Friday, September 19, 2025
Homeព័ត៌មានជាតិលទ្ធផលបាក់ឌុប ជាប់៨៤,៥៦%

លទ្ធផលបាក់ឌុប ជាប់៨៤,៥៦%

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនប្រឡងជាប់ សរុប ១២២ ៤៧៣នាក់ ត្រូវជា ៨៤,៥៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ចុះថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារថា «ក្រសួងអប់រំ យុវជននិងកីឡា សូមជម្រាបជូនសាធារណជន ជ្រាបថា ៖ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមមណ្ឌលសំណេរ នៃរាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស។

ជាលទ្ធផល បេក្ខជនប្រឡងជាប់ សរុប ១២២ ៤៧៣នាក់ ត្រូវជា ៨៤,៥៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៣០០៣នាក់, ជាប់និទ្ទេស B ចំនួន ៩ ៩០១នាក់, ជាប់និទ្ទេស C ចំនួន ២៨ ៨០១នាក់, ជាប់និទ្ទេស D ចំនួន ៤៥ ៨៥៩នាក់ និងជាប់និទ្ទេស E ចំនួន ៣៤ ៩០៩នាក់»។

គួរបញ្ជាក់ថា បេក្ខជនចុះឈ្មោះប្រឡងបាក់ឌុប ឆ្នាំ២០២៥ នេះ មានចំនួនសរុប ១៤៦ ៧២០នាក់ (ស្រី ៨១ ៤៤២ នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ចំនួន ៤០ ៦៧៨នាក់ (ស្រី ២៤ ៥១៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ១០៦ ០៤២នាក់ (ស្រី ៥៦ ៩២៣នាក់)។

ក្រសួងអប់រំ បានបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងបាក់ឌុប ឆ្នាំ២០២៥ នេះ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមគោលការណ៍ “អ្នក ចេះ គឺជាប់”៕

RELATED ARTICLES