ខេត្តកណ្តាល ៖ បុរសជាអ្នកបញ្ជាគ្រឿងចក្រ (តៃកុងអាប៊ុល) ចំនួន២នាក់ បានធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូត យកទៅលក់ ចំនួន ៦កាន ស្មើនឹង១៨០លីត្រ លុះក្រោយមក មេការជាអ្នកគ្រប់គ្រងការដ្ឋានខ្សាច់ បានដឹង ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានបូមខ្សាច់ ១កន្លែង ស្ថិតក្នុងភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ។
ជនរងគ្រោះជាដើមបណ្តឹង មានឈ្មោះផេង សុធា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាមេការគ្រប់គ្រងការដ្ឋានបូមខ្សាច់ នៅទីតាំងកើតហេតុ មានលំនៅ ភូមិព្រែកជ្រូក សង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ។ ចំណែកជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះនេត សុភាន់ ហៅភា ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រ (អាប៊ុល) នៅក្នុងការដ្ឋានបូមខ្សាច់ខាងលើ មានលំនៅ ភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ និងទី២-ឈ្មោះលៀង ប៊ុតទ្រី ហៅរី ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រ (អាប៊ុល) នៅ ក្នុងការដ្ឋានបូមខ្សាច់ខាងលើ មានលំនៅ ភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ។
ចំពោះសម្ភារៈបាត់បង់ រួមមាន ប្រេងម៉ាស៊ូត ចំនួន៦កាន ក្នុង១កាន ស្មើនឹងចំណុះ៣០លីត្រ សរុបបាត់បង់ប្រេងម៉ាស៊ូត ១៨០លីត្រ។

តាមការបំភ្លឺរបស់មេការជាអ្នកគ្រប់គ្រងការដ្ឋានបូមខ្សាច់ខាងលើ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា តាំងពីកំឡុងខែតុលា ឆ្នាំ២០២៤ កន្លងទៅ ម្ចាស់ការដ្ឋាន បានជួលគ្រឿងចក្រ ប្រភេទអាប៊ុល ចំនួន៥គ្រឿង ដើម្បីសម្រួលការឆាយខ្សាច់ ប្រចាំថ្ងៃ នៅក្នុងការដ្ឋាន។ លុះមកដល់អំឡុងខែសីហា ឆ្នាំ២០២៥ ដោយមានការសង្ស័យទៅលើជនសង្ស័យជាតៃកុងអាប៊ុល ទាំង២នាក់ខាងលើ ដោយរាល់សកម្មភាពបើកយឺតៗខុសធម្មតា តែចំនួនប្រេងម៉ាស៊ូត បែរជាប្រើប្រាស់អស់ច្រើន ដោយក្នុងមួយថ្ងៃ ប្រើអស់រហូតចំនួន៧កាន (ស្មើនឹង២០១លីត្រ) ទើបអ្នកគ្រប់ គ្រង បានធ្វើការឃ្លាំមើលទៅលើសកម្មភាពរបស់ជនសង្ស័យជាតៃកុងបញ្ជាគ្រឿងចក្រ (អាប៊ុល) ទាំង២នាក់នោះ។

ប្រភពដដែល បន្តថា លុះមកដល់វេលាកើតហេតុ ដោយមានការសង្ស័យថា មានការលួចបូមប្រេង ទើបខ្លួនដែលជាអ្នកគ្រប់គ្រងក្នុងការដ្ឋាន បានទូរស័ព្ទប្រាប់ក្រុមការងារ ចំនួន២នាក់ទៀត ឱ្យទៅឆែកនិងត្រួតពិនិត្យមើលនៅជុំវិញគ្រឿងចក្រដែលពួកជនសង្ស័យកំពុងចតទុក ក៏បានប្រទះឃើញប្រេងម៉ាស៊ូត ចំនួន៦កាន កប់នៅក្រោមខ្សាច់។ បន្ទាប់មក ទើបជនរងគ្រោះរាយការណ៍មកសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ បាននាំខ្លួនជនសង្ស័យជាអ្នកបញ្ជាគ្រឿងចក្រ អាប៊ុល ទាំង២នាក់ យកមកធ្វើការសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានធ្វើសកម្ម ភាពលួចបូមប្រេងម៉ាស៊ូត ចេញពីគ្រឿងចក្រ យកទៅលក់ឱ្យអ្នកមិនស្គាល់ឈ្មោះ ជាអ្នកប្រកបរបរបើកទូកនេ សាទត្រី នៅទន្លេ ក្នុងប្រេង ១កាន លក់បានប្រាក់ចំនួន ៦ម៉ឺនរៀល។

ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង កម្លាំងជំនាញបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ចាត់ការបន្តតាមនីតិវិធី៕