Friday, September 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូ ធាក់អត់ឆេះ ជាប់ខ្នោះ

លួចម៉ូតូ ធាក់អត់ឆេះ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ បានចតទុកម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង នៅក្បែរផ្ទះ រួចចូលដេកលក់ ស្រាប់តែក្រោយមក មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូនោះបានសម្រេច តែធាក់អត់ឆេះ រួចព្យាយាមអូសបណ្តើរចេញ ស្រាប់តែម្ចាស់គេភ្ញាក់ដឹងខ្លួនទាន់ ដេញចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់។ករណីលួចម៉ូតូសណ្តោងរ៉ឺម៉កនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយ៉ន ភាព អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រៃឃ្នង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅក្នងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកម្ចាស់ម៉ូតូសណ្តោងរ៉ឹម៉ក មានឈ្មោះផាន់ សុខជា អាយុ៤៤ឆ្នាំ មុខរបរឡើងត្នោត មានលំនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅខេត្តព្រៃវែង ។

តាមប្រភពជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ គាត់បានទុកម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ នៅចំហៀងផ្ទះ បន្ទាប់មកក៏ចូលដេកក្នុងផ្ទះ។ រហូតដល់វេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ទើបភ្ញាក់ពីដេក រៀបចំចេញទៅឡើងត្នោតនៅស្រុកកំណើត ឯខេត្តព្រៃវែង ក៏ស្រាប់តែបាត់ម៉ូតូសណ្តោងរ៉ឺម៉ក។ ភ្លាមនោះ គាត់បានចេញតាមរក ក៏ឃើញជនសង្ស័យខាងលើ កំពុងអូសបណ្តើរម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ តាមផ្លូវបេតុង ទើបគាត់បានស្រែក ឆោឡោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាជួយដេញចាប់បាន រួចប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូសណ្តោងរ៉ឺម៉កនោះប្រាកដមែន ដោយពេលលួចបានហើយ បែរជាធាក់មិនឆេះ ទើបព្យាយាមអូសបណ្តើរគេចខ្លួន តែចុងក្រោយ ត្រូវម្ចាស់គេតាមទាន់ ចាប់ក្របួចជាប់តែម្តង។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES