Thursday, September 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំងឺពងបែកដៃជើងនិងមាត់ ផ្ទុះកើតលើកុមារអាយុក្រោម៥ឆ្នាំ

ជំងឺពងបែកដៃជើងនិងមាត់ ផ្ទុះកើតលើកុមារអាយុក្រោម៥ឆ្នាំ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញការកើនឡើងនៃជំងឺពងបែក ដៃ ជើង និងមាត់នៅលើកុមារ ជាពិសេសកុមារមានអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យព្យាបាលសមស្របតាមមូលដ្ឋានសុខាភិបាល។

ក្រសួងសុខាភិបាល បានឱ្យដឹងថា ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស (entero viruses) ជាញឹកញាប់ គឺពួកវីរុសកុកសាគី (coxsackie virus) ភាគច្រើនកើតលើទារកនិងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យផងដែរ។

ជំងឺនេះក៏ជាជំងឺមួយអាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផងដែរ តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម (ទឹកមាត់ កំហាក និងសំបោរ) ទឹករងៃ ដែលចេញពីពងបែក លាមកអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្តាហ៍ទីមួយ។ ជំងឺពងបែកដៃ ជើង និងមាត់ មិនឆ្លងពីមនុស្ស ទៅសត្វ ឬពីសត្វ មកមនុស្សឡើយ។

រោគសញ្ញា ៖ – មានគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់ និងមានពងកន្ទួលលើបាតដៃ បាតជើង និងកំប៉ះគូទ។

– ជំងឺពងបែក ដៃជើង និងមាត់ ភាគច្រើនមានស្ថានភាពស្រាល អ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១០ថ្ងៃ ហើយកម្រមានផលវិបាកណាស់ (អ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកម្តៅ ថ្នាំបំបាត់ការឈឺចាប់ ដែលបណ្តាលមកពីពងបែកក្នុងមាត់ តែមិនត្រូវប្រើថ្នាំ អាស្ពីរីន (aspirin) ដើម្បីបញ្ចុះកម្តៅឡើយ)។

– ជាកម្រ ជំងឺពងបែក ដៃជើងនិងមាត់ អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួន រួមមាន រោគសញ្ញាប្រព័ន្ធប្រសាទ (សន្លឹម ប្រកាច់ ឬកន្ត្រាក់ដៃជើង) និងរោគសញ្ញាផ្លូវដង្ហើម (ពិបាកដកដង្ហើម ហត់)។

សូមបញ្ជាក់ ៖ អ្នកជំងឺដែលមានផលវិបាកធ្ងន់ធ្ងរខាងលើនេះ ត្រូវប្រញាប់បញ្ជូនជាបន្ទាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺ។

របៀបបង្ការ ៖ – ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក។

– លាងដៃកុមារ ឱ្យបានញឹកញាប់ ជាមួយទឹកនិងសាប៊ូ ឬជាមួយអាល់កុលជែល ជាពិសេសក្រោយប៉ះពងបែកឬដំបៅ មុនពេលរៀបចំអាហារ មុនពេលបរិភោគ មុនបញ្ចុកចំណីដល់ទារក ឬកុមារ ក្រោយប្រើប្រាស់បង្គន់អនាម័យ និងក្រោយប្តូរទ្រនាប់គូទទារក ឬជូតសម្អាតរាងកាយកុមារ។

– លាងសម្អាតផ្ទៃនិងរបស់ដែលប្រឡាក់ ដោយទឹកនិងសាប៊ូ។

– ចៀសវាងការប៉ះពាល់ស្និទ្ធស្នាល (ថើប ឱប ប្រើប្រាស់សម្ភារសម្រាប់បរិភោគរួមគ្នា៘)  ជាមួយកុមារដែលមានជំងឺពងបែកដៃ ជើង និងមាត់។

– ប្រើស្លាបព្រានិងចាន ដាច់ដោយឡែកសម្រាប់កុមារម្នាក់ៗ។

– សូមឱ្យកុមារនៅផ្ទះ នៅពេលមានជំងឺ កុំទៅសាលារៀន ឬមណ្ឌលទារកដ្ឋាន ឪពុកម្តាយនិងអ្នកថែទាំកុមារ ត្រូវរក្សាការប្រុងប្រយ័ត្នចំពោះរោគសញ្ញានៃជំងឺ ដើម្បីរកឱ្យឃើញទាន់ពេល ស្វែងរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែល នៅជិត ជាបន្ទាន់។ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃផលវិបាកជំងឺ។

– ផ្តល់អាហារដែលមានជីវជាតិច្រើន និងទឹក ឱ្យបានច្រើន ដល់កុមារ។

– សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន នៅពេលមានជំងឺពងបែកដៃ ជើង និងមាត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ…៕

RELATED ARTICLES