ខេត្តរតនគិរី ៖ ស្ថានភាពទឹកជំនន់ទឹកភ្លៀង បានបង្ករឱ្យរងផលប៉ពាល់ស្រុកចំនួន២ គឺស្រុកលំផាត់ និងស្រុកកូនមុំ ក្នុងនោះស្រុកលំផាត់ ប៉ះពាល់ចំនួន ៣ឃុំ មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៣៤៦៧គ្រួសារ និងស្រុកកូនមុំ ប៉ះពាល់ចំនួន ៥ឃុំ ប្រជាពលរដ្ឋរងផលប៉ះពាល់សរុប ចំនួន ៩៨៣គ្រួសារ។


អាជ្ញាធរ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពុងបន្តតាមដានស្ថានភាពទឹកជំនន់ យ៉ាងយកចិត្តទុកដាក់ និងបានសម្របសម្រួលជម្លៀសប្រជាជនដែលងាយរងគ្រោះ មិនមានមធ្យោបាយ ទៅកាន់ទីទួលសុវត្ថិភាព បានចំនួន ១៧៥គ្រួសារ។

តាមប្រភពរដ្ឋបាលខេត្តរតនគិរី ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពកម្ពស់ទឹកទន្លេ ស្រែពក លំផាត់ ស្ថិតក្នុងកម្ពស់ ១៣,៦៧ម៉ែត្រ ។

សូមបញ្ជាក់ នៅក្នុងគ្រោះទឹកជំនន់ នៅស្រុកទាំង២ នៃខេត្តរតនគិរីនេះ ពុំបានបង្កឱ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយអាជ្ញាធរ បន្តតាមដាន និងឆ្លើយតបបានទាន់ពេលវេលា ជម្លៀសប្រជាពលរដ្ឋរងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព៕




