ខេត្តប៉ៃលិន ៖ ជនជាតិថៃ ចំនួន៥នាក់ (ស្រី៣នាក់) បានធ្វើសកម្មភាពលួចឆ្លងដែន ចូលមកស្នាក់នៅនិងធ្វើការក្នុងទឹកដីខេត្តប៉ៃលិន ប្រទេសកម្ពុជា ដោយខុសច្បាប់ ត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅប្រទេសថៃ វិញ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពសមត្ថកិច្ចប្រចាំការនៅព្រំដែន បានឱ្យដឹងថា ជនជាតិថៃ ទាំង៥នាក់ បានលួចឆ្លងដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា តាមច្រកធម្មជាតិ (ច្រករបៀង) ដើម្បីមកធ្វើការនៅប្រទេសកម្ពុជា តែត្រូវបានកងកម្លាំងការពារព្រំដែន ស្ទាក់ចាប់ឃាត់ខ្លួនបាន ខណៈពេល ដែលពួកគេកំពុងធ្វើដំណើរដោយថ្មើរជើងឆ្លងព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

ប្រភពដដែល បន្តថា ដោយមានការចង្អុរបង្ហាញពីសំណាក់លោកស្រី បាន ស្រីមុំ អភិបាលខេត្ត ក្រុមការងារបានរៀបចំអាហារ និងកន្លែងស្នាក់នៅ ជូនជនជាតិថៃ ទាំងនោះ ព្រមទាំងធ្វើការទំនាក់ទំនងទៅភាគីថៃ ដើម្បីបញ្ជូនពួកគេទាំងនោះត្រឡប់ទៅប្រទេសថៃ វិញ ខណៈអត់មានលិខិតឆ្លងដែនត្រឹមត្រូវ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ទោះបីជាមានការបិទច្រកព្រំដែនកម្ពុជា-ថៃ និងស្ថានភាពនៅតាមបន្ទាត់ព្រំដែន មានភាពតានតឹងយ៉ាងណាក៏ដោយ ហើយទោះបីជាមានការបង្ក្រាបជាញឹក ញាប់ពីសំណាក់សមត្ថកិច្ចទាំងពីរប្រទេស ក៏បទល្មើសលួច ឆ្លងដែនខុសច្បាប់ នៅតែកើតមានឡើង រវាង ប្រជាជននៃប្រទេសទាំងពីរ ហើយលោកស្រី ក៏បានណែនាំដល់មន្ត្រីសមត្ថកិច្ចទាំងអស់ ដែលកំពុងប្រចាំការនៅក្បែរព្រំដែន ត្រូវយកចិត្តទុកដាក់យាមល្បាតឱ្យបានដិតដល់ និងមិនត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ឆ្លង ដែនខុសច្បាប់ ទៅធ្វើការនៅក្នុងប្រទេសថៃ ឡើយ ដើម្បីចៀសវាងកើតមានបញ្ហាគ្រោះថ្នាក់ណាមួយដល់ពួកគាត់៕
