Monday, September 8, 2025
Homeព័ត៌មានជាតិមេបក្សជំនាន់ថ្មី បង្ហាញឯកសារ ទីតាំងទាហានថៃ ឈ្លានពានរាយលួសបន្លា ជាទឹកដីកម្ពុជា

មេបក្សជំនាន់ថ្មី បង្ហាញឯកសារ ទីតាំងទាហានថៃ ឈ្លានពានរាយលួសបន្លា ជាទឹកដីកម្ពុជា

ភ្នំពេញ ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានបង្ហាញឯកសារទាក់ទងនឹងទីតាំងដែលទាហានថៃ បានឈ្លានពានទឹកដីកម្ពុជា រាយលួសបន្លា ព័ទ្ធយកដីផ្ទះប្រជាពលរដ្ឋខ្មែរ នៅចំណុចភូមិព្រៃចាន់ (ណងចាន់) និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទឹកដីតំបន់នោះ គឺស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ធ្លាប់គ្រប់គ្រងដោយក្រុមអ្នកតស៊ូ ជនជាតិខ្មែរ កាលពីឆ្នាំ១៩៧៩ ប៉ុន្តែភាគីសៀម (ថៃ) បែរជាអះអាងថា ភូមិណងចាន់ ជាទឹកដីរបស់ខ្លួន ។

លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ខ្ញុំបង្ហាញឯកសារស្រាវជ្រាវរបស់ខ្ញុំ តបតអភិបាលខេត្តសៀម (ស្រះកែវ) ដែលថា ទឹកដីភូមិណងចាន់ ជាទឹកដីរបស់ខ្លួន។ ខ្ញុំជាអតីតជនភៀសខ្លួនខ្មែរម្នាក់ ធ្លាប់បានរស់នៅក្នុងទឹកដីអតីតជំរំណងចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបាត់ដំបង (បន្ទាយមានជ័យ) ក្នុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១ មុនកងទ័ពយួន វាយបែកជំរំ ជម្លៀសទៅរស់នៅតំបន់ព្រៃចាន់ នៅឆ្នាំ១៩៨២ ហើយរហូតទាល់តែកងទ័ពយួន វាយបំបែក បោសសម្អាតជំរំអ្នកតស៊ូអស់ក្នុងទឹកដីខ្មែរ ជាចុងក្រោយបង្អស់ ក្នុងឆ្នាំ១៩៨៥ គឺជនភៀសខ្លួនខ្មែរ ត្រូវអង្គការ UNHCR និង UNBRO ដឹកជញ្ជូនទៅរស់នៅក្នុងជំរំលើទឹកដីថៃ (លើកលែងតែកងទ័ពខ្មែរ តស៊ូក្រាញននៀលបង្កើតសមរភូមិតស៊ូនៅទឹកដីខ្មែរ)»។

លោកមាជ សុវណ្ណារ៉ា បន្តថា «ភូមិណងចាន់ គឺជាអតីតជំរំណងចាន់ ស្ថិតក្រោមការគ្រប់គ្រងដោយអតីតចលនាតស៊ូរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រជរបខ) ដឹកនាំដោយលោកតា សឺន សាន នាយឧត្តមសេនីយ៍ សក់ ស៊ុតសាខន និងឧត្តមសេនីយ៍ ដៀន ដែល ។ អតីតជំរំតស៊ូមួយនេះ ស្ថិតនៅខាងកើតភូមិថៃ (មើលផែនទីខាងក្រោម) ជំរំណងចាន់ ក្រោមការគ្រប់គ្រងផ្ទាល់ជាប្រធានជំរំ ដោយ ឧ. ជា រិទ្ធីឈុត សមាជិក រជរបខ ដែលមានប្រជាពលរដ្ឋខ្មែរ រស់នៅ ៣៦ ៥០០នាក់ ។  នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៨០ កងទ័ពសៀម បានប្រើកម្លាំងថ្មើរជើង ទាំងកាំភ្លើងធំ ទាំងយន្តហោះ បានវាយដុតបំផ្លាញជំរំណងចាន់ ដែលមានលោកកែវ កុត ជាប្រធានជំរំបណ្តោះអាសន្ន ខណៈនោះ លោក ជា រិទ្ធីឈុត បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខៅអ៊ីដាង ដោយរងរបួសពីការវាយប្រហារដោយកងទ័ពសៀម“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថា ភូមិជោគជ័យ ភូមិណងចាន់ ក៏ដូចជាភូមិព្រៃចាន់ សុទ្ធតែជាដីខ្មែរ ដែលមានខ្មែរអ្នកតស៊ូ មិនមែនត្រឹមប្រជាពលរដ្ឋនៅសព្វថ្ងៃហ្នឹងទេ ជួនកាលប្រជាពលរដ្ឋនៅសព្វថ្ងៃ ក៏ជាអតីតប្រជាជនជាជនភៀសខ្លួនខ្មែរដែរ ដែលនៅតាំងពីឆ្នាំ១៩៧៩ មក ។ ដូច្នេះបើថៃ ថាជាដីរបស់ខ្លួន ហេតុអ្វីក៏មិនទាមទារតាំងពីពេលនោះមក ហេតុអ្វីក៏ត្រូវមករាយបន្លាលួស ព័ទ្ធយកដីភូមិខ្មែរ ទាំងនេះ ហើយថាជាដីរបស់ខ្លួនទៅវិញ? ហើយរឿងអីភាគីថៃ ខ្លាចការដោះស្រាយគ្នានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា អ្វីៗយើងផ្អែកទៅប្រវត្តិសាស្រ្ត យើងផ្អែកទៅភូមិសាស្រ្ត និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាច្រើនទសវត្សរ៍មក ហេតុអីពីមុនយើងមិនទាមទារនូវបញ្ហាថា ទឹកដីកម្ពុជា ដែលថៃ រំលោភហ្នឹង រឿងអីមិនស្ងប់ស្ងាត់? ជាពិសេស ក្រោយពី១៩៧៩ មក មានអតីតជនភៀសខ្លួនខ្មែរ នៅតាមព្រំដែន តស៊ូច្បាំងជាមួយកងទ័ពយួន? ទឹកដីណងចាន់ ភូមិជោគជ័យ ភូមិណងចាន់ ក៏ដូចជាព្រៃចាន់ អីហ្នឹង សុទ្ធតែជាដីដែលមានខ្មែរ អ្នកតស៊ូ មិនមែនត្រឹមប្រជាពលរដ្ឋនៅសព្វថ្ងៃហ្នឹងទេ ជួនកាលប្រជាពលរដ្ឋនៅសព្វថ្ងៃក៏ជាអតីតប្រជាជន ជាជនភៀសខ្លួនខ្មែរដែរ នៅតាំងពីឆ្នាំ១៩៧៩ មក បើថាជាដីថៃ  ម៉េចក៏មិនទាមទារពីពេលហ្នឹងមក? នោះ! ហួសទៅ ៥-៦គីឡូទៀត ថៃ គេធ្វើទំនប់ ដើម្បីការពារ ខ្លាចលោយួន ច្បាំងទៅ រត់ចូលទៅដល់ទឹកដីរបស់គេទៀត។ ប៉ុន្តែឥឡូវហ្នឹង រឿងអីដែលគាត់មកទាមទារ? ពីមុន មិនទាន់មានផ្ទះសម្បែង នៅរត់លូន ម៉េចក៏មិនចូលមកដាក់ព្រំដែន នៅភូមិណងចាន់ ព្រៃចាន់ ហ្នឹង ដែលជាទឹកដីរបស់ខ្លួនទៅ? ដល់ពេលដែលយើងមិនច្បាស់លាស់ យើងរំលោភបំពានបែបណាៗ គឺយើងយកផែនទី ដែលគូសដោយបារាំង សន្ធិសញ្ញាបារាំង-សៀម នៅឆ្នាំ១៩០៤ ១៩០៧ មក យើងដឹងហើយ ហើយចាំបាច់ទៅធ្វើសង្គ្រាមអី ប្រសិនថា គោរពនូវព្រំដែនសន្តិភាព ព្រំដែនសហប្រតិបត្តិការនោះ ស្ថិរភាពព្រំដែន ទំនាក់ទំនងសេដ្ឋកិច្ច ជួញដូរព្រំដែន ទប់ស្កាត់បទឧក្រិដ្ឋផ្សេងៗ រឿងអីយើងទៅខ្លាចអី ភាគីថៃ? ទៅតុលាក្រុងឡាអេ ទៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទៅ ដោះស្រាយគ្នាទៅ វាចប់ហើយ ។ ដូចប្រាសាទព្រះវិហារ ដោះស្រាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ឃើញទេ មានអីបញ្ហា? បើទោះបីជាពួកសៀមជ្រុលនិយម មិនយល់ពីប្រវត្តិសាស្រ្ត ចង់រំលោភបំពានមកកម្ពុជា យើងឃើញច្បាំងនៅឆ្នាំ២០០៨-២០១១ រឿងអីក៏នៅជជែកគ្នាបាន ទាក់ទៅនឹងការគោរពសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ? ចុះឥឡូវនេះ រឿងអី? ប្រទេសជិតខាង ភាតរភាព ឲ្យមានស្ថិរភាព ឲ្យមានសន្តិភាពជាមួយគ្នា នៃរបងព្រំដែន រឿងអីយើងចាំទៅបង្កសង្រ្គាម? បើយើងគិតថាជាមិត្តភាពប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា យើងទៅតុលាការយុត្តិធម៌អន្តរជាតិ ទៅ ស្វែងរកការពិតទាំងអស់គ្នាទៅ ហើយការសម្រេចចិត្តបែបណា នៅលើការសិក្សាស្រាវជ្រាវស៊ើបអង្កេតរបស់តុលាការយុត្តិធម៌អន្តរជាតិទៅ ចេញសាលក្រមមក យើងគោរពទៅ វាចប់បាត់ហើយ ។ អាហ្នឹងហើយដែលយើងថា ជាដីកម្ពុជា តាមអង្គហេតុ អង្គច្បាប់ហ្នឹងទៅ“ ៕

