Wednesday, October 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រូប្រដាល់ ដួលម៉ូតូស្លាប់ ម្តាយសង្ស័យឃាតកម្ម

គ្រូប្រដាល់ ដួលម៉ូតូស្លាប់ ម្តាយសង្ស័យឃាតកម្ម

ភ្នំពេញ ៖ បុរសម្នាក់ ជាគ្រូបង្វឹកប្រដាល់គុនខ្មែរ បានជិះម៉ូតូ ១គ្រឿង រេចង្កូតធ្លាក់ផ្លូវ ទៅបុករះគុម្ពោតព្រៃ នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែង លុះក្រុមគ្រួសារមកដល់ ពិនិត្យមើលស្ថានភាពជាក់ស្តែង សង្ស័យថាអាចជាអំពើឃាតកម្ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បុរសរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះជុំ សារ័ត្ន ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរគ្រូបង្វឹកប្រដាល់គុនខ្មែរ នៅក្លឹបប្រដាល់ ១កន្លែង ម្តុំភ្នំបាសិត ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-8558 (មិនមានពាក់មួកសុវត្ថិភាព) ធ្វើដំណើរក្នុងទិសដៅទិសកើត ទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ មិនដឹងថាមានបញ្ហាអ្វី ស្រាប់តែបានរេចង្កូតទៅបុករះគុម្ពោតព្រៃ ដែលដុះតាមចិញ្ចើមផ្លូវ បណ្តាលឱ្យដួលបោកក្បាល បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ មានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានជួយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យកន្លែងកើតហេតុ និងបានទាក់ទងផ្តលដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះ។

លុះបន្តិចក្រោយមក ឃើញនារីម្នាក់ អះអាងថាជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ បានមកដល់ ស្រែកទ្រហោ យំ និងបានទាក់ទងតាមទូរស័ព្ទប្រាប់ម្តាយ នៅឯងស្រុកកំណើតថា “គាត់ជិះចូលព្រៃ ស្លាប់នៅកន្លែងម៉ាក់ អើយ! ម៉ូតូអត់មានត្រូវអីទេ មនុស្សបោកក្បាល បែកតែ ក្បាល ហូរឈាមច្រមុះទេ ដៃជើងគាត់អត់មានត្រូវអីទាំងអស់”។ ភ្លាមនោះស្ត្រីជាម្តាយបានឆ្លើយមកកាន់កូនស្រីវិញថា “កូនអញមិនមែនគ្រោះថ្នាក់ចរាចរណ៍ទេកូនអើយ គេធ្វើឃាតហ្មង គេធ្វើឃាតទេកូនអើយ គឺមិនមានណាគ្រោះថ្នាក់ចរាចរណ៍ទេ ម៉ែអត់ជឿទេ… តែបើមានសាក្សី ឃើញថាដួលមែន ចឹងក៏ចឹងទៅកូន …”។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យដែលចុះមកពិនិត្យសព ដល់ទីតាំងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះរងរបួសធ្ងន់ត្រង់ក្បាល ផ្នែកខាងក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញ បានធ្វើកំណត់ហេតុ វាស់វែង និងយកម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES