ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្តេញចេញនូវជនបរទេសពាក់ព័ន្ធនឹងបទល្មើសអនឡាញ ជាង១៥០០០នាក់ រួចទៅហើយ។

ថ្លែងបើកសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យានិងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋ មន្ត្រី ស សុខា បានថ្លែងរំលឹកថា កាលពីអាណត្តិទី៦ កម្ពុជា ក៏បានបណ្តេញចេញនូវបរទេសពាក់ព័ន្ធបទល្មើសអនឡាញ ជាង ២១០០០នាក់ ក្នុងមួយអាណត្តិ។
លោកបណ្ឌិត ស សុខា បានបញ្ជាក់ថា “ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី ព្រមទាំងសម្តេចក្រឡាហោម ស ខេង យើងបានបណ្តេញចេញជនបរទេសដែលពាក់ព័ន្ធអន ឡាញ ជាង ២១០០០នាក់ ក្នុងមួយអាណត្តិ។ ដោយឡែក ក្នុងនីតិកាលទី៧ នេះ គិតត្រឹមជាង២ឆ្នាំ នៃដើមអា ណត្តិទី៧ នេះ យើងបានបណ្តេញចេញប្រមាណជាង ១៥០០០នាក់ រួចទៅហើយ”។
ប្រមុខក្រសួងមហាផ្ទៃ បន្តថា ការបណ្តេញជនបរទេសទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលនីតិ កាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការងារបទល្មើសអនឡាញ។
លោកបណ្ឌិត ស សុខា ក៏បានលើកឡើងថា កិច្ចការងារបង្ក្រាបបទល្មើសអនឡាញ មិនមែនតែកម្ពុជា ម្នាក់ឯង ទទួលខុសត្រូវនោះទេ ដូច្នេះក្រសួងមហាផ្ទៃកម្ពុជា បានស្នើដល់បណ្តាប្រទេសនានា ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីរួមគ្នាបង្ក្រាបបទល្មើសអនឡាញ។
បើតាមលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការវិវត្តនៃការឆបោកបទល្មើសអនឡាញមានភាពជឿនលឿន បើធៀបនឹង៥ឆ្នាំមុន គឺមានលក្ខណៈខុសគ្នា។ ការឆបោកបទល្មើសអនឡាញ សម្រាប់ប្រទេសកម្ពុជា មិនមែនជាទីផ្សារសម្រាប់ក្រុមឧក្រិដ្ឋជននោះទេ គឺពិភពលោក ដូច្នេះត្រូវមានការចូលរួមទប់ស្កាត់ពីគ្រប់ភាគីពាក់ព័ន្ធ៕