Monday, October 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគាស់ផ្ទះនៅភ្នំពេញ ជាប់ខ្នោះនៅអង្គស្នួល

គាស់ផ្ទះនៅភ្នំពេញ ជាប់ខ្នោះនៅអង្គស្នួល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌសែនសុខ និងស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះ យកគ្រឿងអលង្ការ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបានព្យាយាមរត់គេចខ្លួន អស់រយៈពេល៤ថ្ងៃ។

ករណីគាស់ផ្ទះនេះ កើតឡើងកាលពីវេលាម៉ោង ០៩និង៤០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ រហូតមកដល់វេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចស្តុបកែងផ្សារបែកចាន នៅចំណុចភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ សិន ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះត្រោក រស្មី ភេទប្រុស អាយុ៣៦ឆ្នាំ មានលំនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចលុយ និងគ្រឿងអលង្ការ) នៅចំណុចផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើសកម្មភាពបានសម្រេច ជនសង្ស័យបានគេចខ្លួន ហើយជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចមូលដ្ឋាន។

លោកវរសេនីយ៍ឯក ម៉ម សាវន បន្តថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាផ្ទាល់ដោយឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយអធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គ ស្នួល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយឈានទៅឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង៥និង២០ នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចស្តុបកែងផ្សារបែកចាន ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គ ស្នួល ខេត្តកណ្តាល។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតគ្រឿងអលង្ការ និងប្រាក់មួយចំនួនផងដែរ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចពុំទាន់ឱ្យដឹងពីចំនួនគ្រឿងអលង្ការ និងប្រាក់ ដែលត្រូវជនសង្ស័យគាស់លួចយកនោះឡើយ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នាំខ្លួនមកសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES