ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការធ្វើបទបង្ហាញស្តីពីការវិវត្តនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បន្ទាប់ពីលោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយសមាជិកអង្គទូត ដែលមាននិវេសនដ្ឋានក្នុងនិងក្រៅប្រទេសកម្ពុជា ព្រមទាំងតំណាងមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្តីការធ្វើបទបង្ហាញស្តីពីការវិវត្តនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ
ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នោះ មានខ្លឹមសារទាំងស្រុងថា «នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយសមាជិកអង្គទូតដែលមាននិវេសនដ្ឋានក្នុងនិងក្រៅប្រទេសកម្ពុជា ព្រមទាំងតំណាងមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។ នៅក្នុងជំនួបនោះ ក៏មានវត្តមានចូលរួមរបស់តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោកជំទាវ អ៊ាត សោភា បានលើកឡើងថា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន នៅម៉ោង ២៤:០០ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងការឯកភាពគ្នារវាងភាគី កម្ពុជា និងថៃ លើលក្ខខណ្ឌនៃបទឈប់បាញ់ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជា បានខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួន រហូតសម្រេចបាននូវការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មា ធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ចំនួន៤ដង និងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូ ទៅ (GBC) ប្រកបដោយជោគជ័យ។ នៅក្នុងជំនួបទាំងនោះ កម្ពុជា តែងតែបានបង្ហាញនូវសុច្ឆន្ទៈក្នុងការស្វែង រកវិធានការជាក់ស្តែង ដើម្បីកាត់បន្ថយភាពតានតឹង លើកកម្ពស់ការជឿជាក់ ទៅវិញទៅមក និងស្តារឡើងវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសនិងប្រជាជនទាំងពីរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង លោកជំទាវ អ៊ាត សោភា បានជម្រាបជូនថា ក្រុម ការងារទទួល បន្ទុកកិច្ចការដោះមីនមនុស្សធម៌ និងក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន នៃប្រទេសទាំងពីរ បានជួប ពិភាក្សាគ្នា និងបានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួន ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) បានបញ្ជាក់ផងដែរថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសម្របសម្រួលជាមួយភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ឱ្យបានទាន់ពេលវេលា បើទោះបីជាភាគីថៃ មានការលំបាក ដោយសារការកែសម្រួលនិងការផ្លាស់ប្តូរថ្នាក់ដឹកនាំតាមបណ្តារយោធភូមិភាគរបស់ខ្លួនយ៉ាងណាក៏ដោយ។
បើទោះបីជាមានការវិវត្តជាវិជ្ជមាន គួរឱ្យកត់សម្គាល់ដូចបានរៀបរាប់ខាងលើ លោកជំទាវ អ៊ាត សោភា បានបង្ហាញពីការសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្តស្រះកែវ ក៏ដូចជាបណ្តាញព័ត៌មានថៃ មួយចំនួន បានបង្ហាញនិងផ្សព្វផ្សាយដល់សាធារណជន ជាតិនិងអន្តរជាតិ អំពីផែនទីរូបភាពផ្កាយ រណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់ឯកសារនិងព័ត៌មានទ្វេភាគីមួយចំនួន មិនត្រឹមតែយកមកបកស្រាយប្រាសចាកពីការពិតប៉ុណ្ណោះទេ ថែមទាំងយកមកធ្វើជាមូលដ្ឋានក្នុងការពង្រីកវិសាលភាពជម្លោះ និងបង្កឱ្យមានភាពតានតឹង តាមរយៈការបណ្តេញដោយខុសច្បាប់ ប្រជាពលរដ្ឋខ្មែរ ចេញពីផ្ទះនិងដីដែលពួកគាត់បានរស់នៅនិងអាស្រ័យផល ជាច្រើនទសវត្សរ៍មកហើយ។
ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ គណនី Facebook Page ឈ្មោះ “Royal Thai Army: Update” បានបង្ហោះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីដដែលនេះ ក្នុងគោលបំណងធ្វើឱ្យមានការភាន់ច្រឡំថា ប្រធានក្រុមការងារវាសវែងចម្រុះកម្ពុជា-ថៃ (ឯកឧត្តម ឡាយ សៀងលី និងវរសេនីយ៍ឯក ឆាខន ប៊ុនផាកឌី) បានចុះហត្ថលេខាទទួលស្គាល់ព្រំដែនជាផ្លូវការ នៅតំបន់ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលករណីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសបដិសេធព័ត៌មាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។
លោកជំទាវ អ៊ាត សោភា ក៏បានគូសបញ្ជាក់ផងដែរថា បើទោះបីជាផ្នែកទៅលើខ្សែមិនផ្លូវការ ដែលគូសនៅលើផែនទីរូបភាពផ្កាយរណប ជាឯកតោភាគីរបស់ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ និងចន្លោះបង្គោលព្រំដែនលេខ៤៤ ដល់បង្គោលលេខ៤៧ នេះក៏ដោយ ក៏អាចសង្កេតឃើញថា ការអង្កេតនៅលើដីជាក់ ស្តែង បានបង្ហាញនិងបញ្ជាក់ច្បាស់ថា ក៏មានការកាន់កាប់និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលមកកម្ពុជា វិញផងដែរ។
ដោយយោងទៅលើភាពស្មុគស្មាញ លោកជំទាវ អ៊ាត សោភា បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការដោះស្រាយបញ្ហាទាំងនេះ ឱ្យបានហ្មត់ចត់និងត្រឹមត្រូវ ព្រមទាំងទាមទារឱ្យគោរពទៅតាមកិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ ក្នុងន័យនេះ លោកជំទាវ បានស្នើឱ្យភាគីថៃ ចូលរួមជាមួយកម្ពុជា អនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុច ៨.១ ដែលភាគីទាំងពីឯកភាពគ្នាបញ្ជូនបញ្ហានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ទៅពិភាក្សានៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ដោយចាត់ទុកថា ជារបៀបវារៈអាទិភាព។
ជាមួយគ្នានេះ លោកជំទាវ អ៊ាត សោភា បានរំលឹកផងដែរថា កិច្ចប្រជុំពិសេសលើកទី១ ក៏បាន ប្រគល់ភារកិច្ចឱ្យអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ សម្របសម្រួលគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទនិងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ អាត សោភា បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តឥតងាករេ របស់កម្ពុជា ក្នុងការគោរពនិងអនុវត្តលក្ខខណ្ឌបទឈប់បាញ់ និងការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងទៅនេះ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រ ថៃ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក (MOU 2000) ដែលជាសន្ធិសញ្ញារវាងប្រទេសទាំងពីរ។
ជាទីបញ្ចប់ លោកជំទាវ អ៊ាត សោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់សមាជិក អង្គទូត ដែលមាននិវេសនដ្ឋានក្នុងនិងក្រៅប្រទេសកម្ពុជា និងតំណាងទីភ្នាក់ងាររអង្គការសហប្រជាជាតិ ទាំងអស់ ដែលតែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ និងជំរុញឱ្យភាគីទាំងពីរ ដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ចៀសវាងការប្រើប្រាស់និងការគំរាមប្រើប្រាស់កម្លាំង និងស្តារឡើងវិញនូវប្រក្រតីភាពនៃទំនាកទំនងឱ្យបានឆាប់រហ័ស ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ»៕ ខៀវទុំ