Thursday, September 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលង់ទឹកសមុទ្រឆ្នេរដើមឈើចាំស្នេហ៍ ស្លាប់៣

លង់ទឹកសមុទ្រឆ្នេរដើមឈើចាំស្នេហ៍ ស្លាប់៣

ខេត្តព្រះសីហនុ ៖ បុរស ៣នាក់ បាននាំគ្នាចុះលេងទឹកសមុទ្រ ស្របពេលដែលកំពុងមានខ្យល់បក់ខ្លាំង មានរលកធំៗ បណ្តាលឱ្យលង់ទឹកស្លាប់ទាំង៣នាក់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចឆ្នេរសមុទ្រ ដើមឈើចាំស្នេហ៍ ស្ថិតក្នុងខេត្តព្រះសីហនុ។

តាមប្រភពសមត្ថកិច្ចជំនាញ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បាននាំគ្នាចុះលេងទឹកសមុទ្រ ស្របពេលមានខ្យល់ខ្លាំង និងរលកធំៗ លុះបន្តិចក្រោយមក បណ្តាលឱ្យបុរសម្នាក់បានលង់ទឹក លុះឃើញបែបនេះ បុរស២នាក់ទៀត បានព្យាយាមនាំគ្នាចុះសង្គ្រោះ ស្រាប់តែអកុសលត្រូវបានរលកបោក បណ្តាលឱ្យលង់ទាំងអស់គ្នាតែម្តង។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ រួមមាន ទី១-ឈ្មោះម៉េន ម៉េត (រកសាកសពឃើញភ្លាមៗ)។ ទី២-ឈ្មោះអ៊ុន វិត (រកសាកសពឃើញនៅវេលាព្រលប់ថ្ងៃដដែល) និងទី៣-ឈ្មោះនឿន រ៉ានុត (រកសាកសពឃើញនៅវេលាម៉ោង ៨យប់ ថ្ងៃដដែល)។ ជនរងគ្រោះទាំង៣នាក់ មានលំនៅ ភូមិភ្នំតូច សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។

លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដែលដឹកនាំប្រតិបត្តិការរុករកជនរងគ្រោះដោយផ្ទាល់ បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងអំពាវសូមឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន កុំចុះលេងទឹកសមុទ្រ ពេលមានខ្យល់ឬរលកខ្លាំង។

សពជនរងគ្រោះទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES