Monday, October 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូ៣ខេត្ត ១១ដង ជាប់ខ្នោះ៩

លួចម៉ូតូ៣ខេត្ត ១១ដង ជាប់ខ្នោះ៩

ខេត្តបាត់ដំបង ៖ ជនសង្ស័យ ១ក្រុម ដែលជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្ម ធ្លាប់ធ្វើសកម្មភាពតាមបណ្តាខេត្ត ចំនួន៣ បានសម្រេច ចំនួន១១លើក រួមនិងបក្ខពួកដែលជាអ្នកទទួលផលចោរកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំ នាញបើកប្រតិបត្តិការស្រាវជ្រាវ តាមឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន៩នាក់់ រឹបអូសបានម៉ូតូ ចំនួន១៥ គ្រឿង។

លោកឈឿង គឹមសុង ស្នងការរងនគរបាលខេត្តបាត់ដំបងទទួលផែនព្រហ្មទណ្ឌ បានឱ្យដឹងថា ក្រុមជន សង្ស័យដែលមានអ្នកប្រព្រឹត្តផ្ទាល់ និងអ្នកទទួលផលចោរកម្មទាំង៩នាក់នេះ ត្រូវបានលោកស្នងការ បញ្ជាឱ្យកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពី រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រោយបញ្ចប់ការសាកសួរ។ ក្នុងចំណោមក្រុមជនសង្ស័យទាំង៩នាក់ ក្នុងនោះ មាន ៣នាក់ ជាអ្នកទទួលផលចោរកម្ម។

លោកស្នងការរង បញ្ជាក់ថា ក្រុមនេះ ត្រូវបានកម្លាំងការិយាល័យជំនាញនៃស្នងការខេត្ត ធ្វើការស្រាវជ្រាវឃាត់ ខ្លួនបានជាបន្ត បន្ទាប់ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយមានកិច្ចសហការពីកម្លាំងជំនាញអធិការស្រុកភ្នំព្រឹក ស្រុកសង្កែ ខណៈអ្នកទទួលផលចោរកម្មម្នាក់ ត្រូវតាមចាប់ដល់ទឹកដីខេត្តកំពង់ស្ពឺ។

ក្រុមជនសង្ស័យទាំង៩នាក់ ដែលសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះហឿន រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក។ ទី២-ឈ្មោះអៀង មុន្នី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក។ ទី៣-ឈ្មោះចិត្ត ណាវី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក។ ទី៤-ឈ្មោះណែត ម៉េងងួរ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក។ ទី៥-ឈ្មោះខាន ប៊ុនរៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក។ ទី៦-ឈ្មោះថា ដាវិត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំ ព្រឹក។ ទី៧-ឈ្មោះហឿម ចាន់ថា ភេទប្រុស អាយុ៤៦ឆ្នាំ  រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក (អ្នកទទួលទិញ ផលចោរកម្ម)។ ទី៨-ឈ្មោះកាន គីម ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក (អ្នកទទួលទិញផលចោរកម្ម) និងទី៩-ឈ្មោះឡុង សុជា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំអង្គរ ពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (អ្នកទទួលទិញផល ចោរកម្ម)។ ចំពោះវត្ថុតាងដកហូត រួមមាន ម៉ូតូ ចំនួន១៥គ្រឿង និងស្លាកលេខម៉ូតូចំនួន២១សន្លឹក។

ជុំវិញអំពើចោរកម្មរបស់ក្រុមចោរខាងលើនេះ នៅចំពោះមុខសមត្ថកិច្ច ក្រុមនេះ បានផ្តល់ចម្លើយសារភាពទទួលស្គាល់កំហុសប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាព “លួចម៉ូតូ” ខាងលើនេះមែន។ ដោយឡែក ជនទទួលទិញផលចោរកម្ម ក៏បានទទូលស្គាល់ថា ពួកខ្លួនក៏បានទទូលទិញម៉ូតូពីក្រុមចោរនេះដែរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ក្រុមជនដៃដល់បានសារភាពទៀតថា បើតាមពួកគេនៅចងចាំខ្លះៗ និងរាប់ត្រូសៗ មានចំនួន ១១លើក ដែលពួកខ្លួនបានធ្វើសកម្មភាព “លួចម៉ូតូ”។ ក្នុងនោះ មានចំនួន៦លើក ប្រព្រឹត្តនៅខេត្តបាត់ដំបង ចំនួន៤លើក ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ និងចំនួន១លើក ប្រព្រឹត្តនៅទឹកដីខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង៩នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES