ខេត្តពោធិ៍សាត់ ៖ លោកផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ថា កំណាត់ផ្លូវជាតិលេខ៥៥ (ចំណុចអន្ទង់អាំង) PK141+300 ដែលរងការបាក់ច្រោះដីធ្លាក់ភក់ ដើមឈើ និងថ្ម លើតួផ្លូវ រហូតដល់កាត់ផ្តាច់ចរាចរណ៍ រយៈពេលខ្លី រំខានដល់ការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋនោះ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ អាចបើកផ្លូវចរាចរណ៍មធ្យោបាយគ្រប់ប្រភេទបានឡើងវិញហើយ។

លោកផន រឹម បានបញ្ជាក់ថា ក្រុមការងារជំនាញផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធ ក្នុងខេត្ត បានចុះទៅដល់កន្លែងនោះភ្លាមៗ ដើម្បីអន្តរាគមន៍បើកផ្លូវ ធានាការតភ្ជាប់ឡើងវិញ សម្រួលដល់ការធ្វើដំណើរពលរដ្ឋ។

លោកផន រឹម បានបញ្ជាក់ទៀតថា ក្រុមការងារនៅបន្តធ្វើការទាំងភ្លៀងធ្លាក់ ដើម្បីកាយភក់ ដើមឈើ ដី ថ្ម កម្ទេចកម្ទី ចេញពីផ្លូវ កាយមុខទឹក ដោយធ្វើយ៉ាងណាឱ្យទីតាំងនោះ វិលមក រកស្ថានភាពដូចដើមវិញ៕