ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការ ដឹកនាំស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ សហការជា មួយកម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះឡោមព័ទ្ធ បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន៣ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេស សរុបចំនួន២៤នាក់។

ប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យទីតាំងពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន២កន្លែង និងបង្ក្រាបទីតាំង ១កន្លែង នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ ដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវ ស៊ើបអង្កេត និងឃ្លាំមើលទីតាំងខាងលើ ប្រមាណ៣ខែ កន្លងមក។

ការបង្ក្រាប ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងគោលការណ៍ណែនាំពីលោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចង្អុលដឹកនាំដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ។

ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ចជំនាញបានរកឃើញជនបរទេស សរុបចំនួន២៤នាក់ (ស្រី៣នាក់) មាន៣ សញ្ជាតិ កំពុងស្នាក់នៅបម្រើការងារក្នុងទីតាំងខាងលើ និងបានដកហូតវត្ថុតាងដូចជា កុំព្យូទ័រយួរដៃ Tablet iPad ទូរស័ព្ទដៃ និង Sim card បរទេស ដែលជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជនសង្ស័យជាជនបរទេស ទាំង២៤នាក់ខាងលើ ត្រូវបាននាំខ្លួនមកនាយកដ្ឋានជំនាញ ដើម្បីបន្តនីតិវិធីសាកសួរ និងស្រាវជ្រាវកំណត់ស្វែង រកមុខសញ្ញាមេខ្លោង ដើម្បីអនុវត្តតាមនីតិវិធី៕