ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា ព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi) T2520 ដើរស្របនឹងគន្លងព្យុះទី១៨ ឈ្មោះ រ៉ាហ្គាសា (Ragasa)T2518។ ដោយឡែកព្យុះទី១៩ ឈ្មោះ នេហ្គោរី (Neoguri) T2519 បានបង្កើនឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងធនធានទឹក បានបញ្ជាក់ថា គន្លងផ្លូវដើររបស់ព្យុះទាំង៣នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណា ចក្រកម្ពុជា នោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ៖

១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២២អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣១អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ ក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៦០ភាគរយ។
២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ២៩អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៦ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរ មានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៧០ភាគរយ។
៣-តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២១អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣០អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៥ម៉ែត្រ ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសី ហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្រប់ដណ្តប់លើផ្ទៃដី ៥០ភាគរយ។ រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ៕