ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទម្នាក់ ដោយយោងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោកទៀ ប៊ុនស៊ុននុ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធបទឆបោកប្រាក់ប្រមាណជិត ១ម៉ឺនដុល្លារ ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ អំឡុងឆ្នាំ២០២៤។

ជនត្រូវចោទដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ួច សុខអាន ភេទប្រុស ឆ្នាំកំណើត១៥ ខែមិថុនា ឆ្នាំ១៩៨៩ និងមានលំនៅ ភូមិឯកភាព ឃុំព្រៃ វិហារ ស្រុកគងពិសី ខេត្តកំព់ស្ពឺ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួនជនត្រូវចោទខាងលើ ធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ពីជនរងគ្រោះម្នាក់ឈ្មោះ អ៊ួច ណារិន ដែលបានរៀបរាប់ថា គាត់បានចាញ់បោកឈ្មោះអ៊ួច សុខអាន និងបក្ខពួក ដោយពួកគេអះអាងថាមានសមត្ថភាពអាចរត់ការរឿងក្តី នៅតុលាការ គ្រប់ជាន់ថ្នាក់ ទោះបីតុលាការណា ក៏ពួកគេអាចដោះស្រាយបានដែរ រហូតដល់ជនរងគ្រោះជឿលង់ ក៏បានខ្ចីលុយគេ ប្រមាណជាង ១ម៉ឺនដុល្លារ ដើ ម្បីប្រគល់ឱ្យក្រុមជនឆបោកនេះ ក្នុងគោលបំណងឱ្យពួកគេជួយរត់ការដោះលែងកូនដែលជាប់ឃុំ។ ទីបំផុតលុយក៏បាត់ បំណុលក៏កើន កូនក៏ជាប់គុកដដែល ដែលករណីនេះបានបង្ហាញពីល្បិចកលរបស់ជនឆបោកដែលបានទាញយកផលប្រយោជន៍ពីភាពអស់សង្ឃឹមរបស់ប្រជាពលរដ្ឋ។

ជាមួយនេះ អាជ្ញាធរអំពាវនាវដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសចំពោះករណីរត់ការរឿងក្តី ហើយទុកចិត្តលើដំណោះស្រាយតាមផ្លូវច្បាប់ ជាជាងជឿជាក់លើជនខិលខូច៕