Wednesday, October 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះស្រី២នាក់ ឆបោកប្រាក់ ប្រើរូបថតថ្នាក់ដឹកនាំ-ឧកញ៉ា

វ៉ៃខ្នោះស្រី២នាក់ ឆបោកប្រាក់ ប្រើរូបថតថ្នាក់ដឹកនាំ-ឧកញ៉ា

ភ្នំពេញ ៖ ស្ត្រីចំនួន២នាក់ បានបែកគំនិតប្រើប្រាស់រូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និងរូបថតលោកអ្នកឧកញ៉ា ជាច្រើនរូប មកធ្វើជាប្រហ្វាល់ ដើម្បីធ្វើការឆបោកជនរងគ្រោះ ដោយអូសទាញជនរងគ្រោះឱ្យដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការស្រាវជ្រាវឃាត់ខ្លួនទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេក វិទ្យា បានបើកការស្រាវជ្រាវលើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ដោយទទួលប្រាក់ចំណេញច្រើន ក្នុងរយៈពេលខ្លី។

ប្រភពដដែល បន្តថា ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ទី១-ឈ្មោះ ស.ស.ន ភេទស្រី និងទី២-ឈ្មោះ ស.ធ.ន ភេទស្រី។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យទាំង២នាក់នេះ បានពាក់ពន្ធ័និងការទិញ-លក់ គណនីតេឡេក្រាម ឱ្យទៅជនល្មើស និងបានយករូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និងរូបថតឧកញ៉ាជាច្រើនរូប មកធ្វើជាប្រហ្វាល់ ដើម្បីធ្វើការឆបោកជនរងគ្រោះ ដោយអូសទាញជនរងគ្រោះឱ្យដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាឲ្យបានច្បាស់លាស់ ពីប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញ ចៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិ ដោយប្រការណាមួយ៕

RELATED ARTICLES