ភ្នំពេញ ៖ ស្ថានទូតបារាំង នឹងចាប់ផ្តើមបើកទ្វារទទួលសាធារណជន ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ក្នុងឱកាសទិវាបេតិកភណ្ឌ ដែលនឹងអនុញ្ញាតឱ្យអ្នកទស្សនា ស្វែងយល់ពីសំណង់អគារប្រវត្តិសាស្ត្រ ជាពិសេសចូលកម្សាន្តនៅក្នុងឧទ្យានស្ថានទូត ទំហំជិត៥ហិកតារ ដែលជាលំហបៃតងធំជាងគេមួយ នៅរាជធានីភ្នំពេញ ហើយក៏ជាទីកន្លែងមនោរម្យមួយសម្រាប់ស្រូបខ្យល់អាកាសបរិសុទ្ធ នៅកណ្តាលរាជធានី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ ថា ឧទ្យានស្ថានទូតបារាំង មានប្រព័ន្ធអេកូឡូហ្ស៊ីជីវៈចម្រុះ ជាមួយដើមឈើ ប្រមាណ២០០ដើម ស្ថិតក្នុង ៥០ប្រភេទខុសៗគ្នា និងពពួកសត្វចម្រុះ ជាង២៥០ប្រភេទ ក្នុងនោះមានថនិកសត្វ សត្វស្លាប ល្មូន ថលជលិកសត្វ និងសត្វល្អិតផ្សេងៗ ដែលត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌលម្អិត កាលពីពេលថ្មីៗនេះ។ សកម្មភាពនានាដែលត្រូវបានធ្វើឡើងដើម្បីអភិរក្សព្រៃឈើ និងសត្វក្នុងឧទ្យាន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំង ក្នុងការការពារបរិស្ថាន និងជីវៈចម្រុះ។ ក្រៅពីនេះ សាធារណជននឹងអាចទស្សនាកន្លែងចងចាំប្រវត្តិ សាស្ត្រមួយ នោះគឺអតីតទ្វាររបងរបស់ស្ថានទូត ដែលជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញ នៅខែមេសា ឆ្នាំ១៩៧៥ ហើយដែលត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃ។

ការទស្សនាស្ថានទូតបារាំង ធ្វើឡើងដោយមិនគិតថ្លៃ និងពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនា អាចនឹងមានច្រើន ជាពិសេស នៅពេលព្រឹក ដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។ ដោយសារហេតុផលសន្តិសុខ កាបូបធំៗ និងសម្ភារៈដែលអាចបង្កគ្រោះថ្នាក់ មិនអនុញ្ញាត ឱ្យយកចូលស្ថានទូតទេ។ ស្ថានទូតបារាំង រក្សាសិទ្ធិក្នុងការបន្ថយម៉ោងទស្សនា ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ឬខ្យល់បោកបក់ខ្លាំង។

បន្ទាប់ពីទិវាបេតិកភណ្ឌ ឧទ្យានស្ថានទូតបារាំង នឹងបើកជូនសាធារណជនចូលទស្សនាម្តងទៀត ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ពោលគឺនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសនៃការរៀបចំពិព័រណ៍ផ្សារបារាំង៕
