បាងកក (ថៃ)៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ តុលាការថៃ បានកាត់ទោសខ្មាន់កាំភ្លើង ឯកលក្ខណ៍ ផែណយ ឱ្យជាប់ពន្ធនាគារ អស់មួយជីវិត ពីបទបាញ់សម្លាប់លោក លិម គិមយ៉ា អតីតសមាជិកសភា នៃអតីតគណបក្សប្រឆាំងនៅកម្ពុជា នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ។

ក្រោយសំណុំរឿងឃាតកម្មលើលោក លិម គិមយ៉ា ត្រូវបានផ្អឹបទុកជិត ៩ខែ តុលាការថៃ នៅពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានបើកសវនាការលើសំណុំរឿងនេះ ដោយលោកស្រី លិម អាន ម៉ារី ភរិយាលោក លិម គិមយ៉ា បានរួមដំណើរជាមួយមេធាវីជនជាតិបារាំង មកចូលរួមក្នុងសវនាការរបស់តុលាការព្រហ្មទណ្ឌ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីឃាតកម្មលើស្វាមីលោកស្រី។

ឃាតករ ជនជាតិថៃ ឈ្មោះឯកលក្ខណ៍ ផែណយ បានប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសថៃ ពីបទឃាតកម្មគិតទុកជាមុន ប៉ុន្តែចៅក្រម បាននិយាយកាលនៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ថា តុលាការក្រុងបាងកក បានបន្ថយទោសរបស់ឃាតករ មកដាក់ពន្ធនាគារអស់មួយជីវិត។

លោក ណាដថាស៊ីរី បឺកម៉ែន (Nadhthasiri Bergman) មេធាវីរបស់លោកស្រី លិម អាន អាន ម៉ារី តំណាងជនរងគ្រោះ បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅតុលាការ នៅថ្ងៃទី៣ ខែតុលា នោះថា “Anne-Marie ប្រហែលជាពេញចិត្តនឹងសាលក្រមនៅថ្ងៃនេះ ប៉ុន្តែលោកស្រីនៅតែកំពុងសាកសួរថា តើអ្នកណាជាអ្នកបញ្ជាឱ្យប្រព្រឹត្តបទឧក្រិដ្ឋ? ពោលគឺលោកស្រីចង់ឲ្យមានការស៊ើបអង្កេតបន្ថែមទៀត»។
លោក ណាដថាស៊ីរី បឺកម៉ែន បាននិយាយថា “ពួកគេដឹងថាមានជនសង្ស័យបន្ថែមនៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលថៃ អាចជួយជំរុញដំណើរការធ្វើបត្យាប័នដើម្បីនាំពួកគេទៅកាន់តុលាការ”។
បើតាមមេធាវី Nadthasiri Bergman បានឲ្យដឹងដែរថា តុលាការព្រហ្មទណ្ឌថៃ បានកាត់ទោសប្រហារជីវិតលោកឯកលក្ខណ៍ ផែណយ ពីបទឃាតកម្មគិតទុកជាមុន ហើយក៏បានរកឃើញថា គាត់មានពិរុទ្ធពីបទកាន់អាវុធនិងបាញ់កាំភ្លើងនៅទីសាធារណៈ ។

លោក Nadthasiri បាននិយាយថា ចុងចោទ បានសារភាព ការកាត់ទោសប្រហារជីវិតត្រូវបានកាត់បន្ថយមកត្រឹមដាក់ពន្ធនាគារអស់មួយជីវិត និងត្រូវបានបញ្ជាឱ្យបង់សំណងចំនួន 1.79លានបាត (55,162ដុល្លារ) ដល់គ្រួសារជនរងគ្រោះផងដែរ។ ប៉ុន្តែតុលាការ បានច្រានចោលការចោទប្រកាន់លើជនជាប់ចោទទី២ ដែលជាជនជាប់ចោទជាជនជាតិថៃ ម្នាក់ទៀតដែលជាអ្នកបើករថយន្តដឹកឃាតករ មកកាន់ព្រំដែនកម្ពុជា បន្ទាប់ពីការបាញ់ប្រហារនេះ ដោយសារតែភស្តុតាងមិនគ្រប់គ្រាន់ ដែលថាគាត់ដឹងពីឧក្រិដ្ឋកម្ម។
គួររំលឹកថា លោក លិម គិមយ៉ា ត្រូវបានឃាតកបាញ់សម្លាប់នៅលើដងវិថីដ៏មមាញឹកមួយ ក្បែរវត្តមួយ ស្ថិតនៅចម្ងាយជាង ១គីឡូម៉ែត្រ ពីព្រះបរមរាជវាំងរបស់ថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងពេលដែលលោកបានធ្វើតាមរថយន្តក្រុង ចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ទៅដល់ក្រុងបាងកក ប្រទេសថៃ ជាមួយភរិយា ។

ក្រោយករណីឃាតកម្មនេះភ្លាមៗ ក្រុមអ្នកស៊ើបអង្កេតរបស់ថៃ បានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង គឺជាអតីតទាហានជើងទឹកថៃ ឯកលក្ខណ៍ ផែណយ ដែលបានរត់គេចខ្លួនចូលមកប្រទេសកម្ពុជា ហើយត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួននៅចំណុចឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ប្រគល់ឲ្យអាជ្ញាធរថៃ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ។ យ៉ាងណា ក្រោយនាំខ្លួនឡើងតុលាការ ចៅក្រម មិនបានផ្តល់ព័ត៌មានលម្អិតអំពីហេតុផលរបស់ឃាតករឬមេខ្លោងដែលអាចនៅពីក្រោយឃាតកម្មនោះទេ។ ចំណែកប៉ូលិសថៃ បាននិយាយកាលពីខែមករា ឆ្នាំ២០២៥ ថា ពួកគេក៏កំពុងស្វែងរកចាប់ខ្លួនជនជាតិខ្មែរម្នាក់ ដែលគេជឿថា ជាអ្នកនៅពីក្រោយឃាតកម្មនេះ។ ពួកគេបានកំណត់អត្តសញ្ញាណជនសង្ស័យជនជាតិខ្មែរ ពីរនាក់ គឺ លី រតនៈរស្មី ជាប់ចោទជួលប្រើខ្មាន់កាំភ្លើង និងឈ្មោះ ពេជ្រ គឹមស្រ៊ិន ជាអ្នកដែលបានជិះរថយន្តជាមួយជនរងគ្រោះ និងចង្អុលប្រាប់ឃាតករ។ ការកំណត់អត្តសញ្ញាណរបស់ប៉ូលិសថៃ ស្របទៅនឹងការសារ ភាពរបស់ឃាតករ ដែលថា មានជាប់ពាក់ព័ន្ធនឹងជនសង្ស័យ ជាជនជាតិខ្មែរ ពីររូបទៀត គឺពេជ្រ គឹមស្រ៊ិន ជាអ្នកប្រាប់ភិនភាគជនរងគ្រោះ និងលី រតនរស្មី ជាអ្នកប្រគល់លុយឲ្យឃាតករ តែមកដល់ពេលនេះ ជនសង្ស័យទាំងពីររូបនេះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ បើទោះបីមានដីកាចាប់ខ្លួន ចេញដោយតុលាការថៃ រួចហើយក៏ដោយ ៕ កុលបុត្រ