំមិនបានដែរ បាត់ទឹក បាត់ដី បាត់ផ្ទះសម្បែង គាត់ក៏ចាប់ផ្ដើមដេញកងទ័ពសៀម ដោយមិនខ្លាចស្លាប់ ទៅនឹងដំបង ជាមួយនឹងកាំភ្លើង វាមិនជារឿងងាយស្រួលទេ ។ អ៊ីចឹងហើយអានេះជាបញ្ហាដែលខ្ញុំចង់បង្ហាញទៅស្រ្តីទី១ហ្នឹង ឲ្យគាត់យល់នូវអ្វីដែលគាត់បានដឹងពីទិដ្ឋភាពបែបប្រវត្តិសាស្រ្តកាលពីសង្រ្គាមកន្លងមក ហើយនិងធម្មតាប្ដីប្រពន្ធគឺនៅក្បែរគ្នា តែងតែនិយាយ តែងតែប្រាប់ តែឲ្យគំនិតយោបល់ទាក់ទងទៅនឹងអ្វីដែលលិខិតខ្ញុំបានស្នើទៅអរគុណ និងធ្វើបទអន្តរាគមន៍ និងចង់ឲ្យមានជួយផ្នែកធម៌ទៅដល់កុមារ ចាស់ជរា អ្នកពិការអីជាដើមហ្នឹង នេះគោលបំណងធំរបស់ខ្ញុំ “ ។
ជុំវិញការផ្ញើលិខិត របស់លោកមាជ សុវណ្ណារ៉ា ជូនភរិយាលោកដូណាល់ ត្រាំ ដូចខាងលើនេះដែរ លោកហ្គារី ហ្រ្វែនឈី ប្រធានឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន បានលើកឡើងថា នេះមិនមែនគ្រាន់តែជាលិខិតនោះទេ វាគឺជាការទទួលស្គាល់ជាប្រវត្តិសាស្ត្រពីបុរសម្នាក់ដែលបានស៊ូទ្រាំនឹងការបៀតបៀនចំពោះការហ៊ាននិយាយការពិត ដែលឥឡូវនេះជំរុញឱ្យមេដឹកនាំរបស់អាមេរិករក្សានៅខាងកម្ពុជា។

លោកហ្គារី ហ្រ្វែនឈី បានបង្ហោះលិខិតរបស់លោកមាជ សុវណ្ណារ៉ា នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “ សំឡេងខ្លាំងពូកែនិយាយ!
សំបុត្រនេះ សរសេរទៅកាន់ជំទាវទីមួយ Melania Trump ដោយលោក មាជ សុវណ្ណារ៉ា ដែលជាអ្នកនយោបាយខ្មែរដ៏ល្បី អតីតអ្នកទោសនយោបាយ និងជាពលរដ្ឋអាមេរិក គឺជាសក្ខីភាពដ៏ជ្រាលជ្រៅចំពោះការដឹងគុណរបស់ប្រជាជនកម្ពុជា។
សុវណ្ណារ៉ា ដែលបានតស៊ូដើម្បីសេរីភាពនៃការបញ្ចេញមតិ និងគោលការណ៍ប្រជាធិបតេយ្យអស់រយៈពេលជាយូរមកហើយ បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald J. Trump សម្រាប់អន្តរាគមន៍ដ៏មុតស្រួចរបស់គាត់ដែលបានបញ្ឈប់សង្រ្គាមកម្ពុជា-ថៃ និងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។
នៅក្នុងលិខិតដ៏ស្មោះស្ម័គ្ររបស់លោក សុវណ្ណារ៉ា រៀបរាប់ពីផលប៉ះពាល់ដ៏សាហាវនៃការឈ្លានពានរបស់ប្រទេសថៃ៖
-ប្រជាជនកម្ពុជាចំនួន ១៣៤,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ។
-សាលារៀនចំនួន 600 ត្រូវបានបិទដោយបន្សល់ទុកកុមារ 15,000 ដែលគ្មានការអប់រំ។
-ផ្ទះអាជីវកម្ម និងមណ្ឌលសុខភាពត្រូវបានបំផ្លាញ។
-ពលករចំណាកស្រុក និងក្រុមគ្រួសារត្រូវបានបង្ខំឱ្យមានភាពចលាចល។
ទន្ទឹមនឹងការរងទុក្ខនេះ លោកបានសរសើរប្រធានាធិបតី Trump និងជំទាវទី១ ចំពោះការគាំទ្រឥតងាករេ ដោយអំពាវនាវឱ្យពួកគេបន្តឈរជាមួយប្រជាជនកម្ពុជា។
នេះមិនមែនគ្រាន់តែជាលិខិតនោះទេ វាគឺជាការទទួលស្គាល់ជាប្រវត្តិសាស្ត្រពីបុរសម្នាក់ដែលបានស៊ូទ្រាំនឹងការបៀតបៀនចំពោះការហ៊ាននិយាយការពិត ដែលឥឡូវនេះជំរុញឱ្យមេដឹកនាំរបស់អាមេរិករក្សានៅខាងកម្ពុជា។
ប្រវត្តិសាស្រ្តកំពុងលាតត្រដាង។ សំឡេងដែលធ្លាប់ស្ងាត់ ឥឡូវបានរួបរួមក្នុងការដឹងគុណ “ ៕