Monday, October 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតាំងខ្លួនជាព្រះបាទធម្មិក អាជ្ញាធរចុះបង្ក្រាប

តាំងខ្លួនជាព្រះបាទធម្មិក អាជ្ញាធរចុះបង្ក្រាប

ភ្នំពេញៈ បុគ្គលម្នាក់ បានតាំងខ្លួនជាព្រះពោធិសត្វ ព្រះបាទធម្មិករាជា ដោយបង្ហោះរូបថត និងវីដេអូសកម្មភាពលើបណ្តាញសង្គម ដើម្បីកៀរគរប្រជាពលរដ្ឋឱ្យមកទទួលការបំបួស និងសម្មាទាននិច្ចសីល (សីល៥) ពីខ្លួន និងថែមទាំងអង្គុយថតរូបលើផ្កាឈូក មានឆព្វណ្ណរង្សី រៀបចំអាសនៈព្រះពុទ្ធរូប ក្នុងផ្ទះ ខុសពីគោលការណ៍ពុទ្ធសាសនាទៀតផង។ ទីបំផុតត្រូវបានមន្ត្រីជំនាញធម្មការនិងសាសនា ព្រមទាំងកម្លាំង សមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាប អប់រំណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ដែលជាសានារបស់រដ្ឋ។

បុគ្គលដែលតាំងខ្លួនជាព្រះពោធិសត្វ ព្រះបាទធម្មិករាជា មានឈ្មោះច័ន្ទ យីពុន មានលំនៅក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

យោងតាមប្រភពក្រសួងធម្មការនិងសាសនា បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោកទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ ដឹកនាំក្រុមការងារ ចុះអប់រំណែនាំចំពោះ លោកច័ន្ទ យីពុន ដែលតាំងខ្លួនជា ព្រះពោធិសត្វ ព្រះបាទធម្មិករាជា ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកន្លងមកបានបង្ហោះរូបថត និងវីដេអូសកម្មភាពលើបណ្តាញសង្គម ដើម្បីកៀរគរប្រជាពលរដ្ឋឱ្យមកទទួលការបំបួស និងសម្មាទាននិច្ចសីល (សីល៥) ពីខ្លួន តាំងរូបថតអង្គុយលើផ្កាឈូកមានឆព្វណ្ណរង្សី រៀបចំអាសនៈព្រះពុទ្ធរូប ក្នុងផ្ទះ ខុសពីគោលការណ៍ពុទ្ធសាសនា ធ្វើឱ្យសង្គមមានការងឿងឆ្ងល់ និងប៉ះពាល់ដល់តម្លៃព្រះ ពុទ្ធសាសនា ដែលជាសានារបស់រដ្ឋ។

បន្ទាប់ពីក្រុមការងារបានធ្វើការអប់រំណែនាំ លោកច័ន្ទ យីពុន បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព លុបរាល់រូបថត វីដេអូដែលបានបង្ហោះលើបណ្តាញសង្គមនានា ចេញទាំងចាស់ទាំងថ្មី និងរុះរើអាសនៈព្រះពុទ្ធរូប រូបថត និងបដាតាំងនៅក្នុងផ្ទះ ដែលមិនប្រក្រតីនោះ ចេញទាំងអស់៕

RELATED ARTICLES