ខេត្តប៉ៃលិន ៖ ស្ត្រី ៣នាក់ ត្រូវបានសមត្ថកិច្ចខេត្តប៉ៃលិន ចាប់ឃាត់ខ្លួន បន្ទាប់ពីដើរផ្សព្វផ្សាយកុហកបោក ប្រាស់ និងរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ រាប់រយគ្រួសារ ដើម្បីឱ្យចូលធ្វើការងារនៅទីតាំងក្រឡុកស៊ីម៉ងត៍ អូររអិល ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ស្ត្រីសង្ស័យ ទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសើន ស្រីមុំ អាយុ៤៤ឆ្នាំ មុខរបរជាកម្មករ មានលំនៅ ភូមិអូរតាប្រាង សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ទី២-ឈ្មោះពៅ មិនា អាយុ២៥ឆ្នាំ មុខរបរជាកម្មករ មានលំនៅ ភូមិអូរតាពុក សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងទី៣-ឈ្មោះរស់ សុភាព អាយុ៥៧ឆ្នាំ មុខរបរជាកម្មករ មានលំនៅ ភូមិអូរតាពុក សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
តាមសេចក្តីរាយការណ៍ ឱ្យដឹងថា កាលពីព្រលប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋរាប់រយគ្រួសារ បានភ្ញាក់ផ្អើលនាំគ្នាមករាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានថា មានករណីឆបោក បានកើតឡើងនៅទីតាំងក្រឡុកស៊ីម៉ងត៍ អូររអិល ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានជនសង្ស័យមួយក្រុម បានដើរផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដោយពួកគេសន្យាថា រកការងារឱ្យធ្វើ នៅទីតាំងក្រឡុកស៊ីម៉ងត៍ ភូមិអូររអិល តែតម្រូវឱ្យបង់ប្រាក់មុន ក្នុងម្នាក់ ចំនួនចាប់ពី ៥ម៉ឺនរៀល ទៅ២០ម៉ឺនរៀល ដើម្បីជាថ្លៃចំណាយផ្សេងៗ។

ជនសង្ស័យបានដើរឆបោកប្រាក់ពីប្រជាពលរដ្ឋ បានប្រមាណ៤០០នាក់។ លុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការសង្ស័យ ប្រជាពលរដ្ឋ ២០០នាក់ បាននាំគ្នាទៅដល់ទីតាំងក្រឡុកស៊ីម៉ងត៍ អូររអិល ដើម្បីសួរព័ត៌មានពីអ្នកគ្រប់គ្រងនៅទីនោះ ស្រាប់តែបានចម្លើយមកវិញថា មិនមានការងារឱ្យបងប្អូនធ្វើទេ ហើយជន សង្ស័យមួយក្រុមដែលដើរប្រមូលលុយពីបងប្អូនប្រជាពលរដ្ឋ គឺជាជនឆបោកទេ។

ក្រោយពេលដឹងថា ករណីខាងលើនេះ ជាករណីចាញ់បោកស្ត្រីមួយក្រុមនោះ ប្រជាពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលជាអ្នកដើររៃអង្គាសលុយ ដើម្បីរកការងារឱ្យធ្វើ ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