សូមបញ្ជាក់ថា ក្នុងពេលកម្ពុជា និងថៃ កំពុងអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងហាមចល័តទ័ព បំពានចូលទៅទឹកដីភាគីម្ខាងៗ ដើម្បីស្ដារស្ថានភាពព្រំដែនឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពវិញនោះ ក្រោយភាគីទាំងពីបានចុះកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នោះមក ភាគីថៃ មិនបានអនុវត្តឲ្យបានពេញលេញនោះទេ ទោះបីជាទាហានថៃ មិនបានបង្កការផ្ទុះអាវុធជាថ្មី តែពួកគេបានរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ ជាបន្តបន្ទាប់ ដោយបានចូលមកឈ្លានពានទឹកដីកម្ពុជា រាយលួសបន្លា ព័ទ្ធយកដីផ្ទះប្រជាពលរដ្ឋកម្ពុជា នៅតាមព្រំដែន ដូចជាលើកគ្នាចូលមករាយលួសបន្លា និងកង់ឡាន នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ និងបន្តសកម្មភាពឈ្លានពានបែបនេះ ជាបន្តបន្ទាប់ រហូតមានប្រតិកម្មតវ៉ា ទប់ស្កាត់ពីប្រជាពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ អាជ្ញាធរថៃ ខេត្តស្រះកែវ ដែលឈមនឹងខេត្តបន្ទាយមានជ័យ របស់កម្ពុជា បានព្រមានពលរដ្ឋខ្មែរ ជាម្ចាស់ដីថា ប្រសិនបើហ៊ានចូលទៅលើដីផ្ទះរបស់ពួកគាត់ដែលត្រូវទាហានថៃ រំលោភយកនោះ នឹងចាត់ទុកជាបទល្មើស ដែលត្រូវមានទោសជាប់គុក ៧ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៧ម៉ឺនបាត ឬស្មើប្រមាណ ជាង២ពាន់ដុល្លារទៀតផង។

ជុំវិញករណីនេះ អភិបាលខេត្តបន្ទាយមានជ័យ របស់កម្ពុជា លោកអ៊ុំ រាត្រី បានផ្ញើលិខិតដាស់តឿនអភិបាលខេត្តស្រះកែវ របស់ថៃ ឲ្យយល់ស្គាល់ពីតួនាទីភារកិច្ចការងារដោះស្រាយបញ្ហាព្រំដែនប្រទេសទាំងពីរ ដោយ JBC & GBC ដែលបានកំណត់ក្នុង MOU ឆ្នាំ២០០០ និងគោលការណ៍ច្បាប់អន្តរជាតិ ជាធរមាន ។ លោកអភិបាលខេត្ត បានបញ្ជាក់ប្រាប់ទៅសមភាគីថៃ ថា ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពាន MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ព្រមទាំងស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ។

លិខិតរបស់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃអង្គារ ១០កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ គោរពជូនលោកអភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ក្នុងកម្មវត្ថុ ៖ ស្ដីពីករណីលិខិតខេត្តស្រះកែវ ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ កម្ពុជា និងខេត្តស្រះកែវ ថៃ ដោយយោង ៖ លិខិតលេខ សក.០០១៧.២/១៧៥ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ របស់សាលាខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ មានខ្លឹមសារថា «សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូនលោកអភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ជ្រាបថា យើងខ្ញុំទទួលរួចហើយនូវលិខិតលេខ ០០១៧.២/១៧៥ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ របស់ឯកឧត្តម ស្នើសុំកិច្ចសហការដោះស្រាយបញ្ហាលំនៅឋានប្រជាជននៅភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ជាប់គ្នានឹងស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តមថា បញ្ហាខាងលើនេះ គឺជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩៥ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ឆ្នាំ២០០០ (MOU ២០០០)។ ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥»។

លិខិតលោកអភិបាលខេត្តបន្ទាយមានជ័យ បន្តថា «ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការព្រំដែន និង MOU ២០០០ ក៏ដូចជាច្បាប់អន្តរជាតិ ព្រមទាំងការព្រមព្រៀងទាំងឡាយរបស់ប្រទេសទាំងពីរ ទាក់ទងនឹងកិច្ចការព្រំដែន ខ្ញុំសូមស្នើឱ្យឯកឧត្តម រក្សាស្ថានភាពព្រំដែន និងស្ថានភាពប្រជាជនកំពុងរស់នៅពេលបច្ចុប្បន្ន ហើយទុកកិច្ចការងារនេះ ជូនទៅ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានេះ ។ ខ្ញុំសង្ឃឹមជឿជាក់ថា បញ្ហាខាងលើនេះ នឹងមានដំណោះស្រាយល្អ ប្រកបដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំ GBC និង JBC នាពេលដ៏ខ្លីខាងមុខនេះ ។ អាស្រ័យហេតុនេះ សូមឯកឧត្ដមអភិបាលខេត្ត ជ្រាប“ ។

ដោយឡែក ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា បានបញ្ជូនលិខិតតវ៉ាជាផ្លូវការ របស់រាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្តងទៀត ជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយកងកម្លាំងយោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋខ្មែរ បាននិងកំពុងរស់នៅជាច្រើនទសវត្សរ៍មកហើយ ខាងលើនេះ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លេខ ថក ១៦/២០២៥ កបទ.សអ ចុះថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនលិខិតតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ជាថ្មីម្តងទៀត ជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយកងកម្លាំងយោធាថៃ នៅតំបន់ព្រំដែនគោកកម្ពុជា-ថៃ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋខ្មែរ បាននិងកំពុងរស់នៅជាច្រើនទសវត្សរ៍មកហើយ។

១. ការរាយបន្លាលួស សំណាញ់ របាំង និងកង់ឡាន ដោយយោធាថៃ កាលពីខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិចំនួនពីរ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង្កនូវទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនខ្មែរ ជាច្រើនគ្រួសារ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគេ និងកំពុងទន្ទឹងរង់ចាំដំណោះស្រាយស្ថានភាពនេះ។

២. នៅថ្ងៃទី២៦ និង២៨ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ Wanchana Sawasdee ប្រធានការិយាល័យសម្របសម្រួលបេសកកម្មសន្តិសុខជាតិ ក្រោមការដឹកនាំប្រតិបត្តិការយោធានៃកងទ័ពភូមិន្ទថៃ បានប្រកាសជាសាធារណៈនូវឱសានវាទឱ្យកម្ពុជា “ជម្លៀស” ពលរដ្ឋរបស់ខ្លួនចេញពីភូមិជោគជ័យ ក្នុងរយៈពេល ៣-៦ខែខាងមុខ បើពុំដូច្នោះទេ នឹងត្រូវប្រឈមមុខពីការបណ្តេញចេញដោយការប្រើប្រាស់កម្លាំង ពីសំណាក់យោធាថៃ។ ស្របពេលដែលអាជ្ញាធរថៃ បានដំឡើងផ្ទាំងបដាផ្សព្វផ្សាយប្រកាសខាងលើ អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ក៏បានផ្ញើលិខិតផ្លូវការ មួយច្បាប់ ទៅកាន់អភិបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធបញ្ហានេះផងដែរ។

៣. រាល់សកម្មភាពខាងលើ និងផែនការដែលបានប្រកាសក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋថៃ លើតំបន់ដែលពលរដ្ឋខ្មែរ រាប់រយគ្រួសារ បាននិងកំពុងរស់នៅ រាប់ទសវត្សរ៍មកនោះ បង្កឱ្យមានការព្រួយបារម្មយ៉ាងខ្លាំង ស្របនឹងការប៉ុនបងបោះបង្គោលព្រំដែនជាឯកតោភាគី តាមការប្រើប្រាស់មធ្យោបាយយោធា។ នេះគឺជាការរំលោភលើអាណត្តិការងាររបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងផ្ទុយពីស្មារតីនៃអនុស្សរណៈយោគយល់ឆ្នាំ២០០០ (MOU-2000) ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា-ថៃ កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្មារតីមិត្តភាព ចំពោះវិវាទព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបន្តការរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែន មិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងបង្ខំនោះទេ។

រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យភាគីថៃ រក្សាស្ថានភាពដូចដើម និងចូលរួមដោះស្រាយជម្លោះព្រំដែនខាងលើ តាមរយៈយន្តការ GBC និង JBC ដូចដែលភាគីទាំងពីរឯកភាពគ្នា»៕ កុលបុត្រ

RELATED ARTICLES